ថ្ងៃ​ចូល​រោងការ​បាត់​កូនក្រមុំ តែ​ត្រូវ​ក្រុម​គ្រួសារ​​ស្វែង​រក​ឃើញ​វិញ និង​បន្ត​ពិធី​មង្គល​ការ​ជា​ធម្មតា​

ថ្ងៃ​ចូល​រោងការ​បាត់​កូនក្រមុំ តែ​ត្រូវ​ក្រុម​គ្រួសារ​​ស្វែង​រក​ឃើញ​វិញ និង​បន្ត​ពិធី​មង្គល​ការ​ជា​ធម្មតា​



កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង នៅ​ភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដោយសារ​ដល់​ថ្ងៃ​ចូល​រោង​ការ​បាន​បាត់​កូនក្រមុំ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជ្រួលច្របល់ ស្វែងរក​គ្រប់​ច្រកល្ហក និង​បាន​កាន់​រូបថត​កូនក្រមុំ​ជាច្រើន​សន្លឹក ទៅ​ដាក់​តាម​នគរបាល​ប៉ុស្តិ៍ ស្រុក និង​ក្រុង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក។

យ៉ាង​ណា​ក្តី កូនក្រមុំ​រូប​នោះ​ត្រូវ​បាន​រក​ឃើញ​វិញ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​បរិវេណ​សាលា​វិទ្យាល័យ​ស្រុក​ទឹកផុស ក្នុង​អាការៈ​រវើរវាយ ដែល​ក្រុម​គ្រួសារ​បាន​អាះអាង​ថា ត្រូវ​ថ្នាំ​សណ្ដំ និង​បាត់​អស់​គ្រឿង​អលង្ការ​មួយ​ចំនួន​ផង​ដែរ។

មន្ត្រី​នគរបាល​ស្រុក​ទឹកផុស​បានឲ្យ​ដឹងថា កូនក្រមុំ​រូប​នោះ​មានឈ្មោះ ជា សា​វី អាយុ​១៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​/ឃុំ​ខាងលើ។ ពិធី​មង្គលការ​នេះ ចាប់ផ្ដើម​សូត្រ​មន្ត​ចូល​រោង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ និង​ព្រឹក​ឡើង​គឺ​ត្រូវ​ធ្វើ​ពិធី​ហែ​ជំនូន​ចូល​រោងការ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មីនា កូនក្រមុំ និង​ក្រុមគ្រួសារ​បាន​មក​ផ្សារ​ស្រុក​ទឹកផុស ដើម្បី​ទិញ​របស់របរ​មួយ​ចំនួន ស្រាប់តែ​ពេល​រៀប​នឹង​ត្រឡប់​ទៅវិញ បាត់​កូនក្រមុំ​រហូត​តែម្ដង ពេល​នោះ​ក្រុម​គ្រួសារ​ក៏បាន​យក​រូបថត​ដាក់​តាម​ប៉ុស្តិ៍​នគរបាល​គ្រប់កន្លែង ក្នុង​នោះ​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​ទទួល​បាន​រូបថត​កូនក្រមុំ​មួយ​សន្លឹក​ដែរ ហើយ​សមត្ថកិច្ច​នគរបាល​ក៏បាន​ចេញ​ស្ទាក់​គ្រប់កន្លែង តាម​ផ្ទះសំណាក់​នានា តែ​រក​មិន​ឃើញ ទីបំផុត គឺ​បាន​ទទួល​ដំណឹង​ថា ក្រុម​គ្រួសារ​បាន​រក​ឃើញ​កូន​ប្រមុំ​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ នៅ​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ស្រុក​ទឹកផុស។

បើ​តាម​ការ​អះអាង​ពី​បុរស​ម្នាក់​ដែល​ត្រូវជា​បង​ជី​ដូន​មួយ​កូនក្រមុំ​ប្រាប់​ថា នៅ​វេលា​ម៉ោង​១១​យប់ ក្រុម​គ្រួសារ​កូនក្រមុំ​បានទទួល​ទូរស័ព្ទ​ពី​កូនក្រមុំ តែ​និយាយ​មិន​ច្បាស់ ក្នុង​ភាព​រវើរវាយ​ម្តង​ថា​នៅត្រង់​នេះ ម្តង​ថា​នៅត្រង់​នោះ និង​ចុងក្រោយ​ថា នៅ​សាលារៀន ទើប​ក្រុម​គ្រួសារ​បាន​ទៅ​រក​ឃើញ​នៅ​សាលារៀន​មែន តែ​នាង​ទន់​ខ្លួន​រវើរវាយ និង​បាត់​អស់​គ្រឿងអលង្ការ​ពី​ខ្លួន ហេតុនេះហើយ​ទើប​ក្រុម​គ្រួសារ​សន្និដ្ឋាន​ថា ត្រូវ​ថ្នាំ​សណ្តំ ​គេ​ដោះ​យក​គ្រឿងអលង្ការ។​
ប្រភព​ដដែល​បាន​បន្ត​ថា ពិធី​មង្គលការ​ត្រូវ​កាត់​ខ្លះ ដោយ​ខាន​សូត្រ​មន្ត​ចូល​រោង​ពី​ល្ងាច និង​ពិធី​ហែ​ជំនូន ក៏​ត្រូវ​លើក​មក​ធ្វើ​ពិធី​ដង្ហែ​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ និង​ពេលនេះ​ពិធី​មង្គលការ​កំពុងតែ​ប្រព្រឹត្តទៅ​ជា​ធម្មតា​វិញ ដោយ​ខាង​កូន​កំលោះ​ព្រម​បន្ត​ពិធី​មង្គលការ៕
ថ្ងៃ​ចូល​រោងការ​បាត់​កូនក្រមុំ តែ​ត្រូវ​ក្រុម​គ្រួសារ​​ស្វែង​រក​ឃើញ​វិញ និង​បន្ត​ពិធី​មង្គល​ការ​ជា​ធម្មតា​