​សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប​ល្បែង​ឆ្នោត​នៅ​តំបន់​ផ្សារ​ប៉េសេ​

​បើតាម​អាជីវករ​បាន​ប្រាប់អោយដឹង​ថា​ល្បែង​ឆ្នោត​កន្ទុយលេខ​ដែល​បើក​កត់​ពេញ​ក្នុង​ផ្សារ ប៉េសេ​នោះ ដោយសារតែ​មានការ​ត្រូវដង​ត្រូវផ្លែ​ជាមួយ សមត្ថកិច្ច​គ្រប់​ជំនាញ​អស់​ទៅហើយ ទើប​មិន​បង្ក្រាប​ដូចនេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ល្បែង​ឆ្នោត​កន្ទុយលេខ​នៅ​តំបន់​ផ្សារ​ប៉េសេ​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើងៗ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចេញមុខ​បង្ក្រាប​ឡើយ​។​

​កន្លែង​កត់​ឆ្នោត និង​កន្ទុយលេខ​នៅ​ផ្សារ​ប៉េសេ គេ​បានឃើញ​សមត្ថកិច្ច​ឧស្សា​ហ៏​ចុះទៅ​កន្លែង​នោះ​ណាស់​តែ​មិនមែន​ចុះទៅ​បង្ក្រាប​ទេ​គឺ​ចុះទៅ​យកលុយ​ពី​មេ​ឆ្នោត និង​មេ​កន្ទុយលេខ​ទាំងអស់នោះ​ទើប​មេ​ឆ្នោត​ទាំងនោះ​អាច​នៅ​សុខ​បាន​។ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ឆ្នោត​ជ្រំ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​បញ្ជាក់ថា បើ​គ្មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ជំនាញ មេ​ឆ្នោត​ក៏​មិនអាច​ដំណើរការបាន​យ៉ាង​រលូន​ដោយ​គ្មាន​ការបង្ក្រាប​នោះទេ​។​

​អធិការ​ខណ្ឌមានជ័យ និង​អភិបាល​ខណ្ឌមានជ័យ ត្រូវគេ​ដឹងថា​ប្រជាពលរដ្ឋ​ធ្លាប់​រាយការណ៍​ពី​ករណី​ល្បែង​ឆ្នោត​នៅ​ផ្សារ​ប៉េសេ​ជូន​ពួកគេ​ដែរ តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​មិនដែល​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​។ ប្រជាពលរដ្ឋ​ខណ្ឌមានជ័យ បាន​បញ្ជាក់ថា វេទិកាសាធារណៈ​ដែល​បានធ្វើ​កន្លងមក​គ្មាន​តម្លៃ​នោះទេ ព្រោះ​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​មិន​ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ខណ្ឌមានជ័យ បាន​រិះគន់ថា​លុយ​ល្បែង​ឆ្នោត​ភាគច្រើន​បាន​ហូរ​ចេញទៅ​ក្រៅប្រទេស ពិសេស​ប្រទេស​យួន​ដែលជា​ប្រភព​មេ​ឆ្នោត​ធំ ព្រោះ​មេ​ឆ្នោត​នៅ​ស្រុក​ខ្មែរ​គ្រាន់តែ​ជា​បណ្តាញ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រដ្ឋាភិបាល គប្បី​ត្រួតពិនិត្យ​បញ្ហា​ខាងលើនេះ​ឡើងវិញ ព្រោះ​ល្បែង​ឆ្នោត​មិនបាន​ផ្តល់​ផលចំណេញ​ដល់​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ​សង្គម​នោះទេ ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ដែល​ចាក់​ឆ្នោត​៕

ឆនត-1-នគរភន១០៣MHz VN-Lottery