ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សជំទាស់​ក្នុងប្រទេស​កម្ពុជា គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ

ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​ជួបពិភាក្សា​ជាមួយ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ និង​ជួបពិភាក្សា​ជាមួយ​លោក គង់ គាំ ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​។ នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា លោក គង់ គាំ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សមរង្ស៊ី និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា បានលើកឡើង​ពី​ការគាបសង្កត់​របស់រ​ដ្ឋា​ភិ​បាល​ទៅលើ​ការសម្ដែង​មតិ​របស់​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សជំទាស់​។ ក្នុងនោះ​មានដូចជា ករណី​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ត្រូវ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សកាន់អំណាច បោះឆ្នោត​ដក​អភ័យឯកសិទ្ធិ ហើយ​បច្ចុប្បន្នកំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដោយសារតែ​ការសម្ដែង​មតិ​។

លោក គង់ គាំ បាន​ថ្លែង​នៅ​ចំពោះមុខ​លោកស្រី រ៉ូ​ណា ស្មី​ត ថា​ក្នុងករណី​ចាប់ខ្លួន​លោក ហុង សុខ​ហួរ នោះ​គឺ​ដោយសារ​ស្ថាប័ន​តុលាការ និង​ស្ថាប័នព្រឹទ្ធសភា ទទួលរង​សម្ពាធ​ពី​រដ្ឋាភិបាល​។ លោក គង់ គាំ មានប្រសាសន៍​ទៀតថា​«​យើង​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ពី​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ នីតិវិធី​ដែល​ធ្វើ​ចំពោះ​លោក ហុង សុខ​ហួរ គឺ​មិន​រក្សា​នូវ​នីតិវិធី​នីតិបញ្ញត្តិ​ឯករាជ្យ​ពី​នីតិប្រតិបត្តិ​នោះទេ ហាក់​ទទួល​ឥទ្ធិពល​និង​សម្ពាធ​យ៉ាង​ឆាប់រហ័ស​។ មិន​ទុកពេល​ឲ្យ​ឆ្លើយតប មិន​ទុកពេល​ឲ្យ​កែតម្រូវ មិន​ទុកពេល​ឲ្យ​បង្កើត​គណៈកម្មការ​ស្វែងរក​ការពិត​ជុំវិញ​ការចោទប្រកាន់​លើ​លោក ហុង សុខ​ហួរ​»​។

ជុំវិញ​បញ្ហា​ខាងលើនេះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងជំនួប​ជាមួយ​លោក គង់ គាំ គឺ​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ពិភាក្សា​អំពី​សេរីភាព​នៃ​ការសម្តែង​មតិ សេរីភាព​ជួបប្រជុំ បាតុកម្ម​ដោយ​សន្តិវិធី សិទ្ធិ​ជនជាតិដើម​ភាគតិច និង​ភាព​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​ជាដើម​។ ដូច្នេះ​ករណី​រដ្ឋាភិបាល​លោក ហ៊ុន សែន គាបសង្កត់​គំរាមកំហែង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា មន្ត្រី និង​សកម្មជន​គណបក្សជំទាស់ គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ​។ លើស​នេះ​ទៅទៀត​អំពើ​រំលោភសិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​លើក​យកទៅ​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​តាម​ស្ថានភាព​ជាក់ស្តែង ដូច្នេះ​មន្ត្រី​រដ្ឋាភិបាល​លោក​ហ៊ុន សែន មិនអាច​បិទបាំង​ការពិត​បានទេ​៕

Kung-Kormលោក គង់ គាំ ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា