មាន​បញ្ហា​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង អំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល ចាត់វិធានការ​ដោះស្រាយ​

​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ លោក ម៉ែន វិបុល ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ស្វាយរៀង ជំនួស​លោក ជៀង អំ ដែល​ទៅកាន់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។ ទន្ទឹមនឹង​លោក ម៉ែន វិបុល ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ស្វាយរៀង​នោះ ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នេះ បាន​ជំរុញ​ឲ្យ​អភិបាលខេត្ត​ថ្មី​ចាត់វិធានការ​ដោះស្រាយ​បញ្ហាសំខាន់ៗ​មួយចំនួន​ដែល​លោក ជៀង អំ មិន​ដោះស្រាយ​ក្នុងពេល​ធ្វើជា​អភិបាលខេត្ត​។ បញ្ហាសំខាន់​ដែលជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ គឺ​បញ្ហា​ព្រំដែន បញ្ហា​អន្តោប្រវេសន៍​យួន​ខុសច្បាប់ បញ្ហា​នាំចូល​ទំនិញ​ខូចគុណភាព បញ្ហា​សន្តិសុខ​សង្គម និង​ជម្លោះដីធ្លី​ជាដើម​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​អំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល ចាត់វិធានការ​ដោះស្រាយ​រឿង​ភាគី​យួន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​រំលោភ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤​ដល់​លេខ​១៩៨​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ភាគី​យួន​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​កសិករ​ខ្មែរ​៤០០​ទៅ​៥០០​ហិកតា​នៅតាម​ព្រំដែន​ឃុំ​ចន្ទ្រា ប៉ុន្តែ​លោក ជៀង អំ ជា​អភិបាល​ខេត្តស្វាយរៀង​នាពេលនោះ ពុំមាន​ប្រតិកម្ម​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អភិបាល​ខេត្តស្វាយរៀង​ថ្មី លោក ម៉ែន វិបុល ពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​យួន​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​ទៀត​។

ចំណែក​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តស្វាយរៀង បាន​លើកឡើងថា មាន​បញ្ហា​ជាច្រើន​ដែល​លោក ម៉ែន វិបុល ត្រូវ​ចាត់វិធានការ​ដោះស្រាយ ក្នុងនោះ​ការហូរចូល​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​យួន គឺជា​រឿង​ដែល​មិនគួរ​មើលរំលង​ឡើយ​។ ជាងនេះទៅទៀត​ករណី​ជនជាតិ​យួន​ចូលមក​លក់ទំនិញ​និង​លក់​ឆ្នោត​យ៉ាង​អនាធិបតេយ្យ ក៏​ជា​រឿង​ដែល​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ទប់ស្កាត់​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែរ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​បញ្ជាក់ថា បញ្ហា​ជម្លោះដីធ្លី​នៅ​ខេត្តស្វាយរៀង ជាពិសេស​ករណី​អ្នកមាន​លុយ អ្នកមានអំណាច រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋនៅក្នុង​ស្រុករ​មាស​ហែក គឺជា​រឿង​ដែល​អាជ្ញាធរខេត្ត​ស្វាយរៀង គួរ​គិតគូរ​ដោះស្រាយ​ជាបន្ទាន់​។ លើស​នេះ​ទៅទៀត​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ក៏​ជា​រឿង​ដែល​អាជ្ញាធរខេត្ត​ស្វាយរៀង ក្រោម​ការដឹកនាំ​របស់​លោក ម៉ែន វិបុល ត្រូវ​ពង្រឹង​ឡើងវិញ​ឲ្យ​ប្រសើរ​ជាង​មុន​ផងដែរ​៕

12910193_1537151086580468_549054986_nលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងថ្មី 12768246_970004996418512_7645041658716309885_o 12768107_970004976418514_8981257079695798607_o 12747349_970004929751852_4709592131127165500_o