កូនប្រុស​ វាយ​ប្រពន្ធ​ និង​ឪពុកក្មេក​របួសធ្ងន់​ នៅ​ស្រុក​កណ្ដាលស្ទឹង ត្រូវ​តុលាការ​ឃុំខ្លួន​

កូនប្រុស​ វាយ​ប្រពន្ធ​ និង​ឪពុកក្មេក​របួសធ្ងន់​ នៅ​ស្រុក​កណ្ដាលស្ទឹង ត្រូវ​តុលាការ​ឃុំខ្លួន​



​កណ្ដាល​ ៖​ មន្ត្រី​តុលាការ​ថ្លែង​ថា កូនប្រុស​ម្នាក់​ដែល​វាយ​ប្រពន្ធ​ និង​ឪពុកក្មេក​របួសធ្ងន់ ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១​៦ ក្រោម​ការចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ។​

​មន្ត្រី​តុលាការ ដដែល​បាន​ឲ្យ​ដឹង​ថា កូនប្រុស​រូប​នេះ ​ឈ្មោះ ដា​រ៉ា សារ៉ូ អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ ។ ចំណែក​ជនរងគ្រោះ ​ឈ្មោះ សន វណ្ណ​ដេ​ត អាយុ​៤២​ឆ្នាំ ជា​ប្រពន្ធ និង ឈ្មោះ ស៊ិន វណ្ឌ​ន អាយុ​៦៥​ឆ្នាំ ជា​ឪពុកក្មេក។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​រលាំង​កែន ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង មុន​ពេល​កើតហេតុ ប្រពន្ធ​បាន​ហៅ​ប្ដី​មក​ហូបបាយ តែ​ប្ដី​ឆ្លើយតប​ថា មិនទាន់​ហូប​ទេ។ ពេលនោះ​ប្រពន្ធ​បាន​ពរ​កូន​ដើរ​ទៅ​លេង​ផ្ទះ​អ្នកជិតខាង​។​ ក្រោយមក ប្រពន្ធ​បាន​មក​ផ្ទះ​ខ្លួន​វិញ រួច​រៀបចំ​បាយ​ឲ្យ​ប្ដី​ហូប ហើយក៏​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ​វិញ​។ បន្ទាប់​មក​ទៀត ប្ដី បាន​បិទ​ភ្លើង​អំពូល​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ រួច​បិទ​ទ្វារផ្ទះ​មិន​ឲ្យ​ប្រពន្ធ​ចូលក្នុង​ផ្ទះ​នោះ​ទេ។ មួយសន្ទុះ​ក្រោយមក ប្ដី​បាន​បើកទ្វារ​ផ្ទះ រួច​យក​ដំបង​ឈើ​ជ្រុង​ប៉ុន​ក​.​ដៃ​មនុស្ស​ចាស់​ប្រវែង​១៤០​សង់ទីម៉ែត្រ ​វាយ​ប្រពន្ធ​ចំនួន​៣​ដំបង​ចំ​ភ្លៅ​ខាងឆ្វេង​ ២ដំបង​ចំ​ភ្លៅ​ខាង​ស្ដាំ​មួយ​ដំបង បណ្ដាល​ឲ្យ​ហើម​ជាំ​។​ ឃើញ​ដូច្នោះ ឪពុកក្មេក​បាន​មក​ជួយ​ឃាត់ ក៏​ត្រូវ​កូន​ប្រសា​យក​ដំបង​ដដែល​វាយ​ចំ​២​ដំបង គឺ​ចំ​ភ្លៅ​ខាងឆ្វេង១​ដំបង និង​ចំក្បាល​ខាងឆ្វេង១ដំបង បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរឈាម​។ ភ្លាម​នោះ បងប្អូន និង​អ្នកភូមិ ក៏​មក​ជួយ​ឃាត់ ឈាន​ដល់​នគរបាល​ប៉ុស្តិ៍​រលាំង​កែន ឃាត់ខ្លួន​ជនល្មើស​តែម្តង៕