ប៉េអឹម​ខេត្ត​​សៀមរាប​ចាប់​រថយន្ត​សាំយ៉ុង​៣​គ្រឿង​ ដឹក​ឈើ​ខុសច្បាប់

ប៉េអឹម​ខេត្ត​​សៀមរាប​ចាប់​រថយន្ត​សាំយ៉ុង​៣​គ្រឿង​ ដឹក​ឈើ​ខុសច្បាប់



សៀមរាប ​៖​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​បាន​បង្ក្រាប​រថយន្ត​សាំយ៉ុង​៣​គ្រឿង ​ដឹក​ឈើ​ចេញពី​ខេត្ត​ព្រះវិហារ​ឆ្លងកាត់​​ ខេត្ត​សៀមរាប​ ដោយ​គ្មាន​ការ​អនុញ្ញាត។

ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ នៅ​ចំណុច​ផ្សេងគ្នា​ស្ថិត​ក្នុង​ក្រុង​សៀមរាប​ខេត្ត​សៀមរាប។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា​ ៖​ក្រោយពី​រឹបអូស​ កម្លាំង​អាវុធហត្ថ​បាន​នាំ​យក​មក​រក្សាទុក​នៅ​បន្ទាយ​បញ្ជាការ​អាវុធហត្ថ​ក្រុង​សៀមរាប​ថ្មី ​ស្ថិតនៅ​ភូមិ​ព្រៃ​គុយ​ សង្កាត់​អំពិល ​ក្រុង​សៀមរាប​ខាង​កើត​អង្គរ​ឃ្យុ​ង​យូ ដើម្បី​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។

មន្ត្រី​ដដែល​បន្ត​ថា ​៖ ​រថយន្ត​ដឹក​ឈើ​ទាំង​៣​គ្រឿង​ទី​១​.ម៉ាក​សាំ​យ៉ុង​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២X១០៦២​ ទី​២.​ម៉ាក​ ស៊ាំ​យ៉ុង​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២K២២១៧ ​ទី​៣​. ម៉ាក​សាំយ៉ុង​ពាក់​ស្លាក​លេខ ​ភ្នំពេញ​២D ៨៩៥២។

មន្ត្រី​ដដែល​បន្ថែម​ថា ​៖​ រថយន្ត​ដឹក​ឈើ​ ខាង​លើ​បាន​ធ្វើ​សកម្មភាព​ដឹក​ចេញពី​ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ចូល​មក​ចែកចាយ​នៅ​តាម​ដេប៉ូ​នានា​ក្នុង​នៅ​ក្រុង​សៀមរាប​ ដោយ​ឈើ​នៅ​ក្នុង​រថយន្ត​ ជា​ប្រភេទ​​ឈើ​នី​វ​ និង​គ្រោងទ្វារ ។

លោក​យឹម ស៊ី​វ៉ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​៖ ​រថយន្ត​ទាំងនោះ​រៀបចំ​នាំ​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី នៅ​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី។

សូម​រំលឹក​ថា ​៖​ បទល្មើស​ព្រៃឈើ​ចេញ​ពី​ខេត្ត​ព្រះវិហារ​កំពុង​សម្រុក​ដឹក​ឆ្លង​កាត់​មក​ខេត្ត​សៀមរាប​ ចំណុច​ស្រុក​ស្វាយ​លើ​ដើម្បី​យក​មក​លក់​នៅ​តាម​ដេប៉ូ​នានា​ក្នុង​ក្រុង​សៀមរាប​ដូច​ភ្លៀងរលឹម៕
ប៉េអឹម​ខេត្ត​​សៀមរាប​ចាប់​រថយន្ត​សាំយ៉ុង​៣​គ្រឿង​ ដឹក​ឈើ​ខុសច្បាប់