កងទ័ព​ស៊ី​រី​វាយលុក​ចូល​ក្រុង​បុរាណ PALMYRE ខណៈ​កងទ័ព​អីុ​រ៉ា​ក់​វាយលុក​លើ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល

ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ថ្ងៃ​ទី​២៥ មីនា ជា​គោលដៅ​នៃ​ការ​វាយលុក​ធំ​២ ដោយ​កងទ័ព​ស៊ី​រី វាយលុក​ចូល​ទីក្រុង​បុរាណ PALMYRE ក្រោម​ការ​ជួយ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី ហើយ​កងទ័ព​អីុ​រ៉ា​ក់​វាយលុក​លើ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល ៣​ថ្ងៃ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​នៅ​ក្រុង​ព្រុ​ច​សែ​ល​ដែល​អង្គការ​ជី​ហា​ដ​នេះ ប្រកាស​ទទួលខុសត្រូវ ។

ជួយ​ទ្រទ្រង់​តាម​ជើង​គោក ដោយ​ពួក​យុទ្ធ​ជន​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ និង​កងកម្លាំង​ពិសេស​រុ​ស្ស៊ី កងទ័ព​ស៊ី​រី ដែល​ជួយ​ទ្រទ្រង់​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី​ដែរ បាន​លុក​ចូល​ទីក្រុង PALMYRE ពី​ភាគ​ខាងកើត​ដើម្បី​បណ្តាញ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ចេញពី​ទីក្រុង​នេះ ។

យោង​តាម​ប្រភព​យោធា​ស៊ី​រី និង​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា នា​យប់​ថ្ងៃ​ទី​២៤ មីនា កងកាំភ្លើងធំ​ស៊ី​រី​បាន​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​ដាក់​បណ្តា​ទីតាំង​ពួក​ជី​ហា​ដ ក៏​ប៉ុន្តែ​កង​ទាហាន​ពុំ​បាន​រុលចូល​លឿន​ក្នុង​ទីក្រុង​នេះ​ឡើយ ព្រោះតែ​មាន​ពួក​ខ្មាន់កាំភ្លើង​លប​បាញ់​នា​ពេល​យប់ ។

ក្រុង​មូ​ស្គូ​រាយការណ៍​ពី​ការ​វាយប្រហារ​តាម​អាកាស​១៤៦​លើក រយៈពេល​៣​ថ្ងៃ ប្រឆាំង​បណ្តា​ទីតាំង​ពួក​ភេរវ​ករ​ក្នុង​តំបន់​នេះ​ត្រួតត្រា ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០១៥​មក ។

កងទ័ព​ស៊ី​រី​ដែល​បើក​ការ​វាយលុក​ពី​ថ្ងៃ​ទី​៧ មីនា មក ក៏​បាន​ចូល​ក្នុង​ទីក្រុង PALMYRE ពី​ផ្នែក​នីរ​តី ក៏​ប៉ុន្តែ​រុលទៅមុខ​យឺត​ៗ​មក​ពី​គ្រាប់​មីន​ដាក់​ដោយ​ពួ​ួ​ក​ជី​ហា​ដ ។ កង​ទាហាន​ស៊ី​រី​ក៏​លុក​ចូល​ពី​ភាគ​ពាយ័ព្យ​ក្រុង​នេះ​ដែរ បន្ទាប់​ពី​ដណ្តើម​ត្រួតត្រា​ផ្នែក​មួយ​នៃ​ជ្រលង​ភ្នំ​ផ្នូរខ្មោច ។

យោង​តាម​ប្រភព​ព័ត៌មាន​មួយ​ពី​ទីលាន​ថា សមាជិក​ម្នាក់​នៃ​កង​កុំម៉ង់ដូ​របស់​កងកម្លាំង​ពិសេស​រុ​ស្ស៊ី ដែល​ដឹកនាំ​ប្រតិបត្តិការ​វាយលុក​បាន​ត្រូវ​ស្លាប់​នៅ​តំបន់ PALMYRE ខណៈ​ដែល​ទាហាន​រូប​នេះ​កំពុង​កំណត់​ទីតាំង​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម សម្រាប់​ការ​វាយប្រហារ​របស់​កង​យន្តហោះ​រុ​ស្ស៊ី ។

យោង​តាម OSDH ថា ពួក​ជី​ហា​ដ​៤០​នាក់​និង​យុទ្ធ​ជន​ស៊ី​រី​៨​នាក់​បាន​ត្រូវ​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​ការ​ប្រយុទ្ធ​នៅ PALMYRE ជាទី​ក្រុង​បុរាណ​ចំណាស់​ជាង​២០០០​ឆ្នាំ​មក​ហើយ និង​បញ្ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក ។ នៅ​ទីនោះ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​កម្ទេច​ចោល​រតនសម្បត្តិ​ស្ថាបត្យកម្ម​ជា​ច្រើន ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​នៅ​តំបន់ PALMYRE អាច​កម្ទេច​ប៉ុស្តិ៍​ទីបញ្ជាការ​ពួក​ជី​ហា​ដ​៦​កន្លែង សម្លាប់​ពួក​ភេរវ​ករ​៣២០​នាក់ កម្ទេច​រថក្រោះ​៥​គ្រឿង កាំភ្លើង​ធំ​៦​គ្រឿង បណ្តា​ឃ្លាំង​ស្តុក​គ្រាប់រំសេវ និង​រថយន្ត​១៥​គ្រឿង ។

ចំណែក​កងទ័ព​អីុ​រ៉ា​ក់​ជួយ​ទ្រទ្រង់​ដោយ​ពួក​ជីវពល និង​កង​យន្តហោះ​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​េ​ម​រិ​ក​ក៏​បាន​ធ្វើការ​វាយលុក​មួយ ដើម្បី​ដណ្តើម​យក​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​ក្រុង​ធំ​ទី​២ នៅ​ភាគ​ខាងជើង​ប្រទេស​ពី​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វិញ​ដែរ ។

ការ​ដណ្តើម​យក​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​វិញ ដែល​ពិត​ណាស់​ជា​ការ​លំបាក ត្រូវ​បាន​ចាត់​ទុក​ថា ជា​ទិស​ដៅ​សំខាន់​បំផុត​នៃ​ការ​វាយ​ដណ្តើម​យក​ដែនដី​ដែល​បាត់បង់​ក្នុង​ការ​វាយ​លុក​​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ឆ្នាំ​២០១៤ នៅ​អីុ​រ៉ា​ក់មក​វិញ ។

យោង​តាម​ទីបញ្ជាការ​រួម​នៃប្រតិបត្តិ​ការ​ថា​មូលដ្ឋាន​ជា​ច្រើន​ស្ថិត​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ ពី​ក្រុង​ម៉ូ​ស​ស៊ុ​ល​ត្រូវ​បាន​រំដោះ​ពេល​ធ្វើ​ប្រតិបត្តិការ​វាយលុក ។

ក្រុង​ម៉ូ​ស​ស៊ុ​ល​ក៏​ដូច​ជាទី​ក្រុង PALMYRE ហើយ​ពិសេស​ទីក្រុង​រ៉ា​កា​ស៊ី​រី​ជា​ផ្នែក​មួយ​នៃ​ដែនដី​កាលី​ហ្វា​ត​ប្រកាស​ដោយ​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លោក ABOU BAKR AL BAGHDADI កាលពី​ខែមិថុនា ឆ្នាំ​២០១៤ ៕