ស្នាដៃ​និង​អនាគត​លើក​ទី​៤ គឺ​លើកកម្ពស់​និង​លើកស្ទួយ​ទម្រង់​ប្រភេទ​សិល្បៈ​បុរាណ​ខ្មែរ​មួយចំនួន ឲ្យ​រស់រាន​ឡើងវិញ​

ភ្នំពេញ:
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រុមការងារ​រីកសាយ (Reek Sai) នឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CAMBODIA LIVING ARTS) ដែល CEN ទទួលបាន​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ បានអោយដឹងថា ក្រុមការងារ​រីកសាយ សហ​ការណ៍​ជាមួយនឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដោយមាន​ការ​គាំំ​ទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នឹង​រៀបចំ​ព្រឹត្តិការណ៍ សិល្បៈ​ដ៏​ធំ​មួយ​គឺ «​ស្នាដៃ​និង​អនាគត​លើក​ទី ០៤» ឆ្នាំ​២០១៦ រយៈពេល​ពីរ​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ នៅ​សាល​មហោស្រព​ចតុមុខ​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ បន្តថា ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​ប្រចាំឆ្នាំ «​ស្នាដៃ​និង​អនាគត​លើក​ទី​០៤» មិន​ខុសពី​ឆ្នាំមុនៗ​ដែរ នឹង​ពាំ​នាំយក​នូវ​ទស្សនីយភាព​សិល្បៈ​បុរាណ​ខ្មែរ ដែល​នឹង​សម្តែង​ដោយ សិល្បៈករ​ខ្មែរ​ជំនាន់​ក្រោយ ដែលមាន​ទេពកោសល្យ របស់​ក្រុមនិស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក៏ដូចជា​ក្រុម​សិល្បៈ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។​

​សេចក្តីប្រកាស​ដដែល អោយដឹងទៀតថា គោលបំណង ក៏ដូចជា​ចក្ខុវិស័យ​នៃ​ការ​ផ្តូ​ច​ផ្តើមគំនិត​រៀបចំ​នូវ​ព្រឹត្តិការណ៍​«​ស្នាដៃ​និង​អនាគត​លើក​ទី​០៤» ឆ្នាំ ២០១៦ គឺ​លើកកម្ពស់​និង​លើកស្ទួយ​ទម្រង់​ប្រភេទ​សិល្បៈ​បុរាណ​ខ្មែរ​មួយចំនួន ដែល​ស្ទើរតែ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ក៏ដូចជា​បាត់បង់ ប្រជាប្រិយភាព ឲ្យ​រស់រាន​ឡើងវិញ​។ ទន្ទឹមនេះ ព្រឹត្តិការណ៍​សិល្បៈ​ប្រចាំឆ្នាំ​មួយ​នេះ ក៏​នឹង​ចូលរួមចំណែក​ក្នុង​ការកសាង​កិត្យានុភាព នៃ​សិល្បៈ​បុរាណ​ខ្មែរ ឲ្យ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​សុះសាយ​បន្ថែម ទាំង​នៅក្នុង​ស្រុក និង នៅ​ឆាក​អន្តរជាតិ​។ លើសពីនេះទៅទៀត ក្រៅពី​សម្តែង​របាំ​សិល្បៈ​បុរាណ​ខ្មែរ កម្មវិធី​របស់​យើង​ក៏មាន​ការតាំង​ពិរ​ព័រ​ណ៏​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ទស្សនាការ​ប្រគុំ​តន្ត្រី​ដែលជា​ស្នាដៃ​កូន​ខ្មែរ និង មានការ​ប្រកួតប្រជែង​កម្មវិធី​សិល្បៈ​ផ្សេងទៀត ចាប់ពី​ថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៧ ខែមីនា​។​

​សូមបញ្ជាក់ថា ក្រុមការងារ​រីកសាយ រួមសហការ​ណ៍​នឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ធ្លាប់​បានរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​បុរាណ​ខ្មែរ​នេះ ចំនួន​បី​ដង​រួចមកហើយ និង ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទន ដោយ​ក្នុង​មួយ​លើកៗ មាន​អ្នកចូលរួម​មិនតិចជាង ១ ម៉ឺន​នាក់​។
​ដូច្នេះហើយ សម្រាប់​ព្រឹត្តិការណ៍​«​ស្នាដៃ​និង​អនាគត​លើក​ទី​០៤» ឆ្នាំ ២០១៦ នេះ ក្រុមការងារ​របស់​យើងខ្ញុំ សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹងមាន​ចូលរួម​ទស្សនា​កាន់តែច្រើន​បន្ថែម​ទៀត​ដើម្បី​ជួយ​គាំទ្រ វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ក៏ដូចជា គាំទ្រ​ចំពោះ​សិល្បៈករ​ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ​៕​

ស្នាដៃ​និង​អនាគត​លើក​ទី​៤ គឺ​លើកកម្ពស់​និង​លើកស្ទួយ​ទម្រង់​ប្រភេទ​សិល្បៈ​បុរាណ​ខ្មែរ​មួយចំនួន ឲ្យ​រស់រាន​ឡើងវិញ​