អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចេញមកបង្កើតគណបក្ស ខ្មែរដើម្បីខ្មែរ

ភ្នំពេញ:

 លោកអ៊ុក ស៊ុយ អតីតសមាជិកគណៈកម្មការនាយក និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម បគណបក្សសង្គ្រោះជាតិ និងជាអតីតអគ្គលេខាធិការគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសជាផ្លូវការបង្កើតគណបក្សនយោបាយថ្មីមួយ ដោយខ្លួនឯង ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ។ គណបក្សដែលបង្កើតថ្មីឈ្មោះ គណបក្ស ខ្មែរដើម្បីខ្មែរ។
ការប្រកាសបង្កើតគណបក្សនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។
លោកអ៊ុក ស៊ុយ អតីតអគ្គលេខាធិការគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់ពាក្យលាឈប់ពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាផ្លូវការហើយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។ តាមគំរោងលោកអ៊ុក ស៊ុយ នឹងបង្កើតគណបក្សនយោបាយថ្មីមួយដោយខ្លួនឯង ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ។
 លោកអ៊ុក ស៊ុយ គឺជាអតីតសមាជិកគណៈកម្មការនាយក និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម បានលាឈប់ពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ដោយសារតែមិនពេញចិត្តចំពោះការដឹកនាំរបស់លោកសម រង្ស៊ី និងកឹម សុខា និងថ្នាក់ដឹកនាំមួយចំនួនដែលបានប្រកាន់បក្ខពួក និងប្រព្រឹត្តអំពើអយុត្តិធម៌នៅក្នុងផ្ទៃក្នុងបក្ស។ បន្ទាប់ពីលាឈប់ លោកបានមកចូលរួមជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោកម៉ម សូណង់ដូ។
 យោងតាមលិខិតលាឈប់របស់លោកអ៊ុក ស៊ុយ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ដាក់ជូនលោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គឺមិនបានបញ្ជាក់អំពីមូលហេតុ នៃការលាឈប់នោះទេ។
គណបក្សនយោបាយដែលក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតថ្មី នៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ មានចំនួន១០គណបក្ស រួមមានៈ ១.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ២.គណបក្សខ្មែរសាមគ្គី។ ៣.គណបក្សយុត្តិធម៌ជាតិខ្មែរ។ ៤.គណបក្សអំណាចខ្មែរ។ ៥.គណបក្សយុវជនកម្ពុជា។ ៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ ៧.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ៨.គណបក្សកម្ពុជាសេរីភាព។ ៩.គណបក្សខ្មែររួបរួមជាតិ និង១០.គណបក្សមហាសាមគ្គីជាតិខ្មែរ។ ក្នុងចំណោមគណបក្សនយោបាយទាំង១០ នេះ គឺមានតែគណបក្សចំនួន២ គឺគណបក្សអំណាចខ្មែរ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលបានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
 គិតមកដល់ចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ គណបក្សនយោបាយមានចំនួន៦៣គណបក្ស ក្នុងនោះគណបក្សដែលបានបង្កើតតែមិនទាន់បានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ២២គណបក្ស និងគណបក្សនយោបាយដែលបានចុះបញ្ជី៤១គណបក្ស។
 គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤ គណបក្សនយោបាយមានចំនួន ៥៦គណបក្ស ក្នុងនោះគណបក្សបានបង្កើតតែមិនបានសុំចុះបញ្ជីមាន១៥គណបក្ស និងគណបក្សនយោបាយដែលបានចុះបញ្ជីមានចំនួន៤១គណបក្ស។ ដោយឡែកគណបក្សនយោបាយដែលបានលុបឈ្មោះចេញពីបញ្ជីមានចំនួន២៤គណបក្ស ដោយមិនបានរាប់បញ្ចូលក្នុងស្ថិតិខាងលើ៕