​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្នើ គ​.​ជ​.​ប លើ​៥​ចំណុច​

បន្ទាប់ពី​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្សជំទាស់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​រួចមក នៅថ្ងៃនេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លើ​៥​ចំណុច​ផងដែរ​ដែល​គេ​ថា​បញ្ហា​ទាំងនោះ​ជួយ​ដល់​ការធានា​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយកម្រិត​ទៀត ពិសេស​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់​ជូន​អ្នកសារព័ត៌មាន​ថា​ចំណុច​ដែល​លោកស្រី រ៉ូ​ណា ស្មី​ត ស្នើសុំ​នោះ​រួមមាន​៖​ទី​១-​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ  ទី​២-​បញ្ហា​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅក្រៅ​ប្រទេស  ទី​៣-​បញ្ហា​ជនជាតិដើម​ភាគតិច​ដែល​មិនចេះ និយាយ​ភាសា​ខ្មែរ  ទី​៤-​ជំរុញ​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​មាន​ភាព​អព្យាក្រឹត និង​ទី​៥-​ព្យាយាម​មើល និង​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ និង​មាន​តម្លាភាព​លើ​ដំណើរការ​ការងារ​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុងការ​បោះឆ្នោត​។

គួរ​បញ្ជាក់ថា បន្ទាប់ពី​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ ពហិការ​មិន​ចូល​សភា ស្ទើរ​រយៈពេល​មួយឆ្នាំ ដោយ​តវ៉ា​ប្រឆាំងនឹង​ការលួចបន្លំ​សន្លឹកឆ្នោត​។ ក្រោយមក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ច្រើន​ចំណុច ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​មានការ​កែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ការកែទម្រង់​នេះ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​តាមបែប​ប្រជាធិបតេយ្យ​៕

873