បារាំង​ គ្រោង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​១៥៤​លាន​អឺរ៉ូ​ដល់​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៦-២០១៧

បារាំង​ គ្រោង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​១៥៤​លាន​អឺរ៉ូ​ដល់​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៦-២០១៧



ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​បារាំង ​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ គ្រោង​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន​១៥៤​លាន​អឺរ៉ូ​ដល់​កម្ពុជា ​សម្រាប់​ឆ្នាំ​២០១៦-២០១៧។
គម្រោង​ផ្តល់​ជំនួយ​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​មួយ​ស្ដីពី​ការវិវឌ្ឍន៍ ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​បារាំង​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៣​មីនា​កន្លងទៅ​ ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការចូលរួម​ពី​លោក ចែម វិទ្យា អនាគត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ និង​ស្ថាប័ន​ដៃគូ​របស់​ស្ថានទូត ​និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ជាច្រើន​ទៀត។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​មីនា​បាន​ឲ្យ​ដឹង​ថា ជំនួយ​របស់​បារាំង​ផ្តោត​លើ​វិស័យ​សំខាន់​២ ដែល​ស្ថិតនៅ​ក្នុងចំណោម​អាទិភាព​ នៃ​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​វិស័យ​សក្ដានុពល ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស។

ក្នុងន័យនេះ ប្រទេស​បារាំង​ បាន​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​នានា​ក្នុង​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ (​គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​លើ​ផ្ទៃដី​៥០.០០០​ហិកតា​) និង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​/​ទីក្រុង (​ក្នុង​នោះ​មានការ​ជួសជុល​ផ្លូវ​ជនបទ​ប្រវែង​១.២០០​គីឡូម៉ែត្រ ការ​ជួសជុល​ផ្សារ​ធំ​ថ្មី ការសាងសង់​ស្ថានីយ​ចម្រោះ​ទឹកស្អាត​ជ្រោយចង្វារ​ និង​និរោធ និង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​សាងសង់​ខ្សែ​កាប​បញ្ជូន​អគ្គិសនី​ដើម្បី​ពង្រឹង​បណ្ដាញ​ជាតិ​)។

ប្រទេស​បារាំង​ក៏បាន​គាំទ្រ​ផង​ដែរ​ដល់​គម្រោង​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​តាម​ទី​ជនបទ តាម​រយៈ​:​គម្រោង​អគ្គិសនី​កម្ម​ជនបទ ទឹក​ស្អាត ការ​គាំទ្រ​ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​មីក្រូហិរញ្ញវត្ថុ​បៃតង។

ម្យ៉ាងវិញទៀត ប្រទេស​បារាំង​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​កម្ពុជា​កំពុង​ត្រូវការ​ចាំបាច់ តាមរយៈ​ការ​គាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល​ផ្នែក​ឧត្ដម​សិក្សា​ ការស្រាវជ្រាវ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (​ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍ ​និង​វាយនភណ្ឌ​)។

ជាក់ស្ដែង និស្សិត​កម្ពុជា​៧.០០០​នាក់​ បាន​ចុះឈ្មោះ​សិក្សា​ថ្នាក់​ពិសេស​ជា​ភាសា​បារាំង​នៅ​តាម​សកលវិទ្យាល័យ​នានា​លើ​ផ្នែក​នីតិសាស្ត្រ សេដ្ឋកិច្ច វិទ្យាសាស្ត្រ​វិស្វករ និង​វេជ្ជសាស្ត្រ ខណៈ​ដែល​និស្សិត​កម្ពុជា​ជិត​៥០០​នាក់​ទៀត​កំពុង​តែ​បន្ត​ការសិក្សា​នៅ​តាម​សកលវិទ្យាល័យ​បារាំង ក្នុង​នោះ​និស្សិត​ជិត​១០០​នាក់​ទទួល​បាន​អាហារូបករណ៍​ផ្តល់​ដោយ​រដ្ឋាភិបាល​បារាំង ឬ​ស្ថាប័ន​ដៃគូ​បារាំង ដូចជា​សហគមន៍​អឺរ៉ុប និង​ទីភ្នាក់ងារ​សាកលវិទ្យាល័យ​នៃ​បណ្ដា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​។

ក្រៅពីនេះ មាន​វិស័យ​ពីរ​ទៀត​ដែល​បន្ត​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពិសេស​ពី​ប្រទេស​បារាំង គឺ​វិស័យ​វប្បធម៌​ និង​បេតិកភណ្ឌ ហើយ​នឹង​ការ​បណ្ដុះបណ្ដាល​កងទ័ព​មួក​ខៀវ​កម្ពុជា​។ ក្នុងន័យនេះ បារាំង​បន្តការងារ អភិរក្ស និង​ជួសជុល​បេតិកភណ្ឌ​អង្គរ (​បច្ចុប្បន្ន​បារាំង​កំពុង​ជួសជុល​ប្រាសាទ​មេបុណ្យ​បន្ទាប់ពី​ជួសជុល​ប្រាសាទ​បាពួន​នៅ​ឆ្នាំ​២០១១ និង​ធ្វើជា​សហប្រធាន ICC អង្គរ​) និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌ ​និង​ភាសា​តាមរយៈ​ព្រឹត្តិការណ៍​នានា​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដូចជា​មហោស្រព​សិល្បៈ​ទីក្រុង​នៅ​ភ្នំពេញ ឬ​ការ​បង្កើត​ទស្សនីយភាព​ថ្មីៗ​ដោយ​មាន​ការចូលរួម​ពី​សិល្បករ​កម្ពុជា និង​បារាំង​។ ទន្ទឹម​នឹង​នេះ​ដែរ បារាំង​បន្ត​ការគាំទ្រ​ដល់​ការ​បណ្ដុះ​បណ្ដាល​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ តាមរយៈ​ការ​បណ្តុះបណ្តាល​លើ​ការអនុវត្ត​ជាក់ស្តែង និង​ការបង្រៀន​ភាសា។

ដើម្បី​ដាក់ឲ្យ​ដំណើរការ​គម្រោង​អាទិភាព​របស់ខ្លួន ប្រទេស​បារាំង​អាច​ពឹង​ផ្អែកលើ​តួអង្គ​សកម្ម​ជាច្រើន​នៅ​កម្ពុជា ជាអាទិ៍ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដូចជា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​សាលា​បារាំង​ចុង​បូព៌ា សហគមន៍ មូលដ្ឋាន​បារាំង និង​អ្នកស្ម័គ្រចិត្ត​បារាំង​ជាច្រើន​(​ប្រហែល​៥០០​នាក់​ក្នុង​មួយ​ឆ្នាំ​)​ដែល​កំពុង​បំពេញការងារ​នៅ​តាម​អង្គការក្រៅរដ្ឋាភិបាល​បារាំង ​និង​កម្ពុជា​។ ស្ថាប័ន ​និង​អ្នកស្ម័គ្រចិត្ត​ទាំងនេះ​កំពុង​ផ្តល់​សេវា និង​ជំនាញ​ដល់​ប្រជាជន​តាម​មូលដ្ឋាន​ជា​រៀងរាល់ថ្ងៃ​។

សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បាន​បន្តទៀតថា​ ជា​រួម ប្រទេស​បារាំង ​គឺជា​ដៃគូ​សំខាន់​ឈានមុខ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា ទាំង​លើ​ផ្នែក​ហិរញ្ញវត្ថុ (​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បាន​សន្យា​ផ្តល់​ជំនួយ​៨០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៥​សម្រាប់​គម្រោង​នានា​នៅ​កម្ពុជា​) និង​ផ្នែក​ជំនាញការ​។
​ គួរ​បញ្ជាក់​ថា ជំនួយ​របស់​ប្រទេស​បារាំង​សម្រាប់​អភិវឌ្ឍន៍​សាធារណៈ​នៅ​តាម​ប្រទេស​នានា ជុំវិញ​ពិភពលោក​បាន​កើន​ឡើង​ដល់​១០,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​៕
បារាំង​ គ្រោង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​១៥៤​លាន​អឺរ៉ូ​ដល់​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៦-២០១៧