គោលការណ៍​ទាំង ៩ ដើម្បី​សាង​ភាព​ជោគជ័យ​ឲ្យ​ជីវិត​ខ្លួន​ឯង​ពី​តារា​សំដែង​ដ៏​មាន​ប្រជាប្រិយ Jackie Chan

លោក Jackie Chan ដែល​ពលរដ្ឋ​នៅ​កម្ពុជា​ស្គាល់​ភាគ​ច្រើន​ថា ឈិនឡុង គឺ​ជា​តារា​តារា​ក្បាច់​គុណ​កុងហ្វូ ដ៏​មាន​ប្រជា​ប្រិយ​មួយ​រូប មិន​ថា​នៅ​ក្នុង​ប្រទេស ចិន គឺ​ពិភពលោក​ទាំង​មូល។ បច្ចុប្បន្ន​លោក​មិន​ត្រឹម​តែ​ជា​តារា​សំដែង​ប៉ុណ្ណោះ​ទេ លោក​ជា​អ្នក​ដឹក​នាំ​រឿង និពន្ធ​រឿង​ទៀត​ផង។ លោក Jackie Chan ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​អាជីព​ជា​តារា​សំដែង​អស់​ច្រើន​ទសវត្ស។​ខាង​ក្រោម​ជា​ដំបូន្មាន​ខ្លះ​របស់​លោក Jackie Chan ដែល​ជា​គន្លឹះ​ធ្វើ​ឲ្យ​ជីវិត​លោក​ទទួល​បាន​ជោគជ័យ។

 

១) ធ្វើ​អ្វី​ដែល​ជា​ធម្មជាតិ​របស់​អ្នក ៖ លោក Jackie Chan ថ្លែង​ការ​ធ្វើ​រឿង​ដែល​ជា​ភាព​ប៉ិនប្រសព្វ​ពី​ធម្មជាតិ​របស់​ខ្លួន វា​បាន​បង្កើន​ទំនុក​ចិត្ត​ខ្ពស់​ចំពោះ​ខ្លួន​ឯង​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​មួយ​ដូច​បុគ្គល​អស្ចារ្យ​ដទៃ​ ដូច្នេះ​អ្នក​មិន​ត្រូវ​ព្យាយាម​ចង់​ក្លាយ​ខ្លួន​ជា​ពួក​គេ ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ជា​ខ្លួន​ឯង​ជា​មួយ​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្លួន។

 

២) ធ្វើ​អ្វី​មួយ​តាម​របៀប​របស់​ខ្លួន ៖ លោក Jackie Chan រៀប​រាប់​ថា​ នៅ​ពេល​អ្នក​គិត​ឃើញ​វិធី​ណា​មួយ​ជា​របស់​ខ្លួន ដែល​ខ្លួន​អាច​ធ្វើ​បាន​ ហើយ​វា​ជា​វិធី​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ អ្នក​មិន​ត្រូវ​បោះបង់​វា​ចោល​ឡើយ ទោះ​បី​ជា​អ្នក​ដទៃ​មិន​ស្រប​តាម​អ្នក ទោះ​បី​ជា​វា​បរាជ័យ​ អ្នក​ត្រូវ​តស៊ូ​ជា​និច្ច​ ព្រោះ​ថ្ងៃ​ណា​មួយ​វា​នឹង​ក្លាយ​ជា​ការ​ពិត​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។

 

៣) ត្រូវ​ចេះ​រៀន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន ៖ មនុស្ស​នូវ​ជុំវិញ​ខ្លួន គឺ​ជា​កញ្ចក់​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​ នូវ​រាល់​ចំណុច​ខ្វះ​ខាត​ទាំង​ឡាយ​ដែល​អ្នក​មាន ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​មនុស្ស​ទាំង​នោះ​គឺ​ជា​បុគ្គល​វិជ្ជមាន ហើយ​អ្នក​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​បុគ្គល​អវិជ្ជមាន​ ព្រោះ​វា​អាច​នាំ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ធ្លាក់​ចុះ។

 

៤) ភាព​សកម្ម​នឹង​ការងារ ៖ លោក​ Jackie Chan និយាយ​ថា​នៅ​ពេល​អ្នក​មើល​ឃើញ​នូវ​ភាព​ជោគជ័យ​របស់​នរណា​ម្នាក់ អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង​ពី​រឿង​នៅ​ពី​ក្រោយ​ពួក​គេ​ឡើយ។ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​បុគ្គល​ជោគជ័យ​លោក Jackie Chan រៀប​រាប់​ថា​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ភាព​សកម្ម​នឹង​ការ​ងារ​បំផុត​ ពោល​គឺ​លើស​មនុស្ស​ធម្មតា​ស្ទើរ​តែ​ជាង​ពាក់​កណ្ដាល​ព្រោះ​ភាព​សកម្ម​នឹង​ការងារ​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ស្ទាត់​ជំនាញ ជា​មួយ​នឹង​ការ​លត់​ដំ​ខ្លួន​ក្នុង​ភាព​ពិបាក។

 

៥) ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​ធ្វើ​នៅ​ពេល​អ្នក​នៅ​ក្មេង ៖ នៅ​ពេល​អ្នក​ធ្វើ​កាន់​តែ​ច្រើន​ពេល​អ្នក​នៅ​ក្មេង បទពិសោធន៍​កាន់​តែ​ច្រើន​ដែល​អ្នក​ទទួល​បាន ហើយ​អ្នក​មិន​ចាំ​បាច់​ស្ដាយ​ក្រោយ​ឡើយ​នៅ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ពី​ក្មេង ទោះ​បី​ជា​វា​មិន​ជោគជ័យ​ក៏​ដោយ ប៉ុន្តែ​អ្នក​នឹង​អាច​ស្ដាយ​ក្រោយ​នៅ​១០ ឆ្នាំ​ក្រោយ​ នៅ​ពេល​ដែល​អ្នក​មិន​បាន​ធ្វើ​ នូវ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។

 

៦) កុំ​ធ្វើ​អ្វីៗ​ដើម្បី​តែ​លុយ​ខ្លាំង​ពេក ៖ លោក Jackie Chan រៀប​រាប់​ថា​នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​អ្នក​មិន​ត្រូវ​យក​លុយ​ជា​ធំ​ខ្លាំង​ពេក​នោះ​ឡើយ​អ្នក​ត្រូវ​ធ្វើ​វា​ដើម្បី​បម្រើ​មនុស្ស​ជាតិ​ សង្គម​នឹង​ពិភពលោក​ទាំង​មូល​ ព្រោះ​កិត្តិយស អាច​បន្ត​រស់​នៅ​ជា​រៀង​រហូត​ ចំណែក​លុយ​មិន​អាច​រស់​នៅ​ក្នុង​សង្គម​រហូត​ឡើយ។

 

៧) ធ្វើ​អ្វី​ដែល​ខុស​ប្លែក​ពី​គេ ៖ អ្នក​មិន​ត្រូវ​ព្យាយាម​ចម្លង​នូវ​ទម្លាប់​ជោគជ័យ​ ពី​គេ​ច្រើន​ពេក​នោះ​ទេ អ្នក​ត្រូវ​ចេះ​បង្កើត​ទម្លាប់​ជោគជ័យ​ដោយ​ខ្លួន​ឯង​ ធ្វើ​អ្វី​ដែល​ងាយ​ស្រួល​សម្រាប់​ខ្លួន ព្រោះ​ការ​ប្តូរ​ទម្លាប់​ខ្លួន យក​ទម្លាប់​គេ​មក​ដាក់​ក្នុង​ខ្លួន​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​សម្រាប់​មនុស្ស។

 

៨) ធ្វើ​អ្វី​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ៖ លោក Jackie Chan ថ្លែង​ថា​មិន​មែន​ត្រឹម​តែ​ពេល​ចាប់​ផ្ដើម​ ពាក់​កណ្ដាល ឬ ចុង​បញ្ចប់​នោះ​ឡើយ​ អ្នក​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន​តាម​ខ្លួន​ធ្វើ​បាន​ហើយ​គិត​ថា​វា​មិន​មែន​សម្រាប់​នរណា​ម្នាក់​នោះ​ឡើយ​គឺ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់។

 

៩) រក្សា​ការ​សន្យា ៖ អ្នក​សន្យា​អាច​នឹង​មិន​ទទឹង​រង​ចាំ​ការ​ធ្វើ​ ដូច​អ្នក​ដែល​ត្រូវ​បាន​គេ​សន្យា​ទទឹង​រង​ចាំ​ការ​ទទួល​ឡើយ​។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​សន្យា​ហើយ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន ព្រោះ​វា​ជា​មធ្យោបាយ​បង្កើន​ភាព​ទុក​ចិត្ត​ជឿជាក់​មក​លើ​រូប​អ្នក ផ្ទុយ​មក​វិញ​នៅ​ពេល​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ដូច​ការ​សន្យា​វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​បាត់បង់​តម្លៃ​ ព្រោះ​គុណ​តម្លៃ​របស់​មនុស្ស​ដែល​បាត់​បង់​ទៅ​ហើយ​មិន​ងាយ​ទាញ​មក​វិញ​បាន​ឡើយ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org,