ក្រុមការងារ​ចម្រុះ​ខេត្ត​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ ករណី​រំលោភ​យក​ដី​ព្រៃ​រដ្ឋ​រាប់​រយ​ហិកតា​ នៅក្នុង​ភូមិ​ក្តុ​ល​

ក្រុមការងារ​ចម្រុះ​ខេត្ត​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ ករណី​រំលោភ​យក​ដី​ព្រៃ​រដ្ឋ​រាប់​រយ​ហិកតា​ នៅក្នុង​ភូមិ​ក្តុ​ល​



កំពង់ឆ្នាំង ​៖​ បន្ទាប់ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​គេ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​នៅក្នុង​ភូមិ​ក្តុល ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​ លោក ជុន ថា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង និង​ធ្វើការ​ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​ចោទ​ថា លោក សោម សុទ្ធ មេភូមិ​ក្តុល និង​ឈ្មោះ ម៉ៅ វឿន ជា​ឈ្មួញ​គក់​ជេរ​ដី មាន​គ្រឿងចក្រ​លួច​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​រដ្ឋ​ខាង​លើ​នេះ​។
​ ​
លោក ជុន ថា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ចម្រុះ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប​ញ្ជា​ឲ្យ​ក្រុមការងារ​ចម្រុះ​ ដែល​មាន​មន្ទីរ​សុរិយោដី​ខេត្ត ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កងរាជអាវុធហត្ថ​ស្រុក​ខេត្ត នគរបាល​ស្រុក-​ខេត្ត និង​អាជ្ញាធរ​ស្រុក​ទឹកផុស​ផង​ដែរ ចុះ​ស្រាវជ្រាវ​ករណី​ឈូស​ឆាយដី​ចំណុ​ច​ខាង​លើ​នេះ​។​

លោក​អភិបាលខេត្ត​បាន​ឲ្យ​ក្រុមការងារ​ចម្រុះ​ពិនិត្យ​ ទី​១.​ត្រួត​ពិនិត្យមើល​ទីតាំង​ដី​គ្រប់​ចំណុច​ឈូស​ឆាយ​រួច និង​មិនទាន់​ឈូស​ឆាយ ​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ទី​២.​ផ្ទៀងផ្ទាត់​ទិន្នន័យ​រវាង​រដ្ឋ​បាល​ព្រៃឈើ និង​សុរិយោដី ទី​៣.​ស្រាវជ្រាវ​រក​ក្បាលដី​ដែល​បាន​វាស់វែង​រួច ក្បាលដី​លេខ​ប៉ុន្មាន ឈ្មោះ​អ្វី ដី​ណា​ជា​ដី​ធ្វើ​អនុប្រយោគ ដី​ណា​ជា​ដី​ប្រជាពលរដ្ឋ ដី​ណា​ជា​ដី​ព្រៃ​រដ្ឋ ទី៤.​ដី​ដែល​គេ​លប​លួ​ច​ឈូស​ឆាយ​រួចរាល់​មាន​ហិក​តា អ្នកណា​ជា​អ្នក​ឈូស​ឆាយ ទិញ​ពី​អ្នកណា​ពិតប្រាកដ មានច្បាប់​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​ឬទេ ទី​៥.​ពាក់ព័ន្ធ​ទៅ​នឹង​ការចែក​លុយ​ក្នុង​១​គ្រួសារ​១០០​ដុល្លា អ្នកណា​ជា​អ្នក​ចែក​? បាន​លុយ​ពី​ណា​? មាន​គោលបំណង​អ្វី​? ទី​៦. ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ​រឿងហេតុ​នេះ ៧.​ត្រូវធ្វើ​របាយការណ៍​ជូន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​។

ចំណែក​ការ​ចុះ​ស្រាវជ្រាវ​ក្នុងថ្ងៃនេះ​ក្រុមការងារ​ចំរុះ​ខេត្ត បាន​ចុះ​វាស់​និយាម​កាម​លើ​ដី​ឈូស​ឆាយ​ជាក់ស្តែង​ទាំងអស់ ​ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយ​ទិន្នន័យ​ចាស់ និង​ក្តាប់​ព័ត៌មាន​ពី​អ្នក​ពាក់ព័ន្ធ​ពុំ​ទាន់​បាន​ទទួល​លទ្ធផល​នៅឡើយ​ទេ​។​

​ដោយឡែក​តំណាង​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស សុំ​លាក់​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ កន្លងមក​មាន​ឈ្មួញ​គក់​ជេរ​ដី និង​លោក​មេភូមិ​ក្តុល បាន​ឃុបឃិត​គ្នា​បោក​ប្រាស់​ប្រជាពលរដ្ឋ​ ដោយ​យក​លុយ​ជា​ធ្នាក់ គឺ​គេ​បាន​យក​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​១០០​ដុល្លារ ដោយ​ប្រាប់​ថា​ ជា​លុយ​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​បាន​ឲ្យ​ប្រជាព​លរដ្ឋ​ផ្ដិតមេដៃ​ទទួល​យក​លុយ ក្រោយមក​គេ​បាន​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ឯកសារ​ទិញ​ដី​លក់​ទៅ​ឲ្យ​ឈ្មួញ​នៅ​ចំណុច​ដក់​ត្រី ភូមិ​ក្តុល ហើយ​ ឈ្មោះ ម៉ៅ វឿន ដែល​មាន​អាបុល​៤​គ្រឿង អេ​ស្កាវ៉ាទ័រ​១​គ្រឿង និង​ត្រាក់ទ័រ​ធំៗ​៣​គ្រឿង ក៏បាន​លួច​ឈូស​ឆាយ​ដី​ព្រៃ​ទាំងនោះ​ជា​បន្តបន្ទាប់​រយៈ​ពេ​ល​ជិត​១​ឆ្នាំ​បាន​ប្រមាណ​៤០០​ហិកតា​ហើយ​។​ ​

ទាក់ទង​នឹង​រឿង​នេះ ​លោក សោម សុទ្ធ មេភូមិ​ក្តុល បាន​ឲ្យ​ដឹង​ថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោ​ទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ឡើយ ចំពោះ​ការទិញ​លក់​ដី​ជា​រឿង​អ្នកទិញ​ដី​ជាមួយ​ប្រជាពលរដ្ឋ​។​

ដោយឡែក​ ឈ្មោះ ម៉ៅ វឿន ជា​អ្នក​គូក​ជេរ​ដី ​និង​ឈូស​ឆាយ​ដី​ព្រៃ មិនអាច​សុំ​ការ​បំភ្លឺ​បានទេ​ជុំវិញ​ការចោទប្រកាន់​ខាង​លើ​នេះ ព្រោះ​ពេល​តេ​ចូល​លោក​បាន​បិទ​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមីនា​នេះ​។​
​ ​
ជុំវិញ​រឿង​ខាង​លើ​នេះ​គេ​ឆ្ងល់​ថា ចំណុច​ដក់​ត្រី​នេះ ​ត្រូវ​បាន​គេ​ឈូស​ឆាយ​ដី​ព្រៃ​ជិត​១​ឆ្នាំ​មក​ហើយ ហេតុ​អី​ទើបតែ​មានការ​ភ្ញាក់ផ្អើល ហើយ​នៅក្នុង​រយៈ​ជិត​១​ឆ្នាំ​ពេលនេះ​ អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ម្ដេច​មិន​ដឹង ​និង​មិន​ទប់ស្កាត់​។​ ដោយឡែក​មន្ត្រី​សុរិយោដី​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដី​នៅ​ចំណុច​នេះ​មួយចំនួន​ក្រុម​និស្សិត​បាន​វាស់វែង​ឲ្យ​ប្រជាពលរដ្ឋ ករណីនេះ​ពេល​ក្រុមការងារ​ចម្រុះ​វាស់វែង​ ហើយ​យក​ទិន្នន័យ​នេះ​ទៅ​ផ្ទៀងផ្ទាត់ ​ជាមួយ​នឹង​ទិន្នន័យ​ចាស់ និង​ទិន្នន័យ​របស់​រដ្ឋបាល​ព្រៃឈើ​ខេត្ត ទើប​ដឹង​ថា​ ដី​ព្រៃ​រដ្ឋ​ដែល​គេ​ឈូសឆាយ​រំលោភ​យក​ទាំង​អស់​នោះ​មាន​ប៉ុន្មាន​ហិកតា ហើយ​អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​ចាត់​ការ​បែប​ណា​៕

ក្រុមការងារ​ចម្រុះ​ខេត្ត​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ ករណី​រំលោភ​យក​ដី​ព្រៃ​រដ្ឋ​រាប់​រយ​ហិកតា​ នៅក្នុង​ភូមិ​ក្តុ​ល​

ក្រុមការងារ​ចម្រុះ​ខេត្ត​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ ករណី​រំលោភ​យក​ដី​ព្រៃ​រដ្ឋ​រាប់​រយ​ហិកតា​ នៅក្នុង​ភូមិ​ក្តុ​ល​

ក្រុមការងារ​ចម្រុះ​ខេត្ត​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ ករណី​រំលោភ​យក​ដី​ព្រៃ​រដ្ឋ​រាប់​រយ​ហិកតា​ នៅក្នុង​ភូមិ​ក្តុ​ល​
​ ​