បារាយណ៍ទឹកថ្លា​គោក​ដោយសារ​ការបង្ហូរ​ទឹក​សង្គ្រោះ​ស្រូវប្រាំង​

​សៀមរាប​៖ សព្វថ្ងៃនេះ បារាយណ៍ទឹកថ្លា ដែលជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​នៅ​ខេត្តសៀមរាប បាន​គោក​រីង​ទឹក​ស្ទើរ​គ្មាន​សល់​។ អ្នកជំនាញ​បាន​ពន្យល់ថា ទឹក​នៅក្នុង​បារាយណ៍​នេះ​នៅសល់​តិចតួច​បំផុត មូលហេតុ​ដោយសារតែ​ការបង្ហូរ​ទឹក​ដើម្បី​សង្គ្រោះ​ស្រូវប្រាំង​ប្រជាពលរដ្ឋ​។​

​ក្រៅពី​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ហើយ​នោះ បារាយណ៍ទឹកថ្លា ជា​រមណីយដ្ឋាន​មួយកន្លែង ដែល​ភ្ញៀវទេសចរ​តែង​ទៅ​កម្សាន្ត ដើម្បី​ងូតទឹក និង​អង្គុយលេង ហូប​អាហារ​ជុំគ្នា​នៅ​ថ្ងៃ​សម្រាក​។ បារាយណ៍​នេះ​មាន​ប្រវែង​បណ្តោយ និង​ទទឹង ៨​គីឡូម៉ែត្រ​ស្មើគ្នា​។ មុន​ឆ្នាំ​២០១៤ បារាយណ៍ទឹកថ្លា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ធនធានទឹក ហើយ​ក្រោយមក រដ្ឋាភិបាល​បាន​ផ្ទេរ​ការគ្រប់គ្រង​មក​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​វិញ​។​

​ចាប់ពី​ទទួល​ភារកិច្ច​គ្រប់គ្រង​ទឹក​បារាយណ៍ទឹកថ្លា អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ចងក្រង​ឲ្យ​មានការ​បោះឆ្នោត​បង្កើត​សហគមន៍​អ្នកប្រើប្រាស់​ទឹក​បារាយណ៍​។ ពលរដ្ឋ​ជាច្រើន​គ្រួសារ បានទទួល​ផល​ពី​ទឹក​បារាយណ៍​នេះ ក្នុងការ​បង្កបង្កើន​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​មួយចំនួន​ផង​។​

បារាយណ៍ទឹកថ្លា​គោក​ដោយសារ​ការបង្ហូរ​ទឹក​សង្គ្រោះ​ស្រូវប្រាំង​

«​គោលបំណង​នៃ​ការជួប​ជុំគ្នា​នៅពេលនេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​ជួយ​នាំពាក្យ​ប្រាប់​ប្រជាពលរដ្ឋ​ឯទៀត កុំ​ឲ្យ​ទាមទារ​ឲ្យ​អាជ្ញាធរ​កាយ​ទឹក​ចេញ​បន្ថែមទៀត ព្រោះ​វា​ជិត​អស់ហើយ​»​។ នេះ​សំដី​របស់លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង់​ធនធានទឹក នៅមុខ​ថ្នាក់ដឹកនាំ​ភូមិ​ឃុំ ដែល​កំពុង​ប្រើប្រាស់​ទឹក​បារាយណ៍​។ លោក ហង់ ពៅ បន្ថែមថា ទឹក​ដែល​នៅ​សេសសល់ គឺ​ទុក​សម្រាប់​ឲ្យ​វា​ជ្រាបចូល​ក្រោម​ដី ដើម្បី​ផ្គត់ផ្គង់​អណ្តូងទឹក​នានា​នៅក្រោម​ដី​។​

​គ្រោះរាំងស្ងួត​ជា​រឿង​មួយ តែ​រឿង​មួយទៀត​ដែល​ធ្វើ​ឲ្យ​ទឹក​បារាយណ៍​គោក​រីង​ស្ទើរ​គ្មាន​ទឹក​សេសសល់​នៅ​ឆ្នាំនេះ គឺ​ការ​បង្ហូរទឹក​ចេញ​ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទាញយក​ស្រោចស្រង់​ស្រូវប្រាំង​របស់​ពួកគេ​។ នេះ​បើតាម​អ្នកជំនាញ​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក ហង់ ពៅ អះអាងថា ផ្ទៃដី​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ មានការ​កើនឡើង​ជាង​រាល់​ឆ្នាំ ទើប​ធ្វើ​ឲ្យ​ការប្រើប្រាស់​ទឹក​បារាយណ៍​ច្រើន​តាម​ហ្នឹង​ដែរ​។ បើតាម​ការរៀបរាប់​ពី​អ្នកជំនាញ​ទឹក នៅ​រដូវវស្សា​កសិករ​ធ្វើ​ស្រូវ​ប្រមាណ​៨​ពាន់​ហិកតា រដូវប្រាំង​ជាង​៥​ពាន់​ហិកតា និង​ដែល​សុទ្ធសឹង​ពឹង​លើទឹក​ក្នុង​បារាយណ៍ទឹកថ្លា​។ 

​ចំពោះ​សំណួរ​ដែល​សួរថា ឆ្នាំទៅ​មិញ​កម្រិត​ទឹក​ក្នុង​បារាយណ៍​មាន​តិច​ដូច​ឆ្នាំ​នេះដែរ ហេតុអ្វី​បានការ​បង្កបង្កើនផល​របស់​កសិករ​មិនមាន​បញ្ហា លោក ហង់ ពៅ ពន្យល់ថា ដោយសារ ទំនប់​៧៨ នៅក្បែរ​អាង​ទន្លេសាប​មិនមាន​ទឹក​គ្រប់គ្រាន់​។ លោក​បន្តថា ទំនប់ទឹក​៧៨ ដែល​អាច​ផ្គត់ផ្គង់​ទឹក​លើ​ផ្ទៃ​ចំនួន ២៦១៦​ហិកតា គ្មាន​ទឹក ហើយ​គេ​បាន​បង្វែរ​មក​យក​ទឹក​បារាយណ៍​ជំនួស ទើប​ធ្វើ​ឲ្យ​តម្រូវ​ទឹក​ក្នុង​បារាយណ៍​មានការ​កើនឡើង​។ លោក ហង់ ពៅ បាន​ពន្យល់​ពី​ការ​ខ្សោះ​ទឹក​ក្នុង​ទំនប់​៧៨​នោះ​ថា ដោយសារ​កម្រិត​ទឹក​នៅ​អាងទឹក​ទន្លេសាប​មាន​កម្រិត​ទាប ទើប​ធ្វើ​ឲ្យ​ទឹក​មិនអាច​ហូរ​ចូលក្នុង​ទំនប់​នេះ​បាន​។​

បារាយណ៍ទឹកថ្លា​គោក​ដោយសារ​ការបង្ហូរ​ទឹក​សង្គ្រោះ​ស្រូវប្រាំង​

​ប្រធាន​សហគមន៍​អ្នកប្រើប្រាស់​ទឹក​បារាយណ៍​លោក ហួត ហៃ បាន​ឲ្យ​ដឹងថា​កន្លងមក​សហគម​ន៍​របស់លោក​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ តែ​នៅ​ឆ្នាំនេះ​ដោយសារ​ខ្សត់​ទឹកភ្លៀង ធ្វើ​ឲ្យ​ការប្រើប្រាស់​ទឹក​ក្នុង​សហគមន៍​របស់លោក​ជួប​បញ្ហា​។ កាលពី​ឆ្នាំទៅ សហគមន៍​អាច​ទាញយក​ទឹកទន្លេ​បញ្ចូល​ស្រែ តែដោយសារ​ឆ្នាំនេះ កម្រិត​ឡើង​របស់​ទឹក​ទាប ទើប​ពួកគេ​ត្រូវ​ពឹង​ទាំងស្រុង​លើទឹក​បារាយណ៍​។ កង្វះខាត​ទឹក​នេះដែរ ក៏បាន​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវប្រាំង​របស់​អ្នកភូមិ​មាន​ធ្លាក់ចុះ​ជាង​ឆ្នាំទៅ​ផងដែរ​។

​គួរ​បញ្ជាក់ថា បារាយណ៍ទឹកថ្លា​កសាងឡើង​ក្នុង​សតវត្ស​ទី​១១ គឺមាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មកហើយ និង​អាច​ស្តុក​ទឹកបាន​ចំនួន ៥៦​លាន​ម៉ែត្រ​គីប​។ កាលពី​ឆ្នាំ​២០០៥ បារាយណ៍ទឹកថ្លា​ធ្លាប់​គោក​រីង​ម្តង​ហើយ​ដែរ ដែល​ពេលនោះ​អនុញ្ញាត​ឲ្យ​អ្នកស្រាវជ្រាវ​មានលទ្ធភាព​ធ្វើ​កំណាយ​របស់ខ្លួន​នៅ​ទីនោះ​។ កំណាយ​បាន​រកឃើញ​ឆ្អឹង​ខ្មោច​ដែលមាន​អាយុ ៣​ពាន់​ឆ្នាំ និង​ដែល​គេ​ជឿថា បារាយណ៍​ជា​កន្លែង​ដែលមាន​មនុស្ស​រស់នៅ​កាលពី​សម័យបុរាណ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​