ចំនួន​កុមារ​កំព្រា​នៅ​កម្ពុជា​កើន​ឡើង​៩២%​ ក្នុង​ឆ្នាំ​២០១៥

ចំនួន​កុមារ​កំព្រា​នៅ​កម្ពុជា​កើន​ឡើង​៩២%​ ក្នុង​ឆ្នាំ​២០១៥



ភ្នំពេញ ​៖ នៅ ក្នុង​ឆ្នាំ​២០១៥​ គេ​បាន​រក​ឃើញ​ថា មាន​កុមារ​កំព្រា​ចំនួន​១.១៧៨៨​នាក់ បាន​និង​កំពុង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ចំនួន​២៦៧​កន្លែង ក្នុង​ខេត្ត​ចំនួន​៥ នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ប្រមាណ​៩២​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លងទៅ។

តាម​ការសិក្សា​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​កុមារ​កំព្រា​តែ​៧​ពាន់​៥៤៥​នាក់ នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​តែ​១៣៩​តែប៉ុណ្ណោះ ក្នុង​ចំនួន​៥​ដូច​គ្នា​នេះ។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ UNICEF កម្ពុជា និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ កាលពី​ថ្ងៃ​ទី​២៤​មីនា​បាន​ឲ្យ​ដឹង​ថា ​ការសិក្សា​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ខេត្ត​និង​ក្រុង​ចំនួន​៥ ដែល​មាន​ដូចជា​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​ខេត្ត​កណ្តាល ក្រោម​ការ​ឧ​ត្ត​ម​ពី​អង្គការ UNICEF USAID ហើយ​នឹង​ដៃគូ​ក្នុង​គម្រោង​ការពារ​កុមារ (3PC)។

លោក ​វង្ស សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​រយៈពេល​វែង​មួយ​ជុំវិញ​ការ​កើន​ឡើង​យ៉ាង​ច្រើន​នូវ​ចំនួន​មណ្ឌល​កុមារ​កំព្រា​នៅ​ក្នុង​ប្រទេស។ ហើយ​កត្តា​នេះ​ក៏បាន​បង្ក​ឲ្យ​មាន​បញ្ហា និង​ការ​ប្រឈម​ជាច្រើន​ដូចជា​ការអប់រំ ការរស់នៅ និង​សុវត្ថិភាព​ចំពោះ​កុមារ​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​អស់ទាំងនោះ។

ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ មណ្ឌល​កុមារ​កំព្រា​ទាំង​២៦៧​កន្លែង​នោះ​មាន​៥៧​កន្លែង​ ជា​ផ្ទះ​សម្រាប់​ស្នាក់នៅ​ជា​ក្រុម​, ២០​កន្លែង​ជា​ផ្ទះ​សម្រាប់​ស្នាក់នៅ និង​បញ្ជូន​បន្ត​ទៅកាន់​កន្លែង​មួយ​ផ្សេងទៀត​,១១កន្លែង​ទៀត​គឺជា​អគារ​ស្នាក់នៅ​បែប​សាសនា ហើយ​នឹង​៤៦​កន្លែង​ទៀត គឺជា​កន្លែង​ស្នាក់នៅ​ផង និង​ជា​កន្លែង​សិក្សា​ផង​។ កន្លែង​ទាំងអស់នេះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​សិក្សា​ចំនួន​៥​ខេត្ត និង​ក្រុង។ មណ្ឌល​កុមារ​កំព្រា​ភាគច្រើន ត្រូវបាន​រកឃើញថា ផ្តល់​នូវ​ការថែទាំ និង​ស្នាក់​នៅ​ក្នុង​រយៈពេល​វែង គឺ​មាន​រយៈពេល​លើស​ពី​៦​ខែ។ មាន​កត្តា​ច្រើនយ៉ាង​ដែល​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​បញ្ជូន​កូន​របស់​ខ្លួន​ទៅកាន់​មណ្ឌល​កុមារ​កំព្រា។ បញ្ហា​ទាំងអស់នោះ​រួមមាន ​ការ​លែងលះ ជីវភាព​ក្រីក្រ ឪពុកម្ដាយ​ធ្វើ​ចំណាកស្រុក ហើយ​នឹង​ការ​យល់​ឃើញ​ថា ​មណ្ឌល​កុមារ​កំព្រា​ជា​កន្លែង​មួយ​ដែល​អាច​ផ្តល់​នូវ​ការអប់រំ ថែ​ទាំង និង​ជា​កន្លែង​មួយ​ដ៏​ល្អ​ក្នុង​ការ​ចិញ្ចឹម​កូនៗ​របស់​ពួកគេ​។ ហើយ​ក្នុង​នោះ​ដែរ ក៏​មាន​ការចូលរួម​ផ្សព្វផ្សាយ និង​ដើរ​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​ខាង​មណ្ឌល​កុមារ​កំព្រា​មួយ​ចំនួន​ផង​ដែរ។

ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ជា​សកល​បាន​បង្ហាញ​ថា ការរស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា អាច​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កុមារ​ទាំង​ផ្នែក​រាងកាយ បញ្ញា​ស្មារតី និង​ការវិវឌ្ឍន៍​ផ្នែក​អារម្មណ៍ ក្នុង​រយៈពេល​វែង នៅ​ពេល​ដែល​ពួកគេ​ធំ​ពេញវ័យ​។

កញ្ញា Debora Comini តំណាង​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា យើង​នៅតែ​បន្ត​ធ្វើ​ការ​បញ្ជា​ក់ថា ការចូលរួម​ថែទាំ​ពី​ក្រុម​គ្រួសារ និង​សហគមន៍​ចំពោះ​កុមារ គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ព្រោះថា​ការរស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ ក៏​អាច​បង្ក​ផល​អវិជ្ជមាន​មួយ​ចំនួន​ដែរ ដែល​រួម​មាន​ដូចជា​ការ​ប្រឈម​នឹង​ការរំលោភ​លើ​ផ្នែក​រាងកាយ ការ​បៀតបៀន​ផ្លូវ​ភេទ ហើយ​អាច​នឹង​ជះ​ឥទ្ធិពល​អាការៈ​ដល់​ការលូតលាស់ ​និង​ការ​អភិវឌ្ឍ​របស់​កុមារ៕

ចំនួន​កុមារ​កំព្រា​នៅ​កម្ពុជា​កើន​ឡើង​៩២%​ ក្នុង​ឆ្នាំ​២០១៥