តើ​ស្ត្រី​ម្នាក់​នេះ ដែល​​ត្រូវ​បាន​ថត​ផ្សាយ​ពេញ​ផែនដី ជា​នរណា?

ពិភពលោកទាំងមូល បានឃើញរូបថតមួយសន្លឹកនេះ ដែលត្រូវបានផ្សាយចេញ បន្ទាប់​ពី​ភេរវកម្ម​ពីរ​កន្លែង នៅ​រាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីព្រឹក​ថ្ងៃអង្គារ​កន្លង​មក។ ស្ត្រីនេះ​មាន​ឈ្មោះ នីឌី ឆាផេការ (Nidhi Chaphekar) ជា​ស្ត្រី​បម្រើការ នៅលើយន្ដហោះ។
តើ​ស្ត្រី​ម្នាក់​នេះ ដែល​​ត្រូវ​បាន​ថត​ផ្សាយ​ពេញ​ផែនដី ជា​នរណា?

នាង នីឌី ឆាផេការ អ្នកបម្រើការលើយន្ដហោះ ជាតិឥណ្ឌា បានរងគ្រោះក្នុងភេរវកម្ម នារាជធានីប្រ៊ុយសែល។ (រូបថតទ្វីសធើរ)

មុខមាត់របស់នាង ប្រកបដោយភាពភ័យភិត និងប្រលាក់ដាប់ដោយឈាម ផ្តិតនៅក្នុងរូបថតខាងលើ ត្រូវបាន​ផ្សាយចេញ នៅគ្រប់ជ្រុងជ្រោយទាំងអស់ ក្នុងពិភពលោក។ អង្គុយនៅលើកៅអីមួយ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីទីកន្លែងបំផ្ទុះគ្រាប់បែក ដោយភេរវជនអត្តឃាតពីរនាក់ ក្នុងព្រលានយន្ដហោះអន្តរជាតិ ស្ត្រីរូបនេះបាន​ក្លាយ​ជានិមិត្តរូប​យ៉ាងសំខាន់ ជំនួសឲ្យជនរងគ្រោះទាំងឡាយ នៅក្នុងអំពើភេរវកម្ម ជាពិសេសភេរវកម្មនៅ រាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីព្រឹកថ្ងៃអង្គារកន្លងមកនេះ។

បើតាមសារព័ត៌មានប៊ែលហ្សិក «Sudinfo.be» ដែលចេញផ្សាយ តាមបណ្ដាញអ៊ិនធើណែត ស្ត្រីរងគ្រោះរូបនេះ ឈ្មោះ នីឌី ឆាផេការ (Nidhi Chaphekar) មានសញ្ជាតិឥណ្ឌា និងធ្វើការជាស្ត្រីបម្រើការ នៅក្នុងយន្ដហោះ តាំង​​ពី​​ជាង១៥ឆ្នាំមកហើយ របស់ក្រុមហ៊ុន «Jet Airways»។

» រូបថតនាង នីឌី នាពេលកន្លងមក៖

តើ​ស្ត្រី​ម្នាក់​នេះ ដែល​​ត្រូវ​បាន​ថត​ផ្សាយ​ពេញ​ផែនដី ជា​នរណា?

ត្រូវឡើងទៅបម្រើការ លើយន្ដហោះ...

មានលំនៅដ្ឋាន ក្នុងទីក្រុង ម៉ុមបៃ (ប្រទេសឥណ្ឌា) និងមានកូនពីរនាក់ នាង នីឌី ត្រូវឡើងទៅបម្រើការ នៅ​ក្នុង​យន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ «9W228» ឆ្ពោះទៅកាន់ក្រុង «Newark» ក្នុងរដ្ឋ «New Jersey» សហរដ្ឋ​អាមេរិក នៅព្រឹកថ្ងៃកើតហេតុ។ យន្ដហោះរបស់នាង គ្រោងហោះចេញ ពីរាជធានី របស់​ប្រទេស​ប៊ែលហ្សិក នៅវេលាម៉ោង ១០និង១៥នាទី។ ប៉ុន្តែនៅពេលនាង បានដើរកាត់សាលធំ ដែល​មាន​បញ្ជរ​សម្រាប់​ទទួល​ចុះ​ឈ្មោះ អ្នកធ្វើដំណើរចាកចេញនោះ ក្រុមភេរវជនបានបំផ្ទុះគ្រាប់បែកឡើង ហើយ​បាន​ធ្វើ​ឲ្យ​នាង​រង​របួស យ៉ាង​ធ្ងន់ធ្ងរ ជាពិសេសអាវក្រៅ​របស់នាង បានប៉ើងឡើង និងរហែកអស់ពាក់កណ្ដាល។

គឺនៅពេលនោះហើយ ដែលអ្នកសារព័ត៌មាន ជាតិហ្សរជីម្នាក់ នាង កេតេវ៉ាន់ ការដាវ៉ា (Ketevan Kardava) បាន​ថតរូបនេះ នៅមុនចូល​ទៅជួយ​យកអាសារនាង នីឌី។ រីឯក្រុមហ៊ុន «Jet Airways» វិញ បានថ្លែងប្រាប់​ទៅ​គ្រួសារ​របស់​នាង នីឌី ក្នុងប្រទេសឥណ្ឌាថា បុគ្គលិកស្ត្រីរបស់ខ្លួន ត្រូវបានជួយសង្គ្រោះហើយ។ បើ​តាម​សារព័ត៌មាន​អង់គ្លេស «Sun» បានស្រង់ប្រភពមួយ មកបញ្ជាក់ថា៖ «ក្រុមគ្រួសាររបស់នាង ទទួល​រង​នូវ​ការ​តក់ស្លុត​យ៉ាងខ្លាំង ហើយនៅមិនទាន់បានជួបជជែកផ្ទាល់ ជាមួយនាងនៅឡើយ។ ប៉ុន្តែស្ថានទូតឥណ្ឌា បាន​អះអាង​ថា ពលរដ្ឋរបស់ខ្លួន នាង នីឌី បានរួចផុតពីគ្រោះថ្នាក់ ជាស្ថារពរ។»៕