តើ​សហ​ស្ថាបនិក​ Intel Corporation មហា​សេដ្ឋី​ Gordon Earle Moore មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​ខ្លះ?

លោក Gordon Earle Moore គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​សញ្ជាតិ​អាមេរិក​មួយ​រូប​ដ៏​ល្បី​ល្បាញ​ ដោយ​លោក​គឺ​ជា​សហ​ស្ថាបនិក និង ជា​ប្រធាន​នៃ​ក្រុមហ៊ុន Intel Corporation ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​ចម្រុះ​ផ្សេង​គ្នា​ជា​ច្រើន។ មក​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​បុគ្គល​ដែល​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ២០១ ជា​មួយ​ទ្រព្យសម្បត្តិ ៦,៦ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​វ័យ​ចំណាស់​រូប​នេះ មាន​ប្រវត្តិ និង បទ​ពិសោធន៍​រក​ស៊ី​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទើប​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី?

 

លោក Gordon Earle Moore កើត​នៅ​ថ្ងៃ​ទី ០៣ មករា ឆ្នាំ ១៩២៩ ក្នុង​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។ លោក​បាន​ចូល​រៀន​វិទ្យាល័យ​ Sequoia High School ក្នុង​ទីក្រុង Redwood City។ មុន​ដំបូង​ឡើយ លោក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ San Jose State University។ ពី​ឆ្នាំ​បន្ទាប់​ពី​បាន​ផ្ទេរ​ទៅ​កាន់​សាកលវិទ្យាល័យ University of California ដែល​ទី​នេះ​ហើយ​លោក​ទទួល​បាន​បរិញ្ញាបត្រ​​វិទ្យាសាស្ត្រ ផ្នែក​គីមី​វិទ្យា ក្នុង​ឆ្នាំ ១៩៥០។

 

នៅ​ឆ្នាំ ១៩៥០ ដដែល​លោក Gordon Earle Moore បាន​ចូល​រៀន​នៅ​ក្នុង​វិទ្យាស្ថាន California Institute of Technology ដោយ​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត ផ្នែក​គីមី នៅ​ឆ្នាំ ១៩៥៤ ដោយ​លោក​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​មួយ​ឲ្យ​មន្ទីរ​ពិសោធ​សាកលវិទ្យាល័យ Johns Hopkins University ពី​ឆ្នាំ ១៩៥៣ ដល់ ១៩៥៦ សម្រាប់​ការ​បញ្ចប់​ថ្នាក់​បណ្ឌិត​របស់​លោក។ នៅ​ខែ​កក្កដា​ឆ្នាំ ១៩៦៨ លោក Robert Noyce និង​លោក Gordon Earle Moore បន​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​អេឡិចត្រូនិក​មួយ​មាន​ឈ្មោះ​ថា NM Electronics ដោយ​ក្រោយ​មក​ទៀត​បាន​ប្តូរ​ឈ្មោះ​មក​ជា Intel Corporation វិញ។

 

លោក Gordon Earle Moore បាន​ទទួល​តំណែង​ជា​អនុប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន រហូត​ដល់​ឆ្នាំ ១៩៧៥ មក​ដល់​ឆ្នាំ ១៩៧៩ លោក​បាន​ក្លាយ​ជា​ ប្រធាន​ក្រុម​ប្រឹក្សា និង ជា​ប្រធាន​ក្រុម​នាយក​ប្រតិបត្តិ ដោយ​កាន់​តំណែង​នេះ​រហូត​ដល់​ឆ្នាំ ១៩៨៧ និង​ទទួល​បាន​ឈ្មោះ​ជា​ប្រធាន​សាស្ត្រាចារ្យ​ប្រចាំ​ក្រុមហ៊ុន​រហូត​ដល់​ឆ្នាំ ១៩៩៧។ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Noyce, Moore និង​ចុង​ក្រោយ​គឺ​លោក Andrew Grove ក្រុមហ៊ុន Intel Corporation បាន​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​ដ៏​ធំ​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ​កុំព្យូទ័រ​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com