សិប្បកម្ម​ផលិត​កន្ត្រក​វល្លិ​ថ្នឹង​ កំពុង​ពង្រីក​ក្នុង​ទីផ្សារ​លើកស្ទួយ​ជីវភាព​

សិប្បកម្ម​ផលិត​កន្ត្រក​វល្លិ​ថ្នឹង​ កំពុង​ពង្រីក​ក្នុង​ទីផ្សារ​លើកស្ទួយ​ជីវភាព​



កណ្ដាល ៖ សិប្បកម្ម​កន្ត្រក បាន​និង​កំពុង ​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​សិប្បករ​ដែល​ចាប់​យក​មក​របរ​នេះ​មាន​ភាព​ធូរធារ​ច្រើន ​ខណៈ​ដែល​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់។

ជាក់ស្ដែង ​បងស្រី ម៉ សារុន រស់​នៅ​ក្នុង​ភូមិកំណើត​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ពី​មុខរបរ​តម្បាញ​កន្ត្រក​ផ្កា​នេះ​ថា គ្រួសារ​គាត់​ចេះ​ត្បាញ​កន្ត្រក​តាំងពី​ដូនតា​សម័យ​សង្គមចាស់​មក​ម្ល៉េះ។ ក្រោយ​ឆ្នាំ​១៩៧៩ បងស្រី​រស់​នៅ​ឯ​ខេត្ត​បាត់ដំបង ​បាន​ត្បាញ​កន្ត្រក​ផ្កា​នេះ​ដែរ​ ដោយ​ដើរ​រែក​លក់​ទៅតាម​ទីផ្សារ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ។ លុះដល់​ឆ្នាំ​១៩៩០​គ្រួសារ​គាត់​បាន​ចូល​មក​រស់​នៅ​ឯ​ភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល​វិញ ដែល​ជា​ស្រុកកំណើត ហើយក៏​នៅតែ​មិន​បោះបង់​មុខរបរ​ត្បាញ​កន្ត្រក​នេះ​ដដែល ដោយ​កាលណោះ​ដឹក​តាម​កង់​លក់​តាម​ទីផ្សារ​មាន​ភាព​ស្រួល​ជាង​ពី​ឆ្នាំ​១៩៧៩​បន្តិច។

បងស្រី​បន្ត​ថា ការ​ត្បាញ​កន្ត្រក​ផ្កា​នេះ​ពីមុនមក​គាត់​ដើរ​តែ​បោច​វល្លិ​ថ្នឹង​ក្នុង​ព្រៃ ពុំបាន​ប្រើ​ដើម​ទុន​ច្រើន​នោះ​ទេ ខុស​ពី​ឥឡូវ​ ត្រូវ​ដើរ​ទិញ​វត្ថុធាតុដើម​វល្លិ​ថ្នឹង និង​ឫស្សី​ពី​បងប្អូន​យើង​ដែល​ចូល​ព្រៃ​រក​វល្លិ​ទើបបាន។ ទន្ទឹម​ទៅ​នឹង​កំណើន​មនុស្ស និង​កំណើន​សេដ្ឋកិច្ច​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ទាម​ទារ​ការ​តម្បាញ​កន្ត្រក​នេះ​ក៏​កាន់​តែ​មាន​បរិមាណ​ច្រើន​ឡើងៗ​ដែរ​ទៅតាម​តម្រូវ​ការ​ទីផ្សារ និង បណ្ដា​ក្រុមហ៊ុន​នានា ដែល​តែងតែ​កុម្ម៉ង់​ទិញ​ឥត​ឈប់ឈរ​នោះ។

បងស្រី សារុន​ បាន​បង្ហាញ​ពី​ក្តី​មោទនភាព​ខ្ពស់​ ដោយ​មុខរបរ​ត្បាញ​កន្ត្រក​មាន​ហាងឆេង​រៀងរាល់​ខែ​ដែល​អាច​រក​បាន​ចំណូល​ក្នុង​មួយៗ​ខែៗ​ប្រមាណ​ជា​២.០០០​ដុល្លារ ដោយ​ការចូលរួម​ពី​បងប្អូន​យើង​ក្នុង​សហគមន៍​ ដែល​ការ​ត្បាញ​កន្ត្រក​នេះ​ដែរ​ទៅតាម​លទ្ធភាព​ដែល​អាច​ត្បាញ​បាន​តិច ឬ​ច្រើន​ប៉ុណ្ណោះ កន្ត្រក​ផ្កា​នេះ​អាច​ត្បាញ​បាន​មួយ​ក្នុង​មួយថ្ងៃ​ទៅតាម​អ្នក​ជំនាញ​តម្បាញ​ស្ទាត់ ឬ​មិន​ស្ទាត់។

កន្ត្រក​សម្រាប់​ដាក់​ផ្កា​ក្រង​ឡើង ពី​វល្លិ​ថ្នឹង និង​បន្ទះ​ឫស្សី​ដោយមាន​ពុម្ព​អាច​ត្បាញ​បាន​តូច ​ឬ​ធំ។ នៅ​ក្នុង​សហគមន៍​ភូមិ​បងស្រី ​សារុន ថា​អ្នក​ដែល​ប្រកបមុខរបរ​ត្បាញ​កន្ត្រក​ជា​លក្ខណៈ​គ្រួសារ​មាន​ប្រមាណ​៣០%។ បើ​កន្ត្រក​ផ្កា​ណា​ខ្នាត​តូច​មានតម្លៃ​លក់​ចេញពី​១.០០០​រៀល ទៅដល់​តម្លៃ​៥​ដុល្លារ។

បងស្រី សារុន បញ្ជាក់​បន្ថែម​ថា ដោយសារតែ​មុខរបរ​តម្បាញ​កន្ត្រក​ពីមុន​ដើរ​រែក​លក់ ដឹក​កង់​លក់​រហូតដល់​មាន​អ្នក​កុម្ម៉ង់​ច្រើន​បាន​ធ្វើ​ឲ្យ​ជីវភាព​គាត់​ដូច​បោះជំហាន​ឡើង​កាំជណ្ដើរ​ដែរ ​គឺ​ចាប់ពី​ផ្ទះ​តូច រហូតដល់​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ក៏​អាស្រ័យ ​ដោយសារ​ការ​ព្យាយាម​តស៊ូ មិន​ចំណាក​ស្រុក និង​ព្រោះតែ​ថ្នាក់ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ ទើប​ធ្វើ​ឲ្យ​មុខរបរ​តម្បាញ​នេះ​មានការ​ជឿនលឿន​ទៅមុខ ​រួម​នឹង​ការ​លើក​ស្ទួយ​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​យើង​ផង​ដែរ៕
សិប្បកម្ម​ផលិត​កន្ត្រក​វល្លិ​ថ្នឹង​ កំពុង​ពង្រីក​ក្នុង​ទីផ្សារ​លើកស្ទួយ​ជីវភាព​
សិប្បកម្ម​ផលិត​កន្ត្រក​វល្លិ​ថ្នឹង​ កំពុង​ពង្រីក​ក្នុង​ទីផ្សារ​លើកស្ទួយ​ជីវភាព​