សត្រូវបងប្អូនឯង៖ រវាងខ្លាឃ្មុំនិងនាគ (វគ្គទី១៣)

...ប្រធាន ម៉ៅ, លោក ជូតិ និង ជូ អេនឡាយ ពិតជារវៀសវៃបញ្ចូន សារទូលេខអបអរ សរសើរមួយ ទៅក្រុងហាណូយចំពោះ «ដំណឹងល្អ» ទាំងនេះ ប៉ុន្តែ មេដឹកនាំចិនបានធ្វើការកត់សម្គាល់ផងដែរថា ជ័យជម្នះរបស់វៀតណាម ជាភ័ស្តុតាងបន្ថែមមួយ នៃភាពមិនចេះចាញ់ របស់សង្រ្គាមប្រជាជន  នេះជាទស្សនៈមួយ ដែលលើកឡើងជារឿយៗ ដោយប្រទេសចិន ។ បទអត្ថាធិប្បាយមួយ នៃទិនានុប្បវត្តិប្រជាជនចុះថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ បាននិយាយ ពន្លើសជ្រុលហួសហេតុ ក្នុងការបន្ថោកតម្លៃអំពីតួនាទីរបស់សូវៀត។

កាសែតបានសរសេរថា  «ជ័យជម្នះដ៏ធំធេង របស់វៀតណាម បានបង្ហាញឲ្យឃើញជាថ្មីម្តងទៀតថា អ្វីដែលកំណត់ជ័យជម្នះ ឬបរាជ័យ គឺប្រជាជន និងការគាំទ្ររបស់ ប្រជាជននេះឯង ពុំមែនដោយសារគ្រឿងសាស្រ្តាវុធនោះទេ»។ និយាយម្យ៉ាងទៀត គឺពុំមែនរថក្រោះ កាំជ្រូចមីស៊ីល សូវៀតទេ ដែលផ្តល់ជ័យជម្នះ ឲ្យវៀតណាមនោះ ប៉ុន្តែគឺពិតជាចូលរួម របស់ប្រជាជន។

ការប្រាប់ឲ្យប្រុងប្រយ័ត្នទាំងនេះ បង្ហាញឲ្យឃើញពីភាពចាំបាច់សម្រាប់ក្រុងប៉េកាំង ដែលសង្ស័យ «ពួកសើរើនិយម» របស់វៀតណាមបច្ចុប្បន្ន  ដែលសាកល្បងអនុញ្ញាត ឲ្យមានការតាំងមូលដ្ឋានទ័ព របស់សូវៀត ជាថ្នូរនឹងជំនួយមួយដែល នឹងមកដល់ខាងមុខ។ ប្រទេសចិន បានកត់សម្គាល់ប្រកបដោយការព្រួយបារម្ភ នូវការទៅដល់ នៃគណៈប្រតិភូយោធា សូវៀតមួយក្រុម ក្រោយការដួលរលំក្រុងព្រៃនគរ មិនដល់មួយសប្តាហ៍ផង និងការផ្តើមចូលចតគ្មានដាច់ នូវនាវាជំនួញសូវៀត តាមបណ្តាកំពង់ផែ នៅភាគខាងត្បូងវៀតណាម ជាច្រើនកន្លែង។

ដប់ប្រាំថ្ងៃក្រោយមក ក្រុងប៉េកាំង បានសម្តែងឲ្យដឹងជាសាធារណៈនូវ ការក្តៅក្រហាយ របស់ខ្លួនជាលើកដំបូង ដោយនិយាយប្រាប់ គណៈប្រតិភូជប៉ុនមួយក្រុម ដែលធ្វើ ដំណើរឆ្លងកាត់ប្រទេសចិន ថា ពួកសូវៀតបាន «ស្នើដោយតឿនបង្ខំ» ឲ្យរដ្ឋាភិបាលបដិវត្តបណ្តោះ អាសន្នវៀតណាមខាងត្បូងអនុញ្ញាតឲ្យខ្លួនប្រើប្រាស់អតីតមូលដ្ឋាន នានារបស់កងទ័ពអាម៉េរិកាំង»។

នៅខែកក្កដា ឆ្នាំ១៩៧៥ ដោយបានជួប ង៉ូ ឌៀន អ្នកការទូតវៀតណាម ទទួលបន្ទុកផ្នែកព័ត៌មាន នៃក្រសួងការបរទេស (ក្រោយមកជា ឯកអគ្គរដ្ឋទូប្រចាំប្រទេសកម្ពុជា) ខ្ញុំបានសួរគាត់ថា តើពិត ឬទេ រឿងដែលពួកសូវៀត ទាមទារប្រើប្រាស់អតីតមូលដ្ឋានកងទ័ពអាម៉េរិកាំងនោះ? ប្រហែលដោយក្តៅក្រហាយផង គាត់បានឆ្លើយប្រាប់ខ្ញុំ ដោយពោលពាក្យធំៗថា «លោកឯងគិតថា ពួកសូវៀត អាចទាមទារមូលដ្ឋានទ័ពនានា ដែលមានក្នុងប្រទេស យើងប្រាកដមែនឬ? មុនសួរអ្វីក៏ដោយ ចំពោះមិត្តភក្តិម្នាក់ ត្រូវយល់ឲ្យច្បាស់ ពីអ្វីដែលខ្លួនគិតនោះផង។ ហេតុអ្វីពួកសូវៀត អាចទាមទារ (មូលដ្ឋានមួយ) ជាមួយនឹងក្លិន អសោចិ៍គ្រប់បែបយ៉ាងជា ចក្រពត្តិនិយមដែលចងភ្ជាប់ នឹងពាក្យនេះផងនោះ?»។ ប៉ុន្តែ គាត់បានបន្ថែមថា នាវារបស់សូវៀតមានសិទ្ធិចូលចតកំពង់ផែកាំរ៉ាញ់បាន (អតីតមូលដ្ឋាននាវារបស់អាម៉េរិក) បើសិនជាត្រូវការក្នុង លក្ខខណ្ឌអនុគ្រោះដូចគ្នា ចំពោះនាវាទាំងឡាយ ដែលមកពីបណ្តាប្រទេសជាមិត្តដែរ។

ប្រាំមួយឆ្នាំក្រោយមក អ្នកការទូតវៀតណាមដទៃៗ ទៀត បានទទួលស្គាល់ ចំពោះមុខខ្ញុំថា នៅឆ្នាំ១៩៧៥ ក្រុងមូស្គូ ពិតជាមានបំណង ធ្វើឲ្យបានសម្រេចការ តាំងឋបនភ័ណ្ឌ យោធាប្រាកដមែន ប៉ុន្តែឥតបានការ។ ម្យ៉ាងទៀត សូវៀតត្រូវរង់ចាំដល់ទៅបួនឆ្នាំឯណោះ ទើបបានឈ្នះក្នុងការជជែកគ្នាពីរឿងនេះ ពោលគឺពេលដែល ជម្លោះរវាងចិន និងវៀត ណាម កាន់តែរីកធំឡើងៗ។

ទោះជាមានមូលដ្ឋាន កងទ័ពរបស់សូវៀត ឬគ្មានក៏ដោយ ក៏ការប្រែប្រួលភ្លាមៗ នៃតុល្យភាពកម្លាំង ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បានធ្វើឲ្យប្រទេសចិនព្រួយបារម្ភខ្លាំងដែរ។ ជាមួយកងទ័ព ដ៏ច្រើនសម្បើម និងដែលជោកជាំ ក្នុងចម្បាំង ជាមួយ នឹងបរិមាណគ្រឿងសព្វាវុធ ដ៏សន្ធឹកសន្ធាប់របស់អាម៉េរិកាំង ដែលរឹបអូសបានពីភាគខាងត្បូង ពេលនេះក្រុងហាណូយ បានក្លាយទៅជា មហាអំណាចថ្នាក់ទីមួយ នៅឥណ្ឌូចិនជាស្រេច ក្នុងការដណ្តើមយក «ប្រទីប» កងឈានមុខបដិវត្តមកកាន់វិញម្តង។
ផ្ទុយទៅវិញ ដោយធ្វើការចំអកបញ្ឈឺចិត្ត អំពីការព្រួយបារម្ភ របស់ចិនចំពោះលក្ខណៈប្រកប ដោយគ្រោះថ្នាក់ដោយសារ «កន្លែងទំនេរ» ដែលទើប នឹងកើតមានថ្មីៗ ក្នុងតំបន់វិចារណកថា មួយរបស់កាសែតញិនហ្សិន ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ សប្បាយចិត្ត នឹងការវិនាសអន្តរាយ ខ្សែបន្ទាត់ការពាររបស់អាម៉េរិកាំង នេះណាស់។ វិចារណកថាបានធ្វើអធិប្បាយថា ជ័យជម្នះជាប្រវត្តិសាស្រ្ត របស់ប្រជាជនវៀតណាម បានជួយធ្វើឲ្យមានផ្លាស់ប្តូរទាំងស្រុងនូវតុល្យ ភាពនៃកម្លាំងទាំងអស់ ក្នុងពិភពលោក…។

អំណឹះតទៅ លក្ខណៈសម្បត្តិគ្រប់បែបយ៉ាង បានត្រូវប្រមូលផ្តុំ ដើម្បីឲ្យប្រជាជនភូមិភាគ របស់យើងរំដោះខ្លួនពីភាពចំណុះគេនៅចំពោះមុខចក្រពត្តិនានា។ ប្រការនេះ ក្រុងប៉េកាំង ពុំយល់ច្រឡំសោះឡើយ។ ដោយសេចក្តីប្រកាសបែបនោះ បានធ្វើឲ្យក្រុងហាណូយ ទាមទារថា ខ្លួនជាអ្នកមានតួនាទី ដឹកនាំក្នុងដំណើរ ចាត់ចែងការបដិវត្តន៍ នៅអាស៊ី   អាគ្នេយ៍។ ខ្ញុំធ្លាប់មានទស្សនៈ ទូទៅមួយអំពីការទទួលអារម្មណ៍សប្បាយក្នុងចិត្ត ដែលស្ថិតមានមួយរយៈនៅទីក្រុងហាណូយ ក្នុងឱកាស នៃការដើដរទស្សនា មួយដែលខ្ញុំបានធ្វើនៅរដូវក្តៅ ឆ្នាំ១៩៧៥។

ក្នុងទីក្រុង ខ្ញុំគ្មានឃើញអ្វី ក្រៅពីកងទ័ពប្រដាប់អាវុធ ដែលដើរដេរដាសគ្រប់ទីកន្លែង និងពោរពេញទៅដោយបណ្ណបិទផ្សាយ ជាសាធារណៈ ដែលអំពាវឲ្យមាន បដិវត្តន៍ទូទាំង ពិភពលោកឡើយ។ ក្រុងហាណូយ បានផ្តល់នូវការសប្បាយក្នុងភាពស្ងប់ស្ងាត់។ ពិភពមនុស្សមួយដែលផ្ទុយគ្នាទាំងចិត្តទាំងថ្លើម បានខណ្ឌចែករដ្ឋធានី ភាគខាងជើងពីក្រុងព្រៃ នគរ ដែលខ្ញុំលែងរវល់ ចំពេលកំពុង មានវិបត្តិជ្រួលច្របល់ ដោយសូរកងរំពងនៃយានយន្ត និងភាពអនាធិបតេយ្យ។

មានរបស់តិចតួចណាស់ដែលផ្លាស់ប្តូរនៅទីក្រុងហាណូយ តាំងពីការចាកចេញរបស់ពួកបារាំង ពីឥណ្ឌូចិនកាលពីម្ភៃមួយឆ្នាំមុន។ ទីក្រុងមានភាពចំណាស់ ប្រកបដោយ ភាពសមរម្យ ជាមួយមហាវិថីនានាដែល មានម្លប់ត្រឈឹងត្រឈៃ និងបឹងទាំង ឡាយរបស់ខ្លួនដែលមានលក្ខណៈ ក្សេមក្សាន្ត ភាពស្ងប់ស្ងាត់នៃវិថីនានា ដែលទើបនឹង ធ្វើឲ្យ...(នៅមានត)

សត្រូវបងប្អូនឯង៖ រវាងខ្លាឃ្មុំនិងនាគ (វគ្គទី១៣)

សត្រូវបងប្អូនឯង៖ រវាងខ្លាឃ្មុំនិងនាគ (វគ្គទី១៣)