រឿងអាស្រូវ​របស់លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ​សាលាខេត្ត​កណ្ដាល ត្រូវបាន​លាតត្រដាង​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​សាលាខេត្ត​កណ្ដាល បានចាប់ផ្ដើម​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ​ខេត្តកណ្ដាល ជា​សាធារណៈ​ដើម្បី​ឲ្យ​មហាជន​បានដឹង​។ ប្រភព​បាន​ឲ្យ​ដឹងថា លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ​ចាត់ការ​ខេត្តកណ្ដាល បំពេញការងារ​មិន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន និង​ឃុបឃិត​ជាមួយ​បក្ខពួក​កិបកេង​ថវិការដ្ឋ​តាមរយៈ​ការដេញថ្លៃ​គម្រោង​សាងសង់​និង​សំណង់​ផ្សេងៗ​នៅក្នុង​ខេត្តកណ្ដាល​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ ជា​អភិបាលខេត្ត គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​រឿងអាស្រូវ​របស់លោក ទ្រី ប៊ុន​ហៀ​ង ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

មន្ត្រី​សាលាខេត្ត​កណ្ដាល បាន​ឲ្យ​ដឹងថា ការដែល​លោក ទ្រី ប៊ុន​ហៀ​ង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ក្នុង​ជួរ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ដែល​ចាំ​ជួយ​ការពារ​ខ្លួន​។ ជាមួយគ្នានេះ​ប្រភពពី​ក្រុមហ៊ុន​សាងសង់​ផ្លូវលំ​មួយ​នៅ​ខេត្តកណ្ដាល បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​ក្រុមហ៊ុន​ត្រឹមត្រូវ​ណា​ចង់​ចូលរួម​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​ខេត្តកណ្ដាល ជា​គម្រោង​របស់​រដ្ឋ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ ដោយហេតុថា លោក ទ្រី ប៊ុន​ហៀ​ង បាន​បង្ក​ការលំបាក​សព្វបែបយ៉ាង​តាម​រូបភាព​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​ត្រឹមត្រូវ​ទាំងនោះ​ទទួលបាន​សិទ្ធិ​ក្នុងការ​ដេញថ្លៃ​។ ជាងនេះទៅទៀត​លោក ទ្រី ប៊ុន​ហៀ​ង បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​ក្រុមហ៊ុន​ខិលខូច ដើម្បី​ជួយ​ឲ្យ​គម្រោង​បាន​ធ្លាក់​ទៅលើ​ដៃ​ក្រុមហ៊ុន​ខិលខូច ហើយ​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។

មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​នេះ​នៅ​សាលាខេត្ត​កណ្ដាល មានការ​ដាក់​ឲ្យ​ដេញថ្លៃ​សាងសង់​ផ្លូវ​បេតុង​៧​ខ្សែ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​២​ខ្សែ ហើយ​មាន​ភាពមិនប្រក្រតី​ជាច្រើន​កើតឡើង​ព្រោះ​ក្រុមហ៊ុន​មួយចំនួន​ត្រូវបាន​គេ​ប្រាប់ថា មិនបាច់​ចូលរួម​ដេញថ្លៃ​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​សាងសង់​ភាគច្រើន​នៅក្នុង​ទឹកដី​ខេត្តកណ្ដាល ត្រូវបាន​លោក ទ្រី ប៊ុន​ហៀ​ង និង​បក្ខពួក​ព្រមទាំង​មន្ត្រី​ជំនាញ និង​ក្រុមហ៊ុន​ខិលខូច​ឃុបឃិត​គ្នា​រៀបចំ​ផែនការ​រួចរាល់​អស់​ទៅហើយ​។ មានន័យថា ការដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​គ្រាន់តែ​ជា​ល្បែង​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់​ពួកគេ​តែប៉ុណ្ណោះ​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​មន្ត្រី​ខិលខូច​ពុករលួយ​ដូចជា លោក ទ្រី ប៊ុន​ហៀ​ង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

12910915_1537118459917064_1057549715_nលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល