ឥណ្ឌូនេស៊ី​បញ្ជាក់ជំហរក្សាទំនាក់ទំនងជាមួយចិនតែគ្មានការំលោភដែនអធិបតេយ្យភាព

ឥណ្ឌូនេស៊ីប្រកាសថាខ្លួនចង់ឲ្យមានការទំនាក់ទំនងល្អជាមួយប្រទេសចិនបន្ត​ តែអំពាវនាវឲ្យប្រទេសមហាអំ​ណា​ច​មួយនេះបញ្ឈប់ជាបន្ទាន់នូវការរំលោភដែនអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន​។​

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ថ្លែងថាពេលនេះឥណ្ឌូ​នេស៊ីកំពុងរង់ចាំការបកស្រាយឲ្យបានច្បាស់លាស់ពីចិនលើបញ្ហាដែលអ្នកយាមល្បាតដែនសមុទ្ររបស់ខ្លួន​បានជួបប្រទះឆ្មាំសមុទ្រនិងអ្នកនេសាទរបស់ចិននៅក្នុងដែនសមុទ្ររបស់ឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន​។ នេះ បើតាមសារព័ត៌មាន Channel News Asia។​

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ​របស់ឥណ្ឌូនេស៊ីលោក Luhut Pandjaitan ថ្លែងបញ្ជាក់ថាឥណ្ឌូនេស៊ី​ចង់នៅរក្សាទំនាក់ល្អជាមួយចិនតែការទំនាក់នេះធ្វើឡើងដោយមិនមានការរំលោភដែនអធិបតេយ្យភាពរបស់ឥណ្ឌូនេស៊ីទេ។​

ជុំវិញការចោទប្រកាន់របស់ឥណ្ឌូនេស៊ីនេះ អាជ្ញាធរចិនបានឆ្លើយតបថាអ្នកនេសាទរបស់ខ្លួនគ្រាន់តែនេសាទជាលក្ខណៈប្រពៃណីនៅកន្លែងដែលធ្លាប់នេសាទនៅពេលកន្លងមកតែប៉ុណ្ណោះ៕

ឥណ្ឌូនេស៊ី​បញ្ជាក់ជំហរក្សាទំនាក់ទំនងជាមួយចិនតែគ្មានការំលោភដែនអធិបតេយ្យភាពរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi (រូបភាពពី Reuters)

ប្រភពៈ VOD