សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រីលោក ស៊ុន ចាន់ថុល៖ តុលាការលើកលែងការចោទឧកញ៉ា ខូវ ជឺលី និង ហ៊ុយ សុខលាភ យ៉ាងស្ងាត់ស្ងៀម

(ភ្នំពេញ)៖ សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជនជាប់ចោទ ៦នាក់ហើយ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ឆ្នាំ ទៅ ២០ឆ្នាំ តែក្នុងនោះជនរងបណ្តឹងពីរនាក់ គឺឧកញ៉ា ខូវ ជឺលី និងកញ្ញា ហ៊ុយ សុខលាភ ត្រូវតុលាការលើកលែងការចោទប្រកាន់យ៉ាងស្ងាត់ស្ងៀម ពោលទាំងលោក ស៊ុន ចាន់ថុល ជាដើមបណ្តឹង និង លោក ប៉ាល់ ចាន់តារា ជាមេធាវី មិនទទួលបានការជូនដំណឹងណាមួយពីសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។

សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រីលោក ស៊ុន ចាន់ថុល៖ តុលាការលើកលែងការចោទឧកញ៉ា ខូវ ជឺលី និង ហ៊ុយ សុខលាភ យ៉ាងស្ងាត់ស្ងៀម

លោក ប៉ាល់ ច័ន្ទតារា មេធាវីរាជរដ្ឋាភិបាល និងជាមេធាវីការពារក្តីក្នុងសំណុំរឿងរំលោភសម្លាប់ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកមានការភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញបណ្តាញព័ត៌មាននានា បានផ្សព្វផ្សាយថា ឧកញ៉ា ខូវ ជឺលី និង កញ្ញា ហ៊ុយ សុខលាភ ត្រូវបានតុលាការលើកលែងទាំងរូបលោក និងកូនក្តីរបស់លោក គឺលោក ស៊ុន ចាន់ថុល មិនបានទទួលការ ជូនដំណឹងណាមួយពី ខាងសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។

លោក ប៉ាល់ ច័ន្ទតារា បានថ្លែងប្រាប់ Fresh News នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា «តាមនីតិវិធីបើមានការលើកលែង តុលាការត្រូវ ជូនដំណឹងមកដើមបណ្តឹង តែនេះទាំងរូបខ្ញុំ និងកូនក្តីរបស់ខ្ញុំ (លោក ស៊ុន ចាន់ថុល) មិនទទួលបានការជូនដំណឹងអ្វីទាំងអស់។ ខ្ញុំមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលឃើញព័ត៌មានផ្សាយថា ឧកញ៉ា ខូវ ផល្លាបុត្រ និង ហ៊ុយ សុខលាភ ត្រូវតុលាការលើកលែងការចោទ ការធ្វើដូច្នេះ គឺខុសនីតិវិធីទាំងស្រុង»។

ការសម្រេចលើកលែងការចោទលើឧកញ៉ា ខូវ ជឺលី និង កញ្ញា ហ៊ុយ សុខលាភ ជាកូនស្រីអ្នកស្រី សេង ច័ន្ទដា ដោយស្ងាត់ស្ងៀមនេះ នាំឲ្យមានការសង្ស័យថា មានភាពមិនប្រក្រតី ឬមានករណីឃុបឃិតប្រព្រឹត្តអំពើពុករលួយកើតមានឡើងនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ។

បើទោះបីជាយ៉ាងណា Fresh News មិនទាន់ទទួលបានបញ្ជាក់ថា ពីខាងសាលាដំបូងនៅឡើយទេនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដោយលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ កំពុងជាប់រវល់ចូលរួមសិក្ខាសាលា។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចប្តឹងក្រុមគ្រួសារឧកញ៉ាត្រកូលខូវ រួមនិងអ្នកបម្រើជាច្រើននាក់ ពីបទសមគំនិតគ្នារៀបចំ គម្រោងសម្លាប់ភរិយា និង កូនស្រីរបស់លោក។ លោកបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងថា ឧកញ៉ា ខូវ ជឺលី និង កូនប្រុស ខូវ ផល្លាបុត្រ ព្រមទាំងភរិយាចុងរបស់ខ្លួន បានរួមគ្នារៀបចំគម្រោងរំលោភសម្លាប់ ភរិយា និង កូនស្រីរបស់កាលពីរាត្រីថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០១០ ពេលលោក កំពុងបំពេញការងារនៅក្នុងខេត្តមណ្ឌលគិរី។

ជនដែលលោក ស៊ុន ចាន់ថុល ប្តឹងនោះរួមមាន៖ ឧកញ៉ា ខូវ ជឺលី (ត្រូវជាឪពុកបង្កើត ភរិយា លោក ស៊ុន ចាន់ថុល) លោក ខូវ ផល្លា បុត្រ ត្រូវជាប្អូនប្រុសបង្កើតភរិយារបស់លោក ស៊ុន ចាន់ថុល អ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី អ្នកស្រី ឡាយ ហួង ភរិយា លោក ខូវ ផល្លាបុត្រ សន្តិសុខយាមខុនដូរឈ្មោះ សុខ ឡាក់ អ្នកបម្រើក្នុងផ្ទះលោកឧកញ៉ា ខូវ ជឺលី ឈ្មោះ ច័ន្ទ សុខា និងអ្នកបម្រើម្នាក់ទៀតឈ្មោះ នាង ស៊ីណាត។

ជនជាប់ចោទ អ្នកស្រី សេង ច័ន្ទដា សុខ ឡាក់ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ឆ្នាំ ដល់២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ ពោលគឺមិនមានឱកាសប្តឹងតវ៉ាទៀតនោះទេ។ ដោយឡែកអ្នកស្រី ឡាយ ហួង ដែលត្រូវគេរកឃើញថា ជាមេខ្លោងនៅក្នុងរឿងរៀបចំគម្រោង និងស្វាមី គឺលោក ខូវ ផល្លាបុត្រ ត្រូវបានចៅសាលាដំបូង សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារម្នាក់ៗ ២០ឆ្នាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ៕

ប្រភពៈ freshnewsasia