​កោះហៅ​បីនាក់ ឲ្យ​ចូលខ្លួន​ករណី​ដីធ្លី អ្នកភូមិ​លើកគ្នាជាង​២០០​នាក់ មកកាន់​តុលាការ​

​សៀមរាប:
អ្នកភូមិ​ជាង​២០០​នាក់ មកពី​ស្រុក​ចំនួន​ពីរ ធ្វើដំណើរ​ដោយ​គោយន្ត​កន្ត្រៃ និង​ម៉ូតូ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ បាន​លើកគ្នា​មកកាន់​តុលាការ ដើម្បី​ចាំ​ទទួល​គ្នា​គាត់​បី​រូប យកទៅ​ផ្ទះ​វិញ ខណៈ​តុលា​ការកោះហៅ ឲ្យ​ចូលខ្លួន​បំភ្លឺ ករណី​ដី​ទំនាស់​រ៉ាំរ៉ៃ​។​
​    ​
​ក្រុម​អ្នកភូមិ​ទាំងនោះ មួយចំនួន​មកពី​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ និង​មួយចំនួន មកពី​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។ ចំណែក​ជនជាប់សង្ស័យ ដែល​ត្រូវ​ចូលខ្លួន ទី​១.​ឈ្មោះ​ឈួ​យ ឈ​ង់ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ​។ ទី​២.​ឈ្មោះ ទុយ ម៉ើ​ក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​៣.​ឈ្មោះ ពាង ប៉ុក ភេទ​ស្រី អាយុ​៦០​ឆ្នាំ​។ ពួកគាត់​មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​
​    ​
​យោងតាម​ដីការ​កោះហៅ របស់លោក លឹម សុ​គុ​ន្ធា​រ៉ា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តសៀមរាប បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់ ជាប់​ពាក់ព័ន្ធ​បទ រំលោភ​កម្មសិទ្ធិ ឯកជន ប្រព្រឹត្តិ​នៅ​ភូមិ​ត្បែង ឃុំ​ត្បែង នៅ​ឆ្នាំ​២០០៨​។​
​    ​
​មិនទាន់មាន​ការបញ្ជា​ក់ អំពី​ការសាកសួរ​អ្នកភូមិ​ទាំង ៣​រូប ពី​ស្ថាប័ន​តុលាការ​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​។ ចំណែក​ភាគី​ដើមបណ្ដឹង ចំនួន​៣​នាក់ ក៏​ពុំមាន​ន​ណា បាន​ស្គាល់ ដើម្បី​ស្វែងរក​សុំ ការពន្យល់​បានដែរ​។ ប៉ុន្តែ​ក្រុម​អ្នកភូមិ ដែល​លើកគ្នា​មកកាន់​តុលាការ បាន​បរិយាយ​ថា ពួកគាត់​មកនេះ ពុំមែន​មក​តវ៉ា ឬ​ធ្វើបាតុកម្ម​អ្វី​ទេ គឺ​គ្រាន់តែ​មកជួយ លើកទឹកចិត្ត គ្នា​គាត់​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត មក​ចាំ​ទទួលយក​គ្នា​គាត់ ត្រឡប់ទៅផ្ទះ​វិញ ពីព្រោះ​ដី​ដែលមាន​ទំនាស់​រ៉ាំរ៉ៃ តាំងពី​ឆ្នាំ​២០០៨​នោះ ពេលនេះ អាជ្ញាធរ​បានចេញ​បង្កាន់ដៃ ផ្តល់​សិទ្ធិ​ឲ្យ​ពួកគាត់​រួច​អស់ហើយ ដោយ​រង់ចាំ តែ​ប័ណ្ណ​រឹង​ប៉ុណ្ណោះ​។​
​    ​
​នៅ​ក្រៅរបង​តុលាការ ក្នុងខណៈ​មិនទាន់​ដល់​ឈ្មោះ ត្រូវ​ហៅចូល លោក​ទុយ ម៉ើ​ក បាន​រៀបរាប់ថា ពួកគាត់​ទាំង​៣​នាក់ ដែល​ត្រូវ​កោះហៅ ក្នុង​ម្នាក់ៗ មាន​ដី​ទំហំ ៥០​គុណ​២០០​ម៉ែត្រ ដែល​បច្ចុប្បន្ន ទទួលបាន​បង្កាន់ដៃ​ពី​អាជ្ញាធរ​រួចហើយ​។ ប៉ុន្តែ​រឿង​រាវ​នេះ វា​បាន​កើតឡើង តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ដែលមាន​ឈ្មោះ អាន ដាលីន ឈ្មោះ​លន់ ភ​ន់ និង​ឈ្មោះ​ទេស សុ​ផា ប្តឹងទៅ​តុលាការ​ទាមទារ​យក​ដី ចំនួន​១៩០​ហិកតា ក្នុងនោះ​ជាប់​ពាក់ព័ន្ធ​ពលរដ្ឋ ២៣៥ គ្រួសារ​។

​លោក​បាន​បន្តថា ដី​និង​ពលរដ្ឋ ក្នុង​ចំនួន​ខាងលើ កាលពី​ឆ្នាំ​១៩៩៧ អាជ្ញាធរ​ភូមិ ឃុំ បាន​វាស់​ចែក​ឲ្យ​ពួកគាត់ រស់នៅ​អាស្រ័យ​ផល​។ លុះ​ឆ្នាំ​២០០៤ ឈ្មោះ​ម្ចាស់​បណ្តឹង ចំនួន​៣​នាក់​ខាងលើ មក​ត្រួសត្រាយ ឈូសឆាយ ថា​ជា​ដី​របស់​ពួកគេ តែ​ត្រូវបាន​រារាំង ដោយ​ពលរដ្ឋ​ពួកគាត់​។ ដោយសារ​ការរំលោភបំពាន របស់​អ្នក​ទាំង​៣ ខាងលើ មិនបាន​សម្រេច ក្នុង​ឆ្នាំ​២០០៨ ពួកគេ​ក៏​ប្តឹងទៅ​តុលាការ ហើយ​រឿងរ៉ាវ ក៏បាន​អូសបន្លាយ រហូតដល់​ពេលនេះ បើទោះបី​ក្រុមនិស្សិត ចុះ​វាស់វែង​ចេញ​សន្លឹក​ប័ណ្ណ ឲ្យ​ហើយ​ក៏ដោយ​។​
​    ​
​លោក​បាន​បញ្ជាក់ថា ការចោទប្រកាន់​បទ រំលោភ​កម្មសិទ្ធិឯកជន ទោះបី​ដឹងថា ខ្លួន​គ្មាន​កំហុស ថែមទាំង​មាន​សន្លឹក​ប័ណ្ណ ដែល​ផ្តល់​ដោយ​អាជ្ញាធរ ប៉ុន្តែ​រូបលោក នៅតែមាន​ការព្រួយបារម្ភ អំពី​ប្រព័ន្ធតុលាការ​យ៉ាងខ្លាំង​។ ពីព្រោះ​ពួកគាត់ ជា​ពលរដ្ឋ​ក្រីក្រ ពុំមាន​សមត្ថភាព ប្តឹងផ្តល់​តប​ទៅ​ភាគី​វិញ​នោះទេ​។ តែ​អ្វីដែល​ចង់បាន គឺ​សុំ​ការផ្តល់​ភាពយុត្តិធម៌ អំពី​តុលាការ ដោយ​រំពឹងថា ពួកគាត់​អាច​វិល​ទៅ​រស់នៅ ជួបជុំ​គ្រួសារ​វិញ​។​
​    ​
​យ៉ាងណា គេ​នៅ​មិនទាន់​ដឹងថា ដំណើររឿង​ក្នុង​បទ រំលោភ​កម្មសិទ្ធិឯកជន របស់​អ្នកភូមិ ៣ រូបនេះ ទៅជា​យ៉ាងណា​នោះទេ គឺ​រង់ចាំ​លទ្ធផល ក្រោយពេល ចៅក្រម​សួរនាំ​រួច​៕V/S

​កោះហៅ​បីនាក់ ឲ្យ​ចូលខ្លួន​ករណី​ដីធ្លី អ្នកភូមិ​លើកគ្នាជាង​២០០​នាក់ មកកាន់​តុលាការ​

​កោះហៅ​បីនាក់ ឲ្យ​ចូលខ្លួន​ករណី​ដីធ្លី អ្នកភូមិ​លើកគ្នាជាង​២០០​នាក់ មកកាន់​តុលាការ​

ក្រុម​អ្នកភូមិ​នៅមុខ​តុលាការ​និង​បុរស់​ដែល​ត្រូវ​ចូលខ្លួន​បំភ្លឺ​(រូបៈអង្គរតូច)