ជប៉ុន​ សង្ឃឹម​ក្នុង​ការ​នាំ​អ្នកវិនិយោគទុន​ និង​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​

ជប៉ុន​ សង្ឃឹម​ក្នុង​ការ​នាំ​អ្នកវិនិយោគទុន​ និង​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​



ភ្នំពេញ ៖ លោក KatsuichiYabunaka នាយក​កិច្ចការ​អន្តរជាតិ នៃ​ផ្នែក​ផែនការ និង​សាងសង់​អាកាស​យានដ្ឋាន​របស់​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ ជប៉ុន បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ពេល​ខាងមុខ​ឆាប់ៗ​នេះ​ នឹង​មាន​ជើង​ហោះហើរ​ភ្ជាប់​ដោយ​ត្រង់​ពី​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា​តែម្ដង ហើយ​តាម​រយៈ​ការហោះហើរ​ដោយ​ភ្ជាប់​ត្រង់​នេះ ​នឹង​អាច​នាំ​យក​អ្នក​វិនិយោគទុន​ និង​ភ្ញៀវ​ទេសចរ​ជប៉ុន​ជាច្រើន​មក​កម្ពុជា ពិសេស​ទៅកាន់​តំបន់​អង្គរ។

លោក KatsuichiYabunaka បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

លោក តឹក​រ៉េត​ សំរេច រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គណៈ​ប្រតិភូ​ជប៉ុន​ចំនួន​៨​នាក់​ ដឹកនាំ​ដោយ​លោក Katsuichi Yabunaka នាយក​កិច្ចការ​អន្តរជាតិ នៃ​ផ្នែក​ផែនការ និង​សាងសង់​អាកាសយានដ្ឋាន របស់​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ ជប៉ុន បាន​មក​ស្វែងយល់​ពី​ស្ថានភាព​ព្រលានយន្តហោះ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​បី ដែល​មាន​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ​។​

នៅ​ក្នុង​នោះ​ លោក​បាន​មើល​ឃើញ​ពី​ភាព​ចង្អៀត​ នៃ​ព្រលានយន្តហោះ​នៅ​ភ្នំពេញ​ និង​នៅ​សៀមរាប ទើប​លោក KatsuichiYabunaka បាន​លើក​ជា​សំណួរ ថា​តើ​នៅ​ថ្ងៃ​អនាគត​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​យ៉ាង​ដូចម្តេច​ដែរ​ ដើម្បី​រៀបចំ​ឲ្យ​ព្រលានយន្តហោះ​ទាំង​២​មាន​លក្ខណៈ​ធំ​ទូលាយ​ និង​ស្ថិត​នៅ​លើ​ទីតាំង​ដ៏​ល្អ​សមស្រប​មួយ។​

ជា​ការ​ឆ្លើយតប លោក តឹក​រ៉េត​ សំរេច បាន​ជម្រាប​ជូន​ភ្ញៀវ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ យើង​បាន​ទទួល​ស្គាល់​ថា ព្រលានយន្តហោះ​ទាំងពីរ​នេះ​ពិត​ជា​មាន​លក្ខណៈ​ចង្អៀត​មែន ពិសេស​ គឺ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​តែម្ដង ​ដែល​ទីតាំង​នេះ​បានក្លាយ​ទៅជា​ទីក្រុង​ដែល​មាន​ផ្ទះ​ហ៊ុមព័ទ្ធ និង​ចរាចរណ៍​មាន​ការ​លំបាក។ ​តែ​ទោះបីជា​យ៉ាងណា ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្បទានិក​ ក្នុង​ការ​ពង្រីក​ស្ថានីយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​បន្ថែម​ទៀត។​ ស្ថានីយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មី​នេះ​ អាច​ទទួល​ភ្ញៀវ​ទេសចរ​បាន​ពី​៥០០ ​ទៅ​៦០០​លាន​នាក់​ ក្នុង​១​ឆ្នាំ។​

ដូច្នេះ ​យើង​អាច​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​ព្រលានយន្តហោះ​បាន​ប្រមាណ​ជា​៦​បន្ត​ទៅមុខទៀត ដើម្បី​ពិនិត្យមើល​លទ្ធភាព​ទីតាំង​ល្អ​ និង​ឧកាស​សមស្រប​ណា​មួយ​សម្រាប់​រៀបចំ​ផ្ទេរ​ព្រលានយន្តហោះ​ទៅកាន់​ទីតាំង​ផ្សេង​។​

លោក KatsuichiYabunaka បាន​សង្ឃឹមថា ​នៅ​ពេល​ខាងមុខ​ឆាប់ៗ​នេះ​ នឹង​មាន​ជើង​ហោះហើរ​ភ្ជាប់​ដោយ​ត្រង់​ពី​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន ​មកកាន់​ប្រទេស​កម្ពុជា​តែម្ដង ហើយ​តាមរយៈ​ការហោះហើរ​ដោយ​ភ្ជាប់​ត្រង់នេះ​ នឹង​អាច​នាំ​យក​អ្នកវិនិយោគទុន ​និង​ភ្ញៀវ​ទេសចរ​ជប៉ុន​ជាច្រើន​មក​កម្ពុជា ពិសេស​ទៅកាន់​តំបន់​អង្គរ​៕