ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​អង្គការ​សង្គម​ស៊ីវិល​បង្រៀន​ផ្នែក​​រដ្ឋបាល​និង​សិទ្ធិមនុស្ស

តំណាង​សហគមន៍ និង​ពលរដ្ឋ​នៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ចង់​បាន​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​​រដ្ឋបាល និង​សិទ្ធិមនុស្ស ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​របស់​ខ្លួន។ តំណាង​សហគមន៍​បាន​អំពាវនាវ​ភ្លាមៗ​ក្រោយ​ពី​ដឹង​ថា អង្គការ​មួយ​ដែល​ធ្វើ​ការ​ពង្រឹង​សមត្ថភាព​សហគមន៍​នៅ​ក្នុង​តំបន់​ពួកគាត់ នឹង​ត្រូវ​បញ្ចប់​គម្រោង​នៅ​ចុង​ឆ្នាំ​២០១៦ ខាង​មុខ។

តំណាង​សហគមន៍ និង​ពលរដ្ឋ​ឃុំ​ក្បាលទឹក ឲ្យ​ដឹង​ថា ត្បិត​ពួកគាត់​ខ្លះ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ពី​វគ្គ​បណ្ដុះបណ្ដាល​របស់​អង្គការ​នានា ប៉ុន្តែ​ពួកគាត់​នៅ​តែ​ចង់​បាន​ការ​ចែក​រំលែក​បទពិសោធន៍​ថ្មីៗ ដើម្បី​សម្រប​ទៅ​តាម​ការ​អភិវឌ្ឍ​សង្គម។ ពួកគាត់​ថា ព្រៃឈើ និង​សម្បត្តិ​ធម្មជាតិ​ជា​ច្រើន​ទៀត គឺ​ជា​កាតព្វកិច្ច​ដ៏​លំបាក​របស់​ពលរដ្ឋ​ក្នុង​កិច្ចការ​ពារ​ឲ្យ​បាន​គង់វង្ស​ពី​ជនខិលខូច ឬ​អ្នក​បំផ្លាញ​ជាតិ។

ក្រុម​ពលរដ្ឋ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​របស់​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ (KYSD) ស្ដីពី​យុវជន និង​សហគមន៍ នៅ​ក្នុង​បរិវេណ​វត្ត​មួយ​​ នា​ឃុំ​ក្បាលទឹក កាល​ពី​ពេល​ថ្មីៗ។

ពលរដ្ឋ​ម្នាក់​លោក គ្លូច ម៉ាន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​លោក​រំពឹង​លើ​អនុផល​ព្រៃឈើ ក្រៅ​ពី​ធ្វើ​ស្រែចម្ការ​តិចតួច ដូច្នេះ​លោក​ត្រូវ​យក​ចំណេះដឹង​ពី​វគ្គ​បណ្ដុះបណ្ដាល​នានា​ទៅ​តស៊ូ​មតិ ឬ​ទប់ទល់​នឹង​ជនល្មើស​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ។

លោក​បារម្ភ​ថា ព្រៃ​ឈើ​ដែល​អ្នក​ភូមិ​ធ្លាប់​អា​ស្រ័យផល​នៅ​សល់​មិន​ដល់​ពាក់​កណ្ដាល​ផង​នោះ នឹង​ត្រូវ​ហិនហោច​អស់​បើ​មិន​ទប់​ស្កាត់៖ «ប៉ុន្តែ​ខ្ញុំ​រំពឹង និង​សង្ឃឹម​ថា យុវជន​ដូច​ជា​ខ្ញុំ​ដែរ​ជួយ​ថែរក្សា​ព្រៃឈើ​ទាំង​អស់​គ្នា នៅ​តំបន់​ខ្ញុំ​នេះ​មិន​អាច​រស់​អី​បាន​ក្រៅ​ពី​ធនធាន​ធម្មជាតិ​ទេ។ ពី​មុន​មក​ខ្ញុំ​អត់​បាន​យល់ដឹង​អំពី​យុវជន​យ៉ាង​ម៉េច ឬ​យុវជន​យ៉ាង​ម៉េច​ទេ តែ​ពេល​រៀន​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មក​ទើប​យល់​ដឹង​ពី​ការ​ថែទាំ​ព្រៃឈើ និង​ការ​ពង្រឹង​នូវ​សិទ្ធិ​អំណាច​របស់​ខ្លួន»

ចំណែក​ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ លោក នុត ហេង ថ្លែង​ថា សហគមន៍​បាន​លើក​សំណើ​ទៅ​អាជ្ញាធរ​ឃុំ ដើម្បី​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​ជាង ២​គីឡូម៉ែត្រ ឆ្ពោះ​ទៅ​កាន់​តំបន់​ធម្មជាតិ​ទឹក​ធ្លាក់។ លោក​ថា ពេល​ខ្លះ​ការ​លើក​ឡើង​ពី​បញ្ហា និង​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទៅ​អាជ្ញាធរ គឺ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ដូច​ជា​រឿង​ធ្វើ​ផ្លូវ​ជាដើម៖ «ចង់​ឲ្យ​វគ្គ​បណ្ដុះបណ្ដាល​ទៅ​លើ​ផ្នែក​ទេសចរណ៍ ឬ​បុគ្គលិក​បម្រើ​ការងារ​ទេសចរណ៍​ក្នុង​សហគមន៍ ឲ្យ​បាន​ចេះ​ដឹង​ខ្លះ ដើម្បី​អាច​យក​មក​ប្រើប្រាស់​ក្នុង​ការងារ​ទេសចរណ៍​ហ្នឹង​បាន»

ក្រុម​ពលរដ្ឋ និង​តំណាង​សហគមន៍​អះអាង​ថា ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​ចំពោះ​បញ្ហា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នៅ​មាន​កម្រិត ដូចនេះ​អង្គការ ឬ​សមាគម​ជា​អ្នក​ផ្ដល់​ចំណេះ​ដឹង​យ៉ាង​សំខាន់​មួយ​សម្រាប់​ពួកគាត់ ដើម្បី​ជំរុញ​ភាព​អសកម្ម​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​រឿង​អ្វី​មួយ។ ការងារ​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ អ្នក​ស្រុក​មិន​ដឹង​ថា ចូល​រួម​យ៉ាង​ណា​ទេ បើ​គ្មាន​ការ​អប់រំ​ពី​មន្ត្រី​សង្គម​ស៊ីវិល។

ប្រធាន​គម្រោង​នៃ​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម គឺ​កញ្ញា ឱក សេរីរ័ត្ន មាន​ប្រសាសន៍​ថា យុវជន​នៅ​តាម​មូលដ្ឋាន​មាន​ភាព​ក្លាហាន និង​ចូល​រួម​សកម្ម​ភាព​អភិវឌ្ឍ​ជាមួយ​អាជ្ញាធរ​ឃុំ​ច្រើន​ជាង​មុន ក្រោយ​ពី​គម្រោង​បាន​ចងក្រង​ជា​ក្រុម​យុវជន​កាល​ពី​ចុង​ឆ្នាំ​២០១៤។

កញ្ញា​ថា ការងារ​ល្បាត​ និង​សកម្មភាព​សម្អាត​បរិស្ថាន បាន​ធ្វើ​ជា​ទៀងទាត់​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​១​ខែៗ៖ «នៅ​ឆ្នាំ​២០១៥ យើង​ចាប់​ផ្ដើម​គាំទ្រ​សកម្មភាព ថវិកា និង​សម្ភារៈ​មួយ​ចំនួន​ដល់​សហគមន៍ ព្រោះ​នៅ​នេះ​មាន​តំបន់​ការពារ​ធនធាន​ធម្មជាតិ ហើយ​មួយ​ទៀត រឿង​អភិបាលកិច្ច​ល្អ យើង​សម្របសម្រួល​ឲ្យ​មាន​ការ​ចូល​រួម​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​ធ្វើ​ការងារ​ជាមួយ​គ្នា។ លើក​ពី​បញ្ហា​ហើយ ដាក់​បញ្ចូល​ផែនការ​បញ្ចូល​ផែនការ​វិនិយោគ​ឃុំ ឬ​ផែនការ​អភិវឌ្ឍ​ភូមិ​ឃុំ»

មន្ត្រី​រូប​នេះ​ឲ្យ​ដឹង​ថា គម្រោង​ពង្រឹង​សមត្ថភាព​សហគមន៍​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៦ ប៉ុន្តែ​អង្គការ​នៅ​តែ​បន្ត​ផ្ដល់​ថវិកា​គាំទ្រ​សហគមន៍​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង។ គម្រោង​នេះ កំពុង​អនុវត្ត​នៅ​ក្នុង​ឃុំ​ចំនួន​បី នៃ​ស្រុក​ទឹកផុស គឺ​នៅ​ឃុំ​ជៀប ក្រាំងស្គារ និង​ឃុំ​ក្បាលទឹក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​អភិរក្ស​ព្រៃ​សហគមន៍​យល់​ដឹង​កាន់តែ​ច្បាស់​ពី​តួនាទី​របស់​ខ្លួន និង​ការ​ការពារ​ធនធាន​ធម្មជាតិ។

អភិបាល​ស្រុក​ទឹក​ផុស​លោក ម៉េង ហាក់ ថ្លែង​យ៉ាង​ខ្លី​មុន​នឹង​ចុច​ផ្ដាច់​ទូរស័ព្ទ​ថា ពលរដ្ឋ និង​តំណាង​សហគមន៍ បាន​ចូល​រួម​ក្នុង​ការងារ​អភិវឌ្ឍ​ជាមួយ​អាជ្ញាធរ​ព្រមៗ​គ្នា។ ផ្ទុយ​ពី​ការ​ថ្លែង​នេះ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ម្នាក់ កូតា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា កុំ​ថា​ឡើយ​សហគមន៍​មាន​សមត្ថភាព​ខ្លាំង សូម្បី​អភិបាល​កិច្ច​ល្អ​ក្នុង​មូលដ្ឋាន​ក៏​គ្មាន​ដែរ។

លោក​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ ប៉ុន្តែ​ការងារ​នេះ​ឋិតនៅ​ក្នុង​អន្តរកាល ឬ​បណ្ដោះអាសន្ន ខណៈ​ដែល​អាជ្ញាធរ​ស្រុក និង​ឃុំ​ខ្លះ​ពុំ​មាន​សិទ្ធិ​អំណាច​​ និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការងារ​ជាក់​ស្ដែង​នៅ​ក្នុង​មូលដ្ឋាន។ ប៉ុន្តែ​លោក​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រួម​ចំណែក​ច្រើន​ក្នុង​ការ​អប់រំ​ស្ដីពី​សិទ្ធិ​មនុស្ស និង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ទឹកផុស​នេះ ហើយ​ថា អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​សមត្ថភាព​សហគមន៍ ឬ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ចូល​រួម​អភិវឌ្ឍ​មូលដ្ឋាន​ជាមួយ​អាជ្ញាធរ តាម​រយៈ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ ឬ​ស្រុក និង​វេទិកា​សាធារណៈ ហើយ​ការងារ​​នេះ​អនុវត្ត​បាន​ច្រើន​នៅ​តាម​មូលដ្ឋាន៖ «ដូច​ជា​ប្រមូល​ផ្ដុំ​ប្រជុំ​អី​ហ្នឹង អាជ្ញាធរ​តែងតែ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចំពោះ​ការងារ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​រួម និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​លើក​ឡើង​តាម​វេទិកា​សាធារណៈ ខាង​អាជ្ញាធរ​តែង​យក​មក​ពិភាក្សា​ដើម្បី​ដោះស្រាយ»

មូលដ្ឋានគ្រឹះ​នៃ​អភិបាល​កិច្ច​ល្អ គឺ​ការ​ចូលរួម​នីតិរដ្ឋ តម្លាភាព ការ​ព្រមព្រៀង​ឯកភាព​គ្នា ប្រសិទ្ធភាព​ខ្ពស់ សមធម៌ គណនេយ្យភាព និង​ការ​ឆ្លើយតប។ បច្ចុប្បន្ន​កម្ពុជា​ កំពុង​អនុវត្ត​តាម​ទម្រង់​នេះ ប៉ុន្តែ​លទ្ធផល​នៃ​ការងារ​ជាក់ស្ដែង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​មាន​កម្រិត ហើយ​ពលរដ្ឋ​មួយ​ចំនួន​តែង​តែ​ចេញ​មុខ​រិះគន់​ចំពោះ​ការ​អនុវត្ត​ការងារ​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ​នោះ នៅ​ពេល​ដែល​មិន​ទទួល​បាន​សេវាកម្ម​ត្រឹមត្រូវ។

អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​កំពុង​ពង្រឹង​លើ​បញ្ហា​សិទ្ធិមនុស្ស ធនធាន​ធម្មជាតិ និង​អភិបាលកិច្ច​ល្អ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ តាម​រយៈ​ការ​ពង្រឹង​នេះ​គេ​សង្ឃឹម​ថា តំណាង​សហគមន៍​កាន់​តែ​មាន​សមត្ថភាព និង​ក្លាហាន​ចេញ​មុខ​តស៊ូ​មតិ​នូវ​អ្វី​ដែល​អាជ្ញាធរ​អនុវត្ត​មិន​ត្រឹមត្រូវ។ អង្គការ​អាច​បន្ត​ផ្ដល់​ថវិកា​ហូត​ចប់​ឆ្នាំ​២០១៦ ឬ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត បើ​ម្ចាស់​ជំនួយ​នៅ​តែ​គាំទ្រ​លើ​គម្រោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។