ពាណិជ្ជករ​ចិន​នៃ​ទីក្រុង​ណាន​នី​ង​ ចាប់អារម្មណ៍​ពី​សក្ដានុពល​វិនិយោគ​ នៅ​កម្ពុជា​​

ពាណិជ្ជករ​ចិន​នៃ​ទីក្រុង​ណាន​នី​ង​ ចាប់អារម្មណ៍​ពី​សក្ដានុពល​វិនិយោគ​ នៅ​កម្ពុជា​​



​ភ្នំពេញ​ ៖ គណៈប្រតិភូ​មួយ​ក្រុម​ពី​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​ដឹកនាំ​ដោយ​ លោក ម៉េ​ង វិ​ន​ហ៊ូ ​(Meng Wenhu) អគ្គ​លេខាធិការរង​នៃ​រដ្ឋបាល​ទីក្រុង​ណាន​នី​ង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា បាន​ចូល​ជួប​ជាមួយ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ការ​ជំនួប​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ទៅលើ​វិស័យ​នានា​ដែល​គិតថា អាច​ធ្វើ​ទៅ​បាន​។​
លោក ម៉េង វិ​ន​ហ៊ូ ​(Meng Wenhu) បាន​បញ្ជាក់​ប្រាប់​ថា ក្រុម​គណៈប្រតិភូ​ពាណិជ្ជករ​ចិន​ពី​ទីក្រុង​ណាន​នី​ង កំពុង​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ផ្នែក​ទេសចរណ៍វប្បធម៌​នៅ​ភ្នំពេញ និង​មានបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

លោក​បន្ត​ថា កម្ពុជា​មាន​សក្ដានុពល​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ពី​បរទេស ដោយសារ​កម្ពុជា​ជា​ប្រទេ​ស​នៅ​ចំ​កណ្ដាល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​តំបន់​។ លោក ម៉េង វិ​ន​ហ៊ូ បាន​ឲ្យ​ដឹង​ថា ទំនិញ​កសិកម្ម​របស់​កម្ពុជា ពិសេស​អង្ករ​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ចិន​នៅក្នុង​ខេត្ត​ក្វាង​ស៊ី ហើយ​ប្រជាជន​ចិន​នៅ​ទីនោះ ចង់​ឲ្យ​កម្ពុជា​នាំ​ផលិតផល​សិប្បកម្ម​ចូល​ទៅ​កាន់​ទីក្រុង​ណាន​នី​ង​ឲ្យ​បាន​ច្រើន ដោយ​ភាគី​ខាង​ចិន​រង់ចាំ​សម្រួល​បែបបទ​នៃ​ការ​នាំ​ចូល​។​

លោក ឃួ​ង ស្រេង បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​លើ​ការ​វិនិយោគ​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ដែល​នាំមក​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទាំង​ផ្នែក​នយោ​បាយ និង​សេដ្ឋកិច្ច​។​

លោក​អភិបាលរង​រូប​នេះ បាន​ជំរុញ​ឲ្យ​ពាណិជ្ជករ​ចិន​ពិនិត្យ​លើ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ការកែច្នៃ​សំរាម សំណង់​អគារ ផ្លូវថ្នល់ កសិឧស្សាហកម្ម សុខាភិបាល ជាដើម​។ លោក​ថា នៅ​ភ្នំពេ​ញ​មិន​ទាន់​មាន​មន្ទីរពេទ្យ​ធំៗ​ពី​ប្រទេស​ចិន​មក​វិនិយោគ​នោះ​ទេ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​ត​ភ្ជាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច និង​ទី​ជន​បទ ក៏​មិន​ទាន់​មាន​គ្រប់គ្រាន់​។ លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ផ្លូវ​សូត្រ​សមុទ្រ​របស់​ប្រទេស​ចិន និង​ផ្លូវដែក​អាស៊ាន​ចិន​(​ប្រទេស​សិង្ហបូរី​-​គុន​មីង​)​។ លោក ឃួ​ង ស្រេង បញ្ជាក់​ថា ក្នុង​រាជធានី​ភ្នំពេញ កំពុង​មានការ​មមាញឹក​ផ្នែក​ចរាចរ ដែល​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង ដោយ​ក្នុង​នោះ​បាន​និង​កំពុង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ មក​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​៕​

ពាណិជ្ជករ​ចិន​នៃ​ទីក្រុង​ណាន​នី​ង​ ចាប់អារម្មណ៍​ពី​សក្ដានុពល​វិនិយោគ​ នៅ​កម្ពុជា​​

ពាណិជ្ជករ​ចិន​នៃ​ទីក្រុង​ណាន​នី​ង​ ចាប់អារម្មណ៍​ពី​សក្ដានុពល​វិនិយោគ​ នៅ​កម្ពុជា​​

ពាណិជ្ជករ​ចិន​នៃ​ទីក្រុង​ណាន​នី​ង​ ចាប់អារម្មណ៍​ពី​សក្ដានុពល​វិនិយោគ​ នៅ​កម្ពុជា​​