ម៉​ន រ​ដ្ឋា និង សុខ សុវណ្ណ ចាប់ដៃ​ឡើង​វ៉ៃ​កីឡាករ​ថៃ​នៅ​ព្រឹកខានស្អែក

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧ ខែមីនា ខាន​ស្អែក ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រៀង​រាល់​ស​ប្ដា​ហ៍​របស់​ព្រឹត្តិការណ៍​Ganzburg Top Fighter នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ទៀត​ហើយ ដោយ​មាន​កីឡាករ​កម្ពុជា និង​ថៃ​៤​រូប​ប្រកួត​គ្នា ។ កីឡាករ​ល្បីឈ្មោះ​ម៉​ន រ​ដ្ឋា និង​សុខ សុវណ្ណ គឺជា​អ្នក​ទទួលភារៈ​ទាំងអស់​នេះ​សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។

កីឡាករ ម៉​ន រ​ដ្ឋា ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ជួប​ស្វាគមន៍​កីឡាករ​ថៃ​ឈ្មោះ​ភិ​ច ងិ​ន​ថង ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ ការ​ប្រកួត​របស់​គូ​នេះ ត្រូវ​គេ​កត់សម្គាល់​ពី​ស្នាដៃ​រួច​ទៅ​ហើយ ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​មាន​ប្រវត្តិ​មិនធម្មតា ហើយ​កីឡាករ​ថៃ​ក៏​ខ្លាំង​ក្នុង​ការ​ផ្ដួល​គូប្រកួត។ យ៉ាងណា​ក៏​ដោយ មានការ​កត់​សម្គាល់ថា កីឡាករ ម៉​ន រ​ដ្ឋា ហាក់​មិនសូវ​នឹងដៃ​សម្រាប់​ការ​ប្រកួត​គ្រប់​លើក​នោះ​ទេ ដោយ​ការ​ឡើង​រេញ​របស់​គេ​លើក​ក្រោយ​ដូច​ជា​មិន​បាន​ទទួលលទ្ធផល​ល្អ​ប្រសើរ​នោះ​ផង ។ ចំណែក​កីឡាករ​ថៃ​ទាំង​កម្លាំង ទាំង​បច្ចេកទេស​មើលទៅ​រឹង​មាំ និង​រស់​រវើក​ជាង ។

ម៉​ន រ​ដ្ឋា និង សុខ សុវណ្ណ ចាប់ដៃ​ឡើង​វ៉ៃ​កីឡាករ​ថៃ​នៅ​ព្រឹកខានស្អែក

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ទៅ​លើ​កីឡាករ​ថៃ​ច្រើន​ជាង​កីឡាករ​កម្ពុជា​បន្តិច បន្ទាប់​ពី​សមាស​ភាព​កីឡាករ​ថៃ​ដែល​មក​ប្រកួត​កាន់តែ​ពិបាក​ឱ្យ​កីឡាករ​កម្ពុជា​យកឈ្នះ ។ លោក​ថា ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ លោក​បាន​កែទម្រង់​ជាមួយ​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត ត្រូវ​តែ​យក​កីឡាករ​ដែល​មាន​សមត្ថភាព​ពេញលេញ និង​ជា​អ្នក​ប្រដាល់​អាជីព​ឱ្យមក​ប្រកួត​នៅ​លើ​សង្វៀន​របស់​ខ្លួន ។ ទាំងនេះ​ហើយ​ដែល​លោក​ហ៊ាន​ប៉ាន់​ស្មានថា កីឡា​ករ​កម្ពុជា​ប្រសិនបើ​គ្មាន​ការ​ទទួលខុសត្រូវ និង​គ្មាន​ការ​ហ្វឹកហាត់​ច្បាស់លាស់​នោះ​ទេ គឺ​ពិតជា​ចាញ់​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​កីឡាករ​បរទេស​មិន​ខាន ។ លោក​ថា កីឡាករ​ថៃ​ឈ្មោះ ភិ​ច ងិ​ន​ថង គឺជា​កីឡាករ​ល្អ​ម្នាក់ ដូច្នេះ​បើ​ចង់វាយ​ឈ្នះ​កីឡាករ​រូប​នេះ​ពេញ​រយៈពេល​៥​ទឹក គឺ​លុះត្រាតែ ម៉​ន រ​ដ្ឋា មានការ​ហ្វឹកហាត់​ពេញលេញ មិន​ហត់​មុន​៤​ទឹក និង​ត្រូវ​រស់​រវើក​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃខាន​ស្អែក​។

យ៉ាងណា​ក៏​ដោយ​លោក​ថា កីឡាករ​ម៉​ន រ​ដ្ឋា ក៏​មិនមែន​ធម្មតា​នោះ​ដែរ បើ​ទោះជា​ការ​ប្រកួត​របស់​គេ​ធៀប​នឹង​ពេល​ឡើង​កូដ​ហាក់ដូចជា​រាង​ធ្លាក់ដៃ​បន្តិច ។ មានការ​យល់​ឃើញ​ស្របគ្នា​ចំពោះ​បញ្ហា​នេះ ដោយសារ​តែ​កីឡាករ​ថៃ​ភាគច្រើន​មក​ប្រកួត​មាន​កម្លាំង​ស៊ុ​ហ្វ​ពេញ​ៗ ពូកែ​ស៊ូ ហើយ​កីឡាករ​កម្ពុជា​ច្រើន​តែ​ល្អ​រង្វង់​៣​ទឹក​ដំបូង លុះដល់​២​ទឹក​ចុង​ក្រោយ ក៏​ឆាប់​ហត់ ដែល​ពិបាក​បញ្ចេញ​ស្នៀត​បាន​ល្អ ។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​រវាង​កីឡាករ ម៉​ន រ​ដ្ឋា និង ភិ​ច ងិ​ន​ថង លោក​ហាក់​មាន​ជំនឿ​ទៅ​លើ​កីឡាករ​របស់​ខ្លួន​ច្រើន​ជាង ប៉ុន្តែ​ក៏​មិន​ដល់​១០០%​នោះ​ដែរ ដោយសារ​តែ ម៉​ន រ​ដ្ឋា ក៏​មាន​ថ្វីដៃ​ល្អ និង​មាន​បច្ចេកទេស​មិន​អន់​ដូច​គ្នា បើ​ទោះជា​គេ​រៀង​ហត់​បន្តិច​នៅ​អំឡុង​ទឹក​ចុង​ក្រោយ ។ លោក​ថា បើ​៣​ទឹក​ដំបូង កីឡាករ​កម្ពុជា​ចាប់​បាន​ចំណុចខ្សោយ​របស់ ភិ​ច ងិ​ន​ថង​នោះ ម៉​ន រ​ដ្ឋា នឹង​ឈ្នះ​ការ​ប្រកួត ប៉ុន្តែ​បើ​ការ​ប្រកួត​៣​ទឹក​មិន​អាច​ធ្វើ​អី​បាន​ទេ​នោះ​ពិតជា​ពិបាក​ដោយសារ​តែ​កីឡាករ​ខាង​លោក​គឺ​មាន​កម្លាំង​ពេញ​៥​ទឹក ហើយ​បើ​សំដៅ​ដល់​បច្ចេកទេស​ក៏​មិន​ស៊ីគ្នា ។ ទោះបី​យ៉ាងណា លោក​បង្ហាញ​ការ​ព្យាករ​ថា ប្រសិនបើ​កីឡាករ​កម្ពុជា​ចេះ​ប្រកួត​សន្សំ​កម្លាំង ហើយ​បើ​ការ​បាត់​មុខ​មួយ​រយៈ​ចុង​ក្រោយ គេ​បាន​ទទួល​ការ​ហ្វឹកហាត់​ពេញលេញ នោះ​កីឡាករ​ថៃ​នឹង​យ៉ាប់​សម្រាប់​ការ​ប្រកួត​ព្រឹកខាន​ស្អែក។

លោក​ថា កីឡាករ ភិ​ច ងិ​ន​ថង ធ្លាប់​ប្រកួត​បាន​៦៨​ដង ឈ្នះ​៦២​ដង ចាញ់​៥​ដង និង​ស្មើ​១​ដង ដោយ​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ លោក​ហ៊ាន​អះអាង​ដោយ​ជំនឿ​ចិត្ត​ថា ថ្វីដៃ​ក្នុង​ការ​វាយលុក​របស់​គេ គឺ​ពិតជា​ល្អមើល​ដោយសារ​តែ​មិន​មាន​ទម្លាប់​ប្រកួត​លាក់​ស្នៀត ឬ​បច្ចេកទេស​។ ដោយឡែក​សម្រាប់ ម៉​ន រ​ដ្ឋា វិញ គេ​ធ្លាប់​ប្រកួត​៧១​លើក ឈ្នះ​៥៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប្រកួត​ក្រៅផ្លូវការ​ដែល​បាន​ធ្វើ​ឡើង​នៅឡើយ ។ ដូច្នេះ​ទាំង​បទ​ពិសោធន៍​របស់​គេ​ក៏​ទំនងជា​ចាស់ទុំ​ដែល​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ​កីឡាករ​ថៃ​សម្រាប់​ការ​ប្រកួត​ទាំងមូល​ផង​ដែរ ។

នៅ​លើ​សង្វៀន​នេះ​ដែរ កីឡាករ សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ របស់​លោកគ្រូ តឹក ឡៃ និង ឡុ​ង ស៊ី​លី​ន ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​រ​ថៃ​ឈ្មោះសា​គុន ភិ​ច​ឡេ​ក ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​តែ​ម្ដង ។ កីឡាករ​ថៃ​រូប​នេះ​ក៏​មិនធម្មតា​ដែរ សម្រាប់​ការ​ប្រកួត​របស់​គេ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កន្លង​មក ។ គេ​ធ្លាប់​ប្រកួត​បាន​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក ខណៈ​ដែល​គូប្រកួត​របស់​គេ​គឺ​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​៧២​លើក ឈ្នះ​៦០​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក​នៅ​លើ​សង្វៀន ។ គូ​នេះ មានការ​ព្យាករ​១០០%​ថា កីឡាករ​ថៃ​ហាក់​មាន​ប្រៀប​ខ្ពស់​ជាង​ដូច​គ្នា ដោយសារ​តែ​ការ​ហ្វឹកហាត់​របស់​គេ​គ្រប់គ្រាន់ ផ្ទុយ​ពី​កីឡាករ​ខ្មែរ​គឺ​លុះត្រាតែ​ដល់​ថ្ងៃ​ជិត​ឡើង​ប្រកួត​ទើប​ចូល​ហ្វឹកហាត់ ។

ម្យ៉ាង​មក​ពី​កីឡាករ សុខ សុវណ្ណ រៀង​បាត់​មុខ​យូរ និង​មិនសូវ​បាន​ប្រកួត​ជាប់លាប់​នោះ​ផង ទើប​កម្រិត​នៃ​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​ត្រូវ​គេ​ចាប់អារម្មណ៍​ថា​អាច​ប្រែប្រួល​។ ប៉ុន្តែ​កីឡាករ​ថៃ​ក៏​នឹង​មាន​វាសនា​អាក្រក់​ផង​ដែរ ត្បិត​អី​សុខ សុវណ្ណ ជា​កីឡាករ​មានបទពិសោធន៍​ខ្ពស់​ជាង ហើយ​បច្ចេកទេស​វាយ​ចេញ​របស់​គេ​ក៏​ល្អ​ផង​ដែរ ៕