ធ្វើ​ជា​ប្តី​ប្រពន្ធ​និង​គ្នា​សូ​ម​កុំ​ធ្វើ​រឿង​ទាំង​នេះ​

ធ្វើ​បុណ្យ​១០​ជាតិ​មាន​និស្ស័យ​បាន​ស្គាល់​គ្នា រាប់​អាន​គ្នា ធ្វើ​បុណ្យ​១០០​ជាតិ​មាននិស្ស័យ​បាន​ជិះ​ទូក​នឹង​គ្នា ធ្វើបុណ្យ​១០០០ជាតិ​មាននិស្ស័យ​ធ្វើ​ជា​ប្តីប្រពន្ធ​នឹង​គ្នា​… ទាំង​នេះ​គឺ​ជា​​រង្វាស់រង្វាល់​មួយ​អោយដឹងថា ការ​បាន​គ្នា​ជាប្តី​ប្រពន្ធ​មិនមែន​ត្រឹម​តែ​ជា​និស្ស័យ​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ តែ​គឺ​ជា​និស្ស័យ​បុព្វេសន្និវាស​រាប់ពាន់​ជាតិ​មក​ហើយ តួរយ៉ាង​ដូច​ជា​ព្រះនាង​ពិម្ពារ ជា​មហេសី​របស់​ព្រះ​សត្ថទ្ធ​ ក្រោយ​មក​ជា​ព្រះសម្ពុទ្ធ​ គឺ​បាន​សាង​កម្ម​ល្អអាក្រក់​ជាមួយ​គ្នា​អស់​រាប់ពាន់ជាតិ​ ទោះ​ជា​ជាតិ​ណា​មួយ​នាង​ពិម្ពារ​សច្ចា​ក្នុងចិត្ត​ថា​មិនព្រមជួប​និង​ព្រះសត្ថទ្ធ​​នៅ​ជាតិ​ក្រោយ​ក៏​កំលាំង​នៃ​បុព្វេ​សន្និវាស​នៅ​តែ​ដឹកនាំអោយទៅជួប​។

ជាឧទាហរណ៌ រឿង «សព្វសិទ្ធ» ជារឿងមួយ​ក្នុង​គម្ពីរបញ្ញាសជាតក​ (គម្ពីរ៥០រឿង) បានតំណាល​ពី​ដំណើរ​អន្ទោល​នៃ​ព្រេងនិស្ស័យ​របស់​ព្រះសត្ថទ្ធ និង​នាង​ពិម្ពា​ កាល​ចាប់កំណើត​ជាសត្វ​បក្សា​ និងបក្សី​។ ចាបញី​យល់ច្រឡំ​ថា ចាបឈ្មោល​ មានអំពើ​លួច​លាក់​ផិត​ក្បត់​និង​ខ្លួន​ ដោយ​លួច​ទៅ​ប្រលោម​ប្រលែង​និង​ចាប​ញីដទៃ​ទៀត​ ក៏​សុខចិត្ត​លោត​ចូល​ភ្លើង​សម្លាប់​ខ្លួន​ តែ​មុន​នឹង​លោត​ក៏​បាន​តាំងសច្ចា​ប្រណិធាន​ថា នឹងមិន​និយាយរក​មនុស្ស​ប្រុស និង​មិនជួប​នឹង​ចាប​ឈ្មោល​​ជាដាច់ខាត​នៅ​ជាតិ​ក្រោយ​។ ប៉ុន្តែ​ជាលទ្ធផល ពេល​បាន​ចាប់​កំណើត​មក​ជា​មនុស្ស​មាន​ងារ​ជាព្រះនាង​ក្នុងនគរមួយ​ គឺមិននិយាយរក​មនុស្សប្រុស​គ្រប់រូបសូម្បីតែ​បិតាបង្កើត រហូតទាល់តែ​ចៅសព្វសិទ្ធឹ ដែល​ជា​ស្វាមី​អតីតជាតិ (ចាបឈ្មោល) បង្ហាញខ្លួន កំលាំង​នៃ​ព្រេង​និស្ស័យ​ក៏​បណ្តាលចិត្ត​នាង​អោយព្រម​និយាយ​។

ការរៀបរាប់ខាង​លើ​នេះ​គ្រាន់តែចង់បង្ហាញថា ការ​បានគ្នាជាប្តីប្រពន្ធគឺ​ជា​រឿង​មួយដ៏អស្ចារ្យ​ណាស់ ព្រោះ​អ្នកទាំងពីរ​ពិតជាធ្លាប់​បាន​កសាង​និស្ស័យ​នឹងគ្នា​អស់រាប់ពាន់ជាតិ ហេតុ​នេះ​តើ​អ្នក​គួរតែបញ្ចប់និស្ស័យ​នេះ រឺ​បន្ត​និស្ស័យ​នេះ​ដោយ​គ្រាន់តែ​រឿង​មួយ​ចំនួន​​ដែលកើត​មាន​ក្នុង​គ្រួសារ​?

ម្យ៉ាង​ទៀត ក្នុងនា​ម​ជាប្តីប្រពន្ធ អ្នក​ពិតជា​ផ្នែកមួយ​ដ៏សំខាន់​ក្នុងសហគមន៌ និងសង្គម​ជាតិ ដូច្នេះ​អ្នកមានតួនាទី​ទទួល​ខុស​ត្រូវចំពោះ​សេចក្តីសុខ​ក្នុងគ្រួសារ សេចក្តីថ្លៃថ្នូរ​ក្នុងសហគមន៌ និង​សង្គម​ជាតិ​ តើ​អ្នកពិតជា​ចង់បំផ្លាញវា​ដោយ​គ្រាន់តែរឿងបន្តិចបន្តួច​ក្នុងគ្រួសារ​មែនទេ?

អ្នកគួរតែនិយាយ​គ្នា​អោយ​បាន​ច្រើន​នៅ​មុនពេល​គេង… ពីព្រោះ​គ្រែ​មួយ​ ខ្នើយ​មួយ គឺជា​កន្លែង​ប្រជុំ​របស់​អ្នក​ទាំងពីរ​ ដើម្បីស្វែងរក​ដំណោះ​ស្រាយ​ក្នុង​ឆាកជីវិត​។ អ្នក​មិន​ត្រូវ​យក​​រឿង​គ្រួសារ​របស់អ្នក​​ទៅ​និយាយ​នៅ​លើ​គ្រែ​ផ្សេង​នោះទេ ​..  (ច. សម្បត្តិ)។

ខាងក្រោម​នេះ​ គឺជាដំបូន្មានរបស់​ចាស់​ព្រឹទ្ធ​បណ្ឌិតកវី​ខ្មែរ​យើង ប្រៀបប្រដៅ​គូស្រក​កុំ​អោយ​​ធ្វើរឿង​​ដូចជា​..៖

  • កុំ​នាំភ្លើង​ក្រៅចូលក្នុង ភ្លើងក្នុងចេញ​ក្រៅ​.. មានន័យថា កុំ​ប្រមូលយករឿងខាងក្រៅ​មក​ក្នុងគ្រួសារ រឺកុំ​យក​រឿង​ក្នុងគ្រួសារ​ទៅ​អោយគេឯងដឹង
  • ប្តី​ខឹង ប្រពន្ធ​ខំអត់​.. មានន័យថា បើ​ម្នាក់​ខឹង​ហើយ មានអារម្មណ៌​មិនល្អ​ហើយ រក​រឿង​ឈ្លោះ​ប្រកែក​គ្នា​ហើយ សូម​អ្នក​ទាំងពីរ​ខាំមាត់សង្កត់ចិត្ត ទ្រាំ​កុំ​ឈ្លោះ ទ្រគោះ​បោះបោក​ រឺហៅថា កុំ​យក​កំហឹងទល់​និងកំហល់​
  • កុំ​ហៅ​គ្នា ឆ្កែឆ្មា ពេលឈ្លោះគ្នា ព្រោះពេលអ្នក​ត្រូវគ្នាវិញ​ អ្នក​ពិតជា​មើល​មុខ​គ្នា​មិនត្រង់នោះ​ទេ​
  • កុំ​ឈ្លោះ​ រឺរករឿងគ្នា​ពេលម្នាក់កំពុងឈឺ ត្រូវ​អត់ទ្រាំ មើលថែគ្នា
  • កុំ​យក​វង្សត្រកូល​មកធ្វើ​ជា​ខ្នងបង្អែក តាំងខ្លួនឯង​ជា​អ្នក​គ្រប់គ្រង
  • កុំ​អាង​ចំនេះ អាងទ្រព្យ អាងរូបសម្បត្តិ ចំពោះ​គ្នា​នឹងគ្នា ព្រោះ​អ្នកទាំងពីរ​ទោះ​ជាយ៉ាងណាគឺជា​ប្តីប្រពន្ធ​
  • កុំ​ប្រើដៃជើង ពេលឈ្លោះ​គ្នា
  • កុំឈ្លោះគ្នាចំពោះមុខកូនៗ ព្រោះវា​នឹងធ្វើជាគំរូអាក្រក់​ជាទីបំផុតសម្រាប់កូន​ៗ​របស់​អ្នក​

ពាក្យទូន្មានទាំងនេះ គេតែងលឺអាចារ្យប្រៀនប្រដៅ​ពេល​កូនៗរៀបការ ប៉ុន្តែ​មានភាគតិច​ណាស់ដែល​អាចចងចាំ​ពាក្យទាំងនេះ​បាន ព្រោះពេលខ្លះ​សាម៉ី​ខ្លួន​ជា​អ្នករៀបការ​មិនទាំងដឹង​ផង​ថា ខ្លួន​កំពុង​តែ​ក្លាយ​ជា​អ្នកទទួលខុសត្រូវផ្តាច់មុខ​លើ​គ្រួសារ​មួយ​។

សរុបមក ប្តីប្រពន្ធ​ត្រូវ​ចេះ​បង្កើត​ពេល​វេលា​​… ពេល​ខ្លះ​អ្នកទាំងពីរលេងដូចជា​មិត្ត​ភក្តិ​… ពេល​ខ្លះ​អ្នកទាំងពីរ​យកអាសារ​គ្នា​ដូចជា​បងប្អូន… ពេលខ្លះ​អ្នកទាំងពី​បារម្ភគ្នា​ដូច​ម្តាយ​និងកូន​… ពេល​ខ្លះ​អ្នក​ទាំងពីរ​ការពារ​គ្នា​ដូច​ឳពុក​ការពារ​កូន រឺដូច​បងប្រុស​ការពារប្អូនស្រី… ពេលខ្លះ​អ្នក​ទាំងពីរ​ត្រូវលួងលោម​គ្នា​ ដូច​បងស្រី​លួងលោមប្អូនប្រុស រឺ​ដូចបង​ប្រុស​លួងលោមប្អូនស្រី… ពេល​ខ្លះ​ អ្នក​ទាំងពីរចូលចិត្តដើរលេង ដូច​មិត្តភក្តី​ស្រីៗ រឺចូលចិត្ត​លេងកីឡា​ដូច​មិត្ត​ភក្តិប្រុស​ៗ… ពេល​នោះ​ជីវិ​តអ្នក​ទោះក្របន្តិច​ក្តី​ក៏​អ្នក​ផ្អែមល្ហែម​ដែរ នេះ​ហើយ​ជា​រស់​ជាតិ​នៃ​សេចក្តី​សុខ សុភមង្គល​ដែលអ្នកចង់បាន​៕

ប្រភព៖ neavea

  • ធ្វើ​ជា​ប្តី​ប្រពន្ធ​និង​គ្នា​សូ​ម​កុំ​ធ្វើ​រឿង​ទាំង​នេះ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ចំនេះដឹង
Tags: