អាជីវកម្ម​ក្រុម​ដំរី​អង្គរ ​មិន​អាច​ពង្រីក​ទីផ្សារ​បាន​ ខណៈ​ភ្ញៀវ​បរទេស​មាន​ការ​កើន​ឡើង​

អាជីវកម្ម​ក្រុម​ដំរី​អង្គរ ​មិន​អាច​ពង្រីក​ទីផ្សារ​បាន​ ខណៈ​ភ្ញៀវ​បរទេស​មាន​ការ​កើន​ឡើង​



សៀមរាប ​៖ ក្រុម​ដំរី​អង្គរ​ជា​លក្ខណៈ​ឯកជន​ ដោយ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ជា​ដំរី​យូរ​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​តំបន់​អង្គរ ហើយ​ក្រុម​ដំរី​អង្គ​នេះ​ចង់​ពង្រីក​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ឲ្យ​បាន​ច្រើន​ថែមទៀត​តែ​ដោយសារ​ដំរី​មាន​ចំនួន​តិច​ ក្នុង​មួយថ្ងៃ​ អាច​ទទួល​ភ្ញៀវ​បាន​ចំនួន​៥០​នាក់​ប៉ុណ្ណោះ ​ទន្ទឹម​ទៅ​នឹង​ភ្ញៀវ​ទេសចរ​មានការ​កើន​ឡើងជា​លំដាប់​នោះ។

លោក គី​រី មេការ​គ្រប់គ្រង​ក្រុម​ដំរី​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​ នៅ​ក្នុង​អាជីវកម្ម​នេះ​មានតែ សត្វ​ដំរី​ចំនួន​១៥​ក្បាល ​ដោយ​ក្នុង​នោះ​មាន​ដំរី​ញី​ចំនួន​១៣​ក្បាល​ សម្រាប់​ដឹកជញ្ជូន​ភ្ញៀវ និង​២​ក្បាល​ទៀត ​ជា​ដំរី​ឈ្មោះ​ ទុក​សម្រាប់​បង្កាត់​ពូជ។

លោក​ថា​ នៅ​ក្នុង​ចំនួន​ដំរី​ដ៏​តិចតួច​នេះ​មិន​អាច​រ៉ាប់រង​បាន​នូវ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ចូល​មក​កម្សាន្ត​អង្គរ​ច្រើន​ឡើងៗ​រាល់ថ្ងៃ ហើយ​បើ​ទិញ​ដំរី​នាំចូល​ពី​ប្រទេសក្រៅ​មានតម្លៃ​ថ្លៃ និង​មាន​ច្បាប់​ទម្លាប់​ច្រើន​ទៀត។ ដោយឡែក​ ដំរី​ក្នុងស្រុក​មានតែ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី មាន​បរិមាណ​តិច ហើយ​ក្នុង​ដំរី​មួយ​ក្បាល​ថ្លៃ​ចាប់ពី​៣​ម៉ឺន ​ទៅ​៤​ម៉ឺន​ដុល្លារ នេះ​ហើយ​ជា​កត្តា​ដែល​មិន​អាច​ឲ្យ​ក្រុម​ដំរី​អង្គរ​ពង្រីក​សេវា​ទីផ្សារ​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​នេះ​បាន។

លោក គី​រី បន្ត​ថា នៅ​ក្នុង​ការ​បម្រើ​សេវា​ដឹកជញ្ជូន​ភ្ញៀវ​បរទេស​តាមរយៈ​ដំរី​ គឺ​មាន​ច្រក​ដំរី​ដើរ ខ្សែ​ទី​១​ គឺ​នៅ​ខ្លោងទ្វារ​ខាងត្បូង​អង្គរ​ ទៅកាន់​ប្រាសាទ​បាយ័ន​ចាប់ពី​ម៉ោង​៩​ព្រឹក។ ខ្សែ​ទី​២​រសៀល​ម៉ោង​៣​ ដល់​ម៉ោង​៥​ នៅ​ចំណុច​ឡើង​ភ្នំ​បាក់​ខែង។ ភ្ញៀវ​ទេសចរ​អាច​ជិះ​កម្សាន្ត​បាន​ក្នុង​រយៈពេល​ផ្លូវ​ពី​២០​ ទៅ​២៥​នាទី ​ក្នុង​តម្លៃ​ម្នាក់​ចំនួន​២០​ដុល្លារ។ បច្ចុប្បន្ន​នេះ ​ក្រុម​ដំរី​អង្គរ​ បាន​បែងចែក​សត្វ​ដំរី​ដឹក​ភ្ញៀវ​ពេលព្រឹក​ចំនួន​៨​ក្បាល និង​ពេល​ល្ងាច​ចំនួន​៨​ក្បាល ហើយ​ភ្ញៀវ​បរទេស​ដែល​និយម​ជិះ​ពេល​កម្សាន្ត​ពេលព្រឹក ​គឺជា​ភ្ញៀវ​ប៉ែក​អឺរ៉ុប និង​ពេល​ល្ងាច​ភាគច្រើន​គឺជា​ភ្ញៀវ​អាស៊ី៕
អាជីវកម្ម​ក្រុម​ដំរី​អង្គរ ​មិន​អាច​ពង្រីក​ទីផ្សារ​បាន​ ខណៈ​ភ្ញៀវ​បរទេស​មាន​ការ​កើន​ឡើង​

អាជីវកម្ម​ក្រុម​ដំរី​អង្គរ ​មិន​អាច​ពង្រីក​ទីផ្សារ​បាន​ ខណៈ​ភ្ញៀវ​បរទេស​មាន​ការ​កើន​ឡើង​