លោក អូន ព័ន្ធមុនីរ័ត្ន គួរពិនិត្យមើល​អំពើពុករលួយ​របស់​ម​ន្ត្រី​ក្រោម​ឱវាទ​ខ្លះ​ផង​

កន្លងមក​អំពើពុករលួយ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន បើក​ការស៊ើបអង្កេត​នោះទេ បើទោះបី​មានការ​ទម្លាយ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​ក៏ដោយ​។ ឥឡូវនេះ​មន្ត្រី​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ម្នាក់ ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​ដើ​ម្ប​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​តាមច្បាប់​។ ជាងនេះទៅទៀត​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏បាន​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​របស់លោក ជា គឹម​តុង អនុប្រធាននាយកដ្ឋាន​ចំណូល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាបន្ទាន់ ផងដែរ​។​

​ប្រភពពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា លោក ជា គឹម​តុង អនុប្រធាននាយកដ្ឋាន​ចំណូល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ភាពមិនប្រក្រតី​ក្នុងតួនាទី​របស់គាត់​ដោយបាន​ឃុបឃិត​ជាមួយ​អ្នកវិនិយោគ ដើម្បី​មាន​ភាគហ៊ុន​សម្រាប់​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត និង​មាន​កិច្ចសន្យា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ខេត្ត​ចំនួន​២ លោក ជា គឹម​តុង មាន​ភាគហ៊ុន​ក្នុងការ​ប្រមូល​ភាស៊ី​ជាច្រើន គឺ​ខេត្តកណ្ដាល និង​ខេត្តមណ្ឌលគិរី ដោយ​អាច​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន គួរពិនិត្យមើល​ឡើងវិញ ព្រោះ​មន្ត្រី​មុខងារសាធារណៈ​មិនត្រូវ​ពាក់ព័ន្ធ​ទៅនឹង​ភាគហ៊ុន​ភាស៊ី​ជាមួយ​ក្រុមហ៊ុន​ឯកជន​នោះទេ​។

តាម​ការអះអាង​របស់​មន្ត្រី​ក្នុង​នាយកដ្ឋាន​ចំណូល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​បាន​ឲ្យ​ដឹងថា លោក ជា គឹម​តុង ប្រើប្រាស់​តួនាទី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​យូរ​មកហើយ ដោយ​ប្រមូល​លុយ​ពី​គម្រោង​វិនិយោគ​ដេញថ្លៃ​អភិវឌ្ឍន៍​និង​ភាស៊ី​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​លោក ជា គឹម​តុង មាន​ភាគហ៊ុន​សម្រាប់​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត ដែលមាន​កិច្ចសន្យា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ មន្ត្រីរាជការ​ក្នុង​នាយកដ្ឋាន​ចំណូល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ជាបន្ទាន់​នៅក្នុង​រឿងនេះ ដើម្បី​កុំ​ឲ្យ​មន្ត្រី​ពុករលួយ​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

Monirat-1លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ