កម្ពុជា ​ជា​ប្រទេស​តែមួយគត់​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​លើ​ជំងឺរបេង​

កម្ពុជា ​ជា​ប្រទេស​តែមួយគត់​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​លើ​ជំងឺរបេង​



ភ្នំពេញ ៖ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​នឹង​ជំងឺរបេង​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ជា​ប្រទេស​តែមួយគត់​ក្នុងចំណោម​បណ្ដា​ប្រទេស​ទាំង​២២ ដែល​មាន​បន្ទុក​ជំងឺរបេង​ច្រើនជាងគេ​នៅ​លើ​ពិភពលោក​បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍​​សហស្សវត្សរ៍​នៅ​ឆ្នាំ​២០១៥ ​តែ​យ៉ាងណាក៏ដោយ ​ក៏​កម្ពុជា​នៅ​មាន​ករណី​ជំងឺរបេង​ច្រើន​នៅឡើយ។

លោក​វេជ្ជបណ្ឌិត ​ម៉ៅ​ តាន់​អ៊ាង ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី​២៤​ខែ​មីនា ​ដែល​ជា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺរបេង​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ថា​បច្ចុប្បន្ន​ កម្ពុជា​ ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ចំនួន​៣០​ ដែល​អង្គការ​ពិភពលោក​បាន​ធ្វើ​ចំណាត់​ថ្នាក់​ថ្មី​ដែល​មាន​បន្ទុក​ជំងឺរបេង​ច្រើន​ដែល​ពីមុន​អង្គការ​ពិភពលោក​បាន​កំណត់​ទៅ​លើ​២២​ប្រទេស​ប៉ុណ្ណោះ។

ក្នុង​ការ​កាត់បន្ថយ​ជំងឺរបេង​នេះ​ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ​កម្ពុជា​កំពុងតែ​រៀបចំ​កៀរគរ​ធនធាន​ដើម្បី​សម្រេច​ផែនការ​ថ្មី ឆ្នាំ​២០១៤-២០២០ ដើម្បី​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព ​ក្នុង​នោះ​មជ្ឈមណ្ឌល​ជាតិ​ក៏មាន​ផែនការ​បញ្ចប់​ជំងឺ​របេង​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣០​ផង​ដែរ។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នោះ​បាន​លើក​របាយការណ៍​មក​បញ្ជាក់​ថា ​នៅ​ឆ្នាំ​២០១៥​កន្លង​មក​នេះ​ កម្ពុជា​បាន​ស្រាវជ្រាវ​រក​ឃើញ​ជំងឺរបេង​ចំនួន​៣៧.០០០​នាក់ ​តិច​ជាង​ឆ្នាំ​២០១៤​ ចំនួន​ជាង​៣.០០០​នាក់។

លោក​មាន​ជំនឿ​ទុកចិត្ត​ថា​ កម្ពុជា​ នឹង​កៀរគរ​ធនធាន​សម្រេច ​ដើម្បី​បាន​ផែនការ​ក្នុង​ការ​កម្ចាត់​ជំងឺរបេង​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០២០ ​ព្រោះថា​យើង​មាន​ដៃគូ​ជាច្រើន​ពិសេស​លោក​វេជ្ជបណ្ឌិត KATSUNORI មន្ត្រី ថ្នាំ​បង្ការ មកពី​អង្គការ​សុខភាព​ពិភពលោក​ ព្រមទាំង​មាន​បណ្ដា​អង្គការ​ដៃគូ​ជាច្រើន​ទៀត​កំពុង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺរបេង។

ពាក់ព័ន្ធ​នឹង​ទិវា​ប្រយុទ្ធ​នឹង​ជំងឺរបេង​វិញ​ លោក​វេជ្ជបណ្ឌិត​ ម៉ៅ ​តាន់​អ៊ាង​ បាន​បញ្ជាក់​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺរបេង​ឆ្នាំ​២០១៦​នេះ ​ប្រព្រឹត្តិ​ទៅ​ក្រោម​ពាក្យស្លោក​ថា ​«រួមគ្នា​ដើម្បី​បញ្ចប់​ជំងឺ​របេង​»។ ទិវា​នេះ ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រារព្ធ​ចំនួន​២១​ឆ្នាំ​កន្លង​មក​ហើយ ក្នុង​គោល​បំណង​រលឹក​គុណ​ដល់​អ្នកប្រាជ្ញ​ឈ្មោះ ​រ៉ូ ប៊ែ​គ កូ​ស​ ដែល​លោក​បាន​រក​ឃើញ​មេរោគ​របេង​នៅ​ឆ្នាំ​១៨៨២។​

លោក​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ នៅ​ឆ្នាំ​២០១៤ នៅ​លើ​ពិភពលោក​មាន​អ្នកជំងឺ​របេង​ចំនួន​៩.៩០០.០០០​នាក់​ និង​ស្លាប់​ចំនួន​២.៥០០.០០០​នាក់៕

កម្ពុជា ​ជា​ប្រទេស​តែមួយគត់​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​លើ​ជំងឺរបេង​