​កូនក្រមុំ​ទៅ​ផ្សារ ចោរ​ដាក់​ថ្នាំ​សណ្តំ យក​គ្រឿងអលង្ការ​ ​អ្នកស្រុក​ផ្អើលបាត់​កូនក្រមុំ​

​កំពង់ឆ្នាំង:
មានការ​ភ្ញាក់ផ្អើល មួយ​យ៉ាងខ្លាំង នៅ​រោង​ជ័យ ដែល​ត្រៀម​ទទួលភ្ញៀវ សម្រាប់​ថ្ងៃ​ចូល​រោងការ ក្រោយពី​បាត់​កូនក្រមុំពី​រោងការ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច បានអោយដឹងថា កូនក្រមុំ​ដែល​បាត់​ខ្លួន​នេះ ឈ្មោះ ជា សា​វី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ ។

​សមត្ថកិច្ច បានអោយដឹងថា តាម​គម្រោង​នេះ កូនក្រមុំ​នេះ នឹង​ចូល​រោងការ ហើយ​សូត្រមន្ត នៅ​ល្ងាច​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៦  ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២៣ មីនា កូនក្រមុំ​នេះ បាន​ទៅ​ទិញ​របស់របរ នៅ​ផ្សារ​រមាស ជាមួយ​បងប្អូន រួមទាំង​មាន​គ្រឿងអលង្ការ ពាក់​ជាប់​នឹង​ខ្លួន​ផងដែរ​។  ក្រោយពី​ទិញ​របស់របរ​ហើយ សាច់ញាតិ បាន​ប្រមូលគ្នា ត្រឡប់ទៅផ្ទះ​ការ​វិញ ស្រាប់តែ​រក​កូនក្រមុំ មិនឃើញ​តែម្តង ក៍​ចាប់ផ្តើម​ជ្រួលច្របល់ ភ័យ​ហើយ​នាំគ្នា​ដើររក ប៉ុន្តែ​រក​មិនឃើញ ទាល់តែសោះ ។

​ដោយមាន​ការភ័យខ្លាច ក្រុមគ្រួសារ​កូនក្រមុំ បានដាក់​ពាក្យ​ប្តឹង ទៅ​សមត្ថកិច្ច​គ្រប់​ទីកន្លែង ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​ផងដែរ ។ ក្រោយពី​រក​មិនឃើញ ក្រុមគ្រួសារ​បាន​ចូលទៅ​សម្រាក ក្នុងអំឡុង​ប្រហែល ជា​ម៉ោង ១១ យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ក៍​ស្រាប់​តែមាន សម្លេង​ទូរស័ព្ទ​រោទិ៍ ដែល​គេ​ស្គាល់​ថា ជា​លេខ​របស់​ទូរស័ព្ទ​កូនក្រមុំ​។ នៅពេលដែល​ទទួល​ទួ​រ​ស័ព្ទ កូនក្រមុំ​ឈ្មោះ ជា សា​វី បាន​និយាយ​ទាំង អារម្មណ៍​ភ័យខ្លាច និង​រវើរវាយ ដោយ​ប្រាប់​អោយមកយក​រូបគេ​ផង និយាយ​លែង​ដឹង​ខុសត្រូវ ។​

​ពេល​ក្រុមគ្រួសារ និង សាច់ញាតិ មករក បាន​ប្រទះឃើញ​នាង​កូនក្រមុំ សន្លប់​ស្តូកស្តឹង និយាយ​អ្វី​មិនកើត និង​បាន​នាំយកទៅ​ព្យាបាល​។ ក្រោយពី​កូនក្រមុំ​ស្វាង​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា កូនក្រមុំ​បាន​តុបតែង ស្លៀកពាក់​រៀប ចំ​ពិធីមង្គលការ ។

​ប៉ុន្តែ​ប្រភព​មួយចំនួន​បាន​ប្រាប់ថា ពិធីមង្គលកា​រ​នេះត្រូវបាន​កាត់ចោលកម្មវិធី​អស់​មួយចំនួន ដោយសារតែ​កូនក្រមុំ​នេះនៅ​មិនទាន់​ជាសះស្បើយ តែ​ពិធី​អាពាហ៍ពិពាហ៍ នៅតែ​ដំណើរការ​ដដែល ៕V/S

​កូនក្រមុំ​ទៅ​ផ្សារ ចោរ​ដាក់​ថ្នាំ​សណ្តំ យក​គ្រឿងអលង្ការ​ ​អ្នកស្រុក​ផ្អើលបាត់​កូនក្រមុំ​

​កូនក្រមុំ​ទៅ​ផ្សារ ចោរ​ដាក់​ថ្នាំ​សណ្តំ យក​គ្រឿងអលង្ការ​ ​អ្នកស្រុក​ផ្អើលបាត់​កូនក្រមុំ​