វាយប្រហារ​នៅ​ក្រុង​ព្រុ​ច​សែ​ល​មនុស្ស​6​នាក់​ត្រូវ​ចាប់ខ្លួន

ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ព្រុ​ច​សែ​ល​មានការ​ជឿនលឿន​ទៅ​មុខ ។ មនុស្ស​៦​នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មីនា ទាក់ទិន​នឹង​ការ​វាយប្រហារ​​នេះ ។

យោង​តាម​អយ្យការ​សហព័ន្ធ​ថា ក្នុង​ចំណោម​អ្នក​ទាំងនេះ​៣​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ក្បែរ​អយ្យការ​សហព័ន្ធ​នា​កណ្តាល​ក្រុង​ព្រុ​ច​សែ​ល​តែ​ម្តង ។ មនុស្ស​២​នាក់​ទៀត​ចាប់ខ្លួន​ក្នុង​រាជធានី​ដែរ រួច​ម្នាក់​ទៀត​ចាប់ខ្លួន​ក្នុង​សង្កាត់ JETTE ជាយក្រុង​ព្រុ​ច​សែ​ល ។ អ្នកនាំពាក្យ​អយ្យកា​រលោក ERIC VAN DER SYPT ដែល​ផ្តល់​ព័ត៌មាន​នេះ​ពុំ​បាន​ផ្តល់​ភាព​លម្អិត​លើ​អត្តសញ្ញាណ​ពួក​គេ​ឡើយ ។

ចាប់តាំងពី​ការ​វាយប្រហារ​ពី​ថ្ងៃ​ទី​២២ មីនា មក ជន​២​នាក់​កំពុង​តាម​រក​យ៉ាង​សកម្ម​ដោយ​ពួក​អ្នកស៊ើប​អង្កេត ។ បុរស​ពាក់មួក​ដែល​គេ​ឃើញ​ក្នុង​វី​ដេ​អូ​កាមេរ៉ា​ត្រួតពិនិត្យ​ព្រ​លាន​យន្តហោះ ZAVENTEM កំពុង​រុញ​រទេះ​អីវ៉ាន់​ជាមួយ​ជន​អត្តឃាត​២​នាក់​ឈ្មោះ NAJIM LAACHRAOUI និង IBRAHIM EL BAKRAOUI កំពុង​តាម​រក​យ៉ាង​សកម្ម​បំផុត។ ចំណែក​ជន​ទី​២​ជា​អ្នក​គេ​ឃើញ​ក្នុង​មេត្រូ​នៅ​ក្បែរ​ជន​អត្តឃាត​ឈ្មោះ KHALID EL BAKRAOUI ដែល​ជា​អ្នក​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ស្ថានីយ​មេត្រូ MAELBEEK ។

ការ​ឆែកឆេរ​ក៏​ធ្វើ​ផង​ដែរ​ក្នុង​សង្កាត់ SCHAERBEEK ជា​កន្លែង​ដែល​ពួក​ជន​អត្តឃាត​ចាកចេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា តាម​រថយន្ត​តាក់ស៊ី​មក​កាន់​ព្រ​លាន​យន្តហោះ​ជា​មួយ​វ៉ា​លី​៣​ផ្ទុក​គ្រឿងផ្ទុះ ។ ក៏​ប៉ុន្តែ​ក្នុង​សង្កាត់​នេះ​ពុំ​មានការ​ចាប់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ ៕