របង ​និង​ខ្លោងទ្វារ​របស់​ពុទ្ធសាសនបណ្ឌិត្យ ​នឹង​ត្រូវ​សាងសង់​ឡើង​វិញ​ក្រោយពី​រុះរើ

របង ​និង​ខ្លោងទ្វារ​របស់​ពុទ្ធសាសនបណ្ឌិត្យ ​នឹង​ត្រូវ​សាងសង់​ឡើង​វិញ​ក្រោយពី​រុះរើ



ភ្នំពេញ ​៖​ ក្រសួង​ធម្មការ​ និង​សាសនា បាន​អះអាង​ថា របង និង​ខ្លោងទ្វារ​ខាង​ជើង ពុទ្ធសាសនបណ្ឌិត្យ នឹង​ត្រូវ​សាងសង់​ឡើង​វិញ បន្ទាប់ពី​មានការ​រុះរើ​ដោយ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ក្នុង​ដំណើរការ​សាងសង់​ផ្លូវ​ក្រោម​ដី។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធម្មការ​ចុះ​ថ្ងៃ​ទី​២៤ ​ខែ​មីនា ឆ្នាំ​២០១៦។

សេចក្ដី​ជូនដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា កន្លងមក​​​ក្រុមហ៊ុន​ណាហ្គា​វើ​ល បាន​ស្នើសុំ​កែសម្រួល​ខ្លោងទ្វារ​ខាងជើង​ របស់​ពុទ្ធសាសនបណ្ឌិត្យ តាម​លិខិត ចុះ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤ និង​តាម​ការ​អនុញ្ញាត​ របស់​ក្រសួង​ធម្មការ និង​សាសនា លិខិត លេខ ៧១/១៤ ក ធ ស ខ​ ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។ ក្រសួង​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​ ដោយសារ​ស្ថានភាព​អនុគ្រោះ មិន​មាន​ផល​ប៉ះពាល់ នៅ​ពីមុខ​ពុទ្ធសាសនបណ្ឌិត្យ​ក្នុង​ដំណើរ​សាងសង់​ផ្លូវ​ក្រោម​ដី​ទៀត​នោះ​ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ធ្វើការ​ជួសជុល របង​ពុទ្ធសាសនបណ្ឌិត្យ​ជា​បណ្ដើរៗ ដែល​កន្លងមក​របង​នេះ​ពុំ​ត្រូវ​បាន​រុះរើ​ទេ​។ តប​តាម​សំណូមពរ​របស់​ក្រសួង​ធម្មការ និង​សាសនា ក្រុមហ៊ុន​ក៏បាន​សាងសាង់​បន្ថែម​លើកកម្ពស់​កន្លះ​ម៉ែត្រ លើស​ពី កម្ពស់​របង​ចាស់ ដើម្បី​ធ្វើការ​ធានា​សុវត្ថិភាព​ជាង​មុន​ផង​។​

លិខិត​នោះ​បាន​បន្ត​ទៀត​ថា ចំពោះ​ខ្លោងទ្វារ​ខាងជើង​ដែល​បាន​រុះរើ​ទាំងស្រុង​នោះ ក្រុមហ៊ុន នឹង​ចាប់​ផ្ដើមធ្វើ បន្ទាប់ពី​ជួសជុល​របង​រួច ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​ណាហ្គា​វើ​ល​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាងសង់ ដែលមាន​ជំនាញ​ដើម្បី​សាងសង់​ខ្លោងទ្វារ តាម​រចនាប័ទ្ម​ដើម​ទាំងស្រុង​។ ទន្ទឹម​នឹងនេះ ក្រសួង​ធម្មការ និង​សាសនា ​បាន​បញ្ជាក់​ថា ការ​សាងសង់​ទីស្ដីការក្រសួង​នៅ​ខាងត្បូង​ពុទ្ធសាសនបណ្ឌិត្យ ក៏​កំពុង​ត្រៀម​រៀបចំ​ដំណើរការ​សាងសង់​នៅ​ពេល​ខាងមុខនេះ​ផងដែរ​។ លើស​ពីនេះ ក្រសួង​ក៏បាន​ត្រៀម​រៀបចំ​លក្ខណៈ ​សាងសង់​របង​ថ្មី​ទាំងស្រុង​ក្រោយ ពី​បាន​សាងសង់​អាគារ ទីស្នាក់ការ រួចរាល់​ជា​ស្ថាពរ។

សូម​រំលឹក​ថា ​កាលពី​រុះរើ​ខ្លោងទ្វារ និង​របង ពុទ្ធសាសនបណ្ឌិត្យ ដំបូង ធ្លាប់​ត្រូវ​បាន​មហា ជន​ចោទប្រកាន់ ក្រសួង​ក៏ដូចជា​រដ្ឋាភិបាល​ ថា ​បាន​លក់​ដី ពុទ្ធសាសនបណ្ឌិត្យ​​​​​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ដើម្បី​សាងសង់​ផ្លូវ​ក្រោម​ដី តែ​តាម​ការពិត គឺ​ពុំបាន​លក់​ឲ្យ ណាហ្គា​វើ​ល​ឡើយ៕

របង ​និង​ខ្លោងទ្វារ​របស់​ពុទ្ធសាសនបណ្ឌិត្យ ​នឹង​ត្រូវ​សាងសង់​ឡើង​វិញ​ក្រោយពី​រុះរើ

របង ​និង​ខ្លោងទ្វារ​របស់​ពុទ្ធសាសនបណ្ឌិត្យ ​នឹង​ត្រូវ​សាងសង់​ឡើង​វិញ​ក្រោយពី​រុះរើ