ប្រទះ​ឃើញ​សព​រលួយ​ស្អុយ ​អណ្ដែត​កណ្ដាល​សមុទ្រ​សង្ស័យ​កម្មករ​ទូក

ប្រទះ​ឃើញ​សព​រលួយ​ស្អុយ ​អណ្ដែត​កណ្ដាល​សមុទ្រ​សង្ស័យ​កម្មករ​ទូក



ព្រះសីហនុ​ ៖​ ​​សព​បុរស​ម្នាក់ ​ដែល​គេ​សង្ស័យ​ថា​ ជា​កម្មករ​ទូក​នេសាទ​ ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ស្ថានភាព ស្អុយរលួយ អណ្ដែត​នៅ​ក្នុង​លំហ​សមុទ្រ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​កោះ​ចន្លុះ និង​កោះ​ឫស្សី ស្ថិត​ក្នុង​ទឹកដី​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​ត្រូវ​បាន​នគរបាល​ព្រំដែន​ទឹក​អូស​យក​មក​កាន់​ឆ្នេរ​ពយ​ម៉ា​ចូ​វ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ព្រំដែន​ទឹក​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​នេសាទ​ភ្លាម​ កម្លាំង​នគរបាល​ព្រំដែន​ទឹក បាន​បញ្ចេញ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ។ ដោយ​សារតែ​ស្ថានភាព​សាកសព​រលួយ លើកដាក់​អូប័រ​មិនបាន​ កម្លាំង​ក៏​ជួយសង្គ្រោះ​ ដោយ​បាន​ទាក់​ខ្សែ​អូស​មកកាន់​ឆ្នេរ​ពយ​ម៉ា​ចូ​វ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​កោសលវិច័យ និង​ចាត់ចែង​បន្ត។

ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​សាកសព ​ដែល​គេ​ប្រទះឃើញ​នេះ​ គេ​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​អាច​សន្និដ្ឋាន​បាន​ថា​ សាកសព​ជា​បុរស អាយុ​ប្រហែល​២០​ឆ្នាំទៅ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​(​សង្ស័យ​កម្មករ​ទូក​)។

ដោយឡែក​យោង​តាម​ការ​បញ្ជាក់​ពី​លោក សារ៉ាត់​វិជ្ជា នាយការិយាល័យ​ពិនិត្យ​សាកសព​បាន​បង្ហើប​ថា ​ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ មានការ​ពិបាក​នឹង​ធ្វើ​កោសលវិច័យ​បន្តិច​​ ព្រោះ​សាកសព​បាន​ស្អុយរលួយ​អស់​ទៅ​ហើយ។ ចំពោះ​ការ​ស្លាប់​វិញ​នៅ​ចន្លោះ​ពី​៧​ទៅ​១០​ថ្ងៃ​មុនគេ​ប្រទះឃើញ៕
ប្រទះ​ឃើញ​សព​រលួយ​ស្អុយ ​អណ្ដែត​កណ្ដាល​សមុទ្រ​សង្ស័យ​កម្មករ​ទូក