សមត្ថកិច្ច​ចម្រុះ​ និង​អាជ្ញាធរ​ជ្រោយចង្វារ​ ចុះ​រុះរើ​សំណង់​១​កន្លែង ដែល​សង់​រំលោភ​ទន្លេ​មេគង្គ

សមត្ថកិច្ច​ចម្រុះ​ និង​អាជ្ញាធរ​ជ្រោយចង្វារ​ ចុះ​រុះរើ​សំណង់​១​កន្លែង ដែល​សង់​រំលោភ​ទន្លេ​មេគង្គ

ភ្នំពេញ​ ​៖ ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ខណ្ឌជ្រោយចង្វារ​សហការ​ជាមួយ​​​កម្លាំង​ចម្រុះ​ មាន​ប្រជា​ការពារ ប៉េអឹម ប៉ូលិស និង​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ បាន​ចុះ​មក​រុះរើ​សំណង់​១​កន្លែង ដែល​សង់​រំលោភ​តំបន់​ទន្លេ​មេគង្គ នៅ​ជិត​ស្ថានីយ​បូម​ទឹក​ល្អក់​របស់​រដ្ឋាករ​ទឹក ផលិត​ទឹក​ស្អាត ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ ​ខាង​អាជ្ញាធរ និង​រដ្ឋាករ​ទឹក រួម​ជាមួយ​នឹង​ម្ចាស់ផ្ទះ​ទីតាំង​សំណង់​នោះ​បាន​សម្របសម្រួល​គ្នា​ហើយ ដោយ​រុះរើ​សំណង់ ដែល​រំលោភ​តំបន់​ទន្លេ​មេគង្គ​នោះ​ចេញ​ប្រហែល​ជាង​៥​ម៉ែត្រ។ ពេល​នេះ​កំពុង​ចាប់ផ្ដើម​ធ្វើ​ការ​រុះរើ​ចេញ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ​ខែ​មករា ​ឆ្នាំ​២០១៦​ គណៈកម្មការ​ចម្រុះ ​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុយ​សារុន​អភិបាលរងខណ្ឌ​ជ្រោយចង្វារ បាន​ជូនដំណឹង ​និង​ធ្វើ​កំណត់ហេតុ​​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​រុះរើ​ខ្ចុះ​​​ ដែល​សង់​លយ​ចូល​មាត់ទន្លេ តែ​ម្ចាស់​សំណង់​មិនបាន​អនុវត្ត​តាម​នោះ​ទេ។

អាជ្ញាធរ​ចុះ​ពិនិត្យ​ និង​ជូនដំណឹង​នេះ​ បន្ទាប់​​​​​ខាង​រោងចក្រ​ផលិត​ទឹក​ស្អាត​ធ្វើការ​ប្ដឹងផ្ដល់​ទៅ​អាជ្ញាធរ​សង្កាត់ ​​​ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ ជា​យូរ​មក​ហើយ ដែល​បាន​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ ដោះស្រាយ​មិន​ចេញ​ទើបតែ​ពេល​នេះ​អាជ្ញាធរ​បាន​ជូនដំណឹង​ ហើយ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​២១​ខែ​មីនា​ឆ្នាំ​២០១៦ ដើម្បីឲ្យ​លោក​ជា​ស៊ុន​ហាក់​ រុះ​ចេញ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២១ ខែ​​មីនា​នូវ​សំណង់​ដែល​សង់​លយ​ចូល​មាត់ទន្លេ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថានីយ​បូម​ទឹក​ល្អក់​មុខ​រោងចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយចង្វារ មាន​ទីតាំងនៅ​ភូមិ​២​ សង្កាត់​ខណ្ឌ​ជ្រោយចង្វារ បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ប្រើ​វិធានការ​រដ្ឋបាល​រុះរើ​ដោយ​កម្លាំង​សមត្ថកិច្ច​ ហើយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត ​ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ។

កន្លងមក​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​បានចេញ​សេចក្តីជូនដំណឹង ​និង​ដាក់​ឱសានវាទ​ឲ្យ​រុះ​រើចេញ​ជាច្រើនលើក​ច្រើនសា​​មក​ហើយ តែ​មិនបាន​លទ្ធផល​ឡើយ​ ដោយ​គាត់​មិន​អនុវត្តតាម​អ្វី​ដែល​ជា​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ ​ប៉ុន្តែ​ពេលនេះ​អាជ្ញាធរ​នឹង​ប្រើ​ធម៌​ក្តៅ​ចំពោះ​ការយក​ច្រាំងទន្លេ​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ឲ្យខាងតែបាន។

គួររំលឹកថា រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ថ្ងៃទី​២១​ ខែ​សីហា ​ឆ្នាំ​២០១៥ ​បាន​ធ្វើ​សំណើ​​សុំ​អន្តរាគមន៍ ​និង​ទប់ស្កាត់​ពី​លោក​ប៉ា ​សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ចំពោះ​ការ​សំណង់​លំនៅឋាន ​និង​របង​ថ្ម​នៅ​ជិត​ស្ថានីយ​បូមទឹក​ល្អក់​មុខ​រោងចក្រ​ផលិត​ទឹកស្អាត​ជ្រោយចង្វារ ដោយ​អះអាងថា ស្ថានភាព​បែបនេះ​ធ្វើឲ្យប៉ះពាល់​​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​បូមទឹក​ទន្លេ​ក៏ដូចជា​គុណភាព​ទឹក ដើម្បី​ផលិត​ទឹកស្អាត​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល។ ប៉ុន្តែមកដល់ពេលនេះ​ម្ចាស់​សំណង់​នៅតែ​ផ្គើន​ទៅនឹង​អាជ្ញាធរ​ ហើយ​រត់​រក​ខ្នងបង្អែក​ឲ្យជួយ​អន្តរាគមន៍​ទាំង​ខុសច្បាប់ មិន​ព្រម​អនុវត្ត​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ឡើយ៕