ក្រុម​យុវជន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ដើម្បី​ស្នើ​ឲ្យ​រដ្ឋ​សភាព​ពន្លឿន​ការ​កោះហៅ​ លោក កឹម សុខា ចូល​បំភ្លឺ​(update)

ក្រុម​យុវជន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ដើម្បី​ស្នើ​ឲ្យ​រដ្ឋ​សភាព​ពន្លឿន​ការ​កោះហៅ​ លោក កឹម សុខា ចូល​បំភ្លឺ​(update)



ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ ក្រុម​យុវជន និង​និស្សិត​ប្រមាណ​ជាង​១០​នាក់ បា​ន​នាំ​គ្នា​ឡើង​ទៅ​ដាក់​ញត្តិ​ជា​ថ្មី​ទៀត​ទៅកាន់​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​កោះហៅ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​ឆ្លើយ​បំភ្លឺ​ករណី​បែកធ្លាយ​សំឡេង​សាសង​ស្នេហា​ជាមួយ​ស្រី​ជា​ច្រើន ហើយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

ញត្តិ​ដែល​ក្រុម​យុវជន​យក​ទៅ​ដាក់​នៅ​រដ្ឋសភា នា​ព្រឹក​នោះ​មាន​ចំនួន​២ គឺ ទី​១. ជូន​ប្រធាន​រដ្ឋសភា​ជាតិ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ទី​២. គោរព​ជូន​ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន​គណៈ​ក​ម្ម​ការ​ទី​១ រដ្ឋសភា ទទួលបន្ទុក​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា ដើម្បី​ជួយ​ជំរុញ​ការ​កោះហៅ​ លោក កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែ​អាត់​សម្លេង​អសីលធម៌ ដែល​ខ្សែអាត់​សម្លេង​នោះ លោក កឹម សុខា បាន​ជំរុញ​នារី​ម្នាក់​ឲ្យ​យក​កូន​ចេញ ដែល​ជា​ទង្វើ​ប៉ះពាល់​សិ​ទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

លោក ស្រី ចំរើន តំណាង​យុវជន​ដែល​បាន​យក​លិខិត​ទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ញត្តិ​នេះ​ដាក់​បន្ថែម​ជូន​រដ្ឋសភា គឺ​ដើម្បី​ស្នើសុំ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិ​ន ប្រធានរដ្ឋសភា​ជំរុញ និង​ពន្លឿន ការ​កោះហៅ ​លោក ​កឹម សុខា បកស្រាយ​សម្លេង​ខ្សែអាត់​អសី​ល​ធម៌​នោះ។ ចំពោះ​ញត្តិ​ដែល​ដាក់​ជូន​សម្ដេច​ប្រធានរដ្ឋសភា គឺ​ត្រូវ​បាន​ខាង​រដ្ឋសភា​ទទួល​យក​ញត្តិ​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ចំណាត់ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។​

ឆ្លើយតប​សំណួរ​ថា តើ​បាន​ថវិកា​ពីណា​ប្រភព​ណា ដើម្បី​ធ្វើ​សកម្មភាព​នេះ លោក ស្រី ចំរើន បញ្ជាក់​ថា ចំពោះ​សកម្មភាព ដែល​ក្រុម​យុវជន និង​និស្សិត បាន​ធ្វើ​នេះ គឺជា​សកម្មភាព​រួមគ្នា​របស់​ក្រុម​និស្សិ​ត​ផ្ទាល់ ដោយ​ការសម្រេចចិត្ត​ចូលរួម និង​សហការ​គ្នា មិនបាន​មកពី​ប្រភព​ណា មាន​គណបក្ស​នៅ​ពីក្រោយ​ទេ​។​

ទាក់ទង​ការ​ប្រកាន់​ជំហរ​របស់​ លោក ​កឹម សុខា មិន៣ គឺ​មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ ត្រូវ​បាន​លោក ស្រី ចំរើន លើក​ឡើង​ថា “​សម្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ប្រកាន់​គោ​ល​ជំហរ​បែបនេះ គឺ​មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ តែ​អ្វី​ដែល​លោក​បានដឹង​កន្លងមក​នេះ គឺ​លោក​កឹម សុខា បាន​ប្រកាន់​នៅ​គោលជំហរ​មួយ គឺ​វប្បធម៌​សន្ទនា ហើយ​បើសិនជា​គាត់​ប្រកាន់​ភ្ជាប់​នូវ​ឃ្លា​មួយ​ថា មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ អីចឹង​វប្បធម៌​សន្ទនា គឺ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​”​។​

លោក ស្រី ចំរើន អះអាង​ថា កាលណា​បង្កើត​នូវ​វប្បធម៌​សន្ទនា​មួយ គឺ ​លោក ​កឹម សុខា ត្រូវតែ​ឈ្លោះ ត្រូវតែ​ឆ្លើយ ត្រូវតែ​ឆ្លង ជាមួយ​ប្រជាពលរដ្ឋ ជាមួយ​សិស្ស និស្សិត ក៏ដូចជា​មហាជន​ទូទៅ ពីព្រោះ​ លោក ​កឹម សុខា ជា​តំណាងរាស្ត្រ​ទទួល​បោះឆ្នោត​ជ្រើសតាំង​តាមរយៈ​ប្រជាពលរដ្ឋ ដូច្នេះ​ការ​ស្នើសុំ​បញ្ចេញមតិ​យោបល់​ពី​ប្រជាពលរដ្ឋ លោ ក​កឹម សុខា ត្រូវតែ​ហ៊ាន​ចេញមុខ មក​ទទួល​ខុស​ត្រូវ និង​ហ៊ាន​ចេញមុខ​មក​បកស្រាយ​នូវ​ការពិត តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

ដោយឡែក​តាម​ខ្លឹមសារ​នៃ​លិខិត​របស់​ក្រុម​យុវជន ដែល​ដាក់​ជូន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ និង​លិខិត​ដែល​ដាក់​ជូន​ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ក្រុម​យុវជន​បាន​ជំរុញ​ឲ្យ​សម្ដេច​ប្រធានរដ្ឋសភា និង​ លោក អេង ឆៃអ៊ាង ពន្លឿន និង​ជំរុញ​ការ​កោះហៅ​ លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ខ្សែអាត់​សំឡេង​អសីលធម៌​តាម​នីតិវិធី​របស់​រដ្ឋ​សភា​។ លិខិត​បាន​បញ្ជាក់​ថា “​ដោយសារ​ឯកឧត្តម កឹម សុខា មិន​ព្រម​ចេញមុខ​បកស្រាយ​ការពិត ទើប​យើង​ខ្ញុំ​ទាំងអស់គ្នា​ស្នើ​ដាក់​ញត្តិ​នេះ​ជូន​សម្ដេច​ប្រធាន និង​ឯកឧត្តម​ប្រធាន​មេត្តា​ជួយ​ពន្លឿន និង​ជំរុញ​ការ​កោះហៅ​ឯកឧត្តម កឹម សុខា សមាជិកសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ឲ្យ​ចូល​មក​បំភ្លឺ​តាម​នីតិវិធី​របស់​រដ្ឋ​សភា​ដល់​យុវជន និស្សិត និង​ប្រជាពលរដ្ឋ​”​។​

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​ពិចារណា​ម្ដងទៀត ទៅលើ​ពាក្យបណ្ដឹង​របស់​ក្រុម​យុវជន និង​និស្សិត ដែល​បាន​ដា​ក់​ពាក្យ​ប្ដឹង​ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​ភ្ជាប់​អង្គហេតុ​មួយចំនួន ក្នុង​នោះ​មាន​ខ្សែអាត់​សំឡេង និង​ការ​ដាក់​លុយ​តាម​ធនាគារ​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​ចំនួន​៤ ពាន់​ដុល្លារ និង​ការទិញ​ដី ទិញ​ផ្ទះ​មួយចំនួន​ផង​ដែរ ហើយ​ជា​លទ្ធផល​អង្គ​ភា​ព​ប្រឆាំង​អំពើពុករលួយ​បានសម្រេច​ទទួលយក​ពាក្យ​បណ្ដឹង​ទៅ​ធ្វើ​ការស៊ើបអង្កេត ហើយ​គ្រោង​នឹង​បើក​ស្រោមសំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ លោក កឹម សុខា នៅពេល​ខាងមុខ​៕