រដ្ឋមន្ត្រី​ទទួល​ស្គាល់​ការ​ធ្លាក់​ចុះ​ក្រម​សីលធម៌

ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា កាលពី​ម្សិលមិញ​បាន​ទទួល​ស្គាល់​អំពី​ការ​ធ្លាក់​ចុះ​នៃ​ក្រម​សីលធម៌​របស់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​នៅ​ក្នុង​វិស័យ​យុត្តិធម៌​ដែល​កំពុង​រង​ការ​រិះគន់​ជា​ទូទៅ​ និង​បាន​ក្រើន​រំឭក​មាន​ការ​ផ្លាស់ប្ដូរ​ប៉ុន្តែ​​អ្នក​ជំនាញ​ច្បាប់​បាន​ថ្លែង​ថា​ការ​ផ្លាស់ប្តូរ​មិន​អាច​កើត​ឡើង​ទេ​លុះត្រា​ណា​តែ​មាន​វិធាន​រឹងមាំ​មិនមែន​គោលការណ៍​ណែនាំ​ដែល​គ្មាន​ភាព​ច្បាស់លាស់​នោះ​ឡើយ។

រដ្ឋមន្ត្រី​ទទួល​ស្គាល់​ការ​ធ្លាក់​ចុះ​ក្រម​សីលធម៌

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែង​ក្នុង​សិក្ខា​សាលា​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ដោះស្រាយ​ពី​ទម្លាប់​​គ្មាន​ក្រម​សីលធម៌​​នៅ​ក្នុង​វិស័យ​យុត្តិធម៌ កាលពីម្សិលមិញ។​

ថ្លែង​ក្នុង​សិក្ខា​សាលា​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ដោះស្រាយ​ពី​ទម្លាប់​​គ្មាន​ក្រម​សីលធម៌​​នៅ​ក្នុង​វិស័យ​យុត្តិធម៌​ លោក អង្គ វង្សវឌ្ឍានា បាន​លើក​ឡើង​ថា​ខណៈ​សមាជិក​​មួយ​ចំនួន​នៅ​ក្នុង​​វិស័យ​​តុលាការ​​បាន​ប្រព្រឹត្ត​​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ​គឺ​មាន «​អ្នក​ដទៃ​ទៀត​​បាន​ភ្លេច​ពី​ក្រម​សីលធម៌​របស់​ពួកគេ​»។

សិក្ខាសាលា​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ និង​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ឡើង​​​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ផ្អាក​ការ​អនុវត្ត​សាលដីកា​តុលាការ​កំពូល។

លោក វង្សវឌ្ឍានា បាន​លើក​ឡើង​ថា​មាន​ករណី​ខ្លះ​ចៅក្រម​លើក​ទូរស័ព្ទ​​និយាយ​ក្នុង​អំឡុង​ពេល​កាត់​ក្តី​និង​មិន​បាន​អើពើ​ចំពោះ​​ការ​ទទួល​ខុស​ត្រូវ​​របស់​ខ្លួន​ដោយ​អនុញ្ញាត​ឲ្យ​​ក្រឡា​បញ្ជី​​ចេញ​ដីកា​ដោយ​គ្មាន​ការ​ពិនិត្យ​ត្រឹមត្រូវ​។

លោក​បាន​​ថ្លែង​ថា​៖ «​​កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​កាន់តែ​ខ្សោយ​ជាង​មុន​ហើយ​យើង​កំពុង​បាត់បង់​ទំនុក​ចិត្ត​ពី​សាធារណជន​»។

ខណៈ​ដែល​លោក វឌ្ឍានា ថ្លែង​​ថា​ចៅក្រម​ «​មិន​ត្រូវ​​ប្រព្រឹត្ត​សកម្មភាព​មិន​សមស្រប​ណា​មួយ​ដែល​​បំពាន​​ច្បាប់​​ និង​សីលធម៌​សង្គម​» នោះ​អ្នក​ជំនាញ​ច្បាប់​លោក សុក សំអឿន ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កំណត់​​លម្អិត​​ច្បាស់លាស់​អំពី​សីលធម៌​របស់​ចៅក្រម​។

លោក សំអឿន បាន​​បញ្ជាក់​ថា​ពាក្យ​ចចាម​អារ៉ាម​​បាន​កើតឡើង​ជា​ច្រើន​ដែល​ថា​សិស្ស​បាន​ផ្តល់​ប្រាក់​សំណូក​យ៉ាង​ច្រើន​ដើម្បី​ក្លាយ​ជា​ចៅក្រម​។

លោក សំអឿន បាន​បន្ត​ថា​៖ «​វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុន្តែ​រាល់​លើក​តែងតែ​មាន​ការ​និយាយ​​ថា​មាន​សិស្ស​ជាច្រើន​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​​ធ្វើ​ជា​ចៅក្រម​ប៉ុន្តែ​សិស្ស​ក្រីក្រ​គ្មាន​សង្ឃឹម​ជាប់​ទេ​»។

លោក​បាន​អំពាវនាវ​ឲ្យ​មាន​នូវ​ «​ក្រម​សីលធម៌​ដែល​មាន​លក្ខណៈ​ច្បាស់លាស់​​ និង​លម្អិត​» ដើម្បី​លុប​បំបាត់​អំពើ​គ្មាន​សីលធម៌​ហើយ​​អំពើ​ដែល​គ្មាន​សីលធម៌​ត្រូវ​ដាក់​ទោសទណ្ឌ​ដោយ​ច្បាប់​។

លោក​បន្ត​ថា​៖ «​វា​ស្រពេច​ស្រពិល​ណាស់ ពួកគេ​គួរ​តែ​បង្កើត​នូវ​យន្តការ​រឹងមាំ​មួយ​ និង​តុលាការ​ពិសេស​ដើម្បី​ដាក់​ទោស​ទណ្ឌ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​»។

លោក អ៊ីត រ៉ាឌី សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​បាន​ថ្លែង​ថា​ «ការ​ញៀន​» នឹង​កន្លែង​កម្សាន្ត​ និង​​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ខ្លាំង​​ដែល​ធ្វើ​ឲ្យ​ចៅក្រម​មួយ​ចំនួន​ដេក​ជ្រុល​ និង​​ខកខាន​ចូលរួម​​នៅ​ក្នុង​សវនាការ​​ និង​​អ្នក​វិជ្ជាជីវៈ​ច្បាប់​ខ្លះ​ត្រូវ​បាន​ឃើញ​​​ប្រើ​សម្តី​ ឬ​ឥរិយាបថ​មិន​សមរម្យ​ជាមួយ​ដើម​បណ្តឹង​​ ឬ​ចុង​ចោទ​គឺជា​បញ្ហា​​សំខាន់​ដទៃ​ទៀត​។

លោក​បាន​ថ្លែង​ថា​កាលពី​ឆ្នាំ​មុន​មាន​ពាក្យ​បណ្តឹង​​ចំនួន​ ១០០ ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​។

ខណៈ​លោក រ៉ាឌី ហាក់​បាន​បញ្ចៀស​មិន​និយាយ​ពី​សំណួរ​ទាក់ទង​សម្ពាធ​​នយោបាយ​ទៅ​លើ​តុលាការ​ដោយ​គ្រាន់តែ​ថា​ «​ឥទ្ធិពល​ទៅ​លើ​ខាង​នេះ​ ឬ​ខាង​នោះ​» ​គឺ​ «​មិន​អាច​ចៀស​រួច​ទេ​» លោក សុក សំអឿន បាន​ចង្អុល​ទៅ​កត់ត្រា​ផ្ទាល់​របស់​លោក​។

លោក សំអឿន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ការពារ​ករណី​នយោបាយ​ច្រើន​ណាស់​ប៉ុន្តែ​មិន​ដែល​ឈ្នះ​។ ប៉ុន្តែ​ ៨០ ​​ភាគរយ​នៃ​ករណី​ឯកជន​ខ្ញុំ​ឈ្នះ​។ ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​អំពី​ឥទ្ធិពល​នយោបាយ​ប៉ុន្តែ​មាន​​ទិន្នន័យ​ប្រភេទ​នេះ​»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍