ក្រុម​អ្នក​កាសែត​ថៃ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ ពី​ស្ថានភាព​អ្នកកាសែត​នៅ​ក្នុង​តំបន់​

ក្រុម​អ្នក​កាសែត​ថៃ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ ពី​ស្ថានភាព​អ្នកកាសែត​នៅ​ក្នុង​តំបន់​



ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រឹក​ថ្ងៃទី​២៥ ខែមីនា​នេះ បានអនុញ្ញាត​ឱយ​គណៈ​ប្រតិភូ​អ្នកសារព័ត៌មាន​ថៃ​មួយក្រុម​ដឹកនាំ​ដោយ​លោក Wanchai Wongmeechai សមាគម​អ្នកកាសែត​ថៃ​(Naewna Newspaper) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួង។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​ឪ្យដឹង​ក្រោយ​ជំនួប​នោះ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី​ស្ថានភាព​អ្នកកាសែត​នៅក្នុង​តំបន់​អាស៊ាន​របស់​ក្រុម​អ្នកសារព័ត៌មាន​ថៃ ហើយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ក្រុមអ្នកកា​សែត​ថៃ នឹង​ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ជា​បន្ត​។

ដោយឡែក​នៅ​កម្ពុជា គឺ​គេ​មក​ក្នុង​គោលបំណង​ស្វែងយល់​អំពី​ការ​រីកចម្រើន ​នៃ​វិស័យ​សារព័ត៌មាន​មាននៅ​កម្ពុជា​។ ក្នុងជំនួប​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរាប​ជូន​អ្នកសារព័ត៌មាន​ថៃ​ថា ផ្នែក​សារព័ត៌មាន​កម្ពុជា​វា​ខុសពី​គេ​បន្តិច ព្រោះថា​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា​មិនមែន​ត្រួតពិនិត្យ​ព័ត៌មាន​ទេ សំខាន់​យើង​ផ្តល់​ការងារ សម្រួល​ការងារ​ដល់​អ្ន​ក​សារព័ត៌មាន​ជាតិ អន្តរជាតិ​បាន​បំពេញការងារ​បាន​។ ចំពោះ​លក្ខណ​ចំពោះ​អ្នកកាសែត​មាន​៣ គឺ​ទី​១-​ការ​ត្រួតពិនិត្យ​ជាមុន​ត្រូវ​ហាមឃាត់ ទី​២-​ជនជាតិ​បរទេស​ក្តី ខ្មែរ​ក្តី​ក៏​អាច​បើក​កាសែត​បាន​នៅ​កម្ពុជា ទី​៣-​អ្នកកាសែត​នៅពេល​បញ្ចេញមតិ​មិនអាច​មានទោស​ជាប់ពន្ធនាគារ​បានទេ នេះ​ជា​លក្ខណៈពិសេស​របស់​អ្នកកាសែត​ខ្មែរ​។ លោក​រដ្ឋមន្ត្រី​បាន​ជំរាបជូន​បន្តថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​គេហទំព័រ​ផ្សេងៗ ហើយ​មកដល់​ឥឡូវនេះ​រាជរដ្ឋាភិបាល​កម្ពុជា​មិនដែល​បិទ​គេហទំព័រ​ណាមួយ​ទេ គឺ​ផ្តល់​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញមតិ​រប​ស់​ពួកគេ​។ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​សេចក្តី​អរគុណ​ចំពោះ​អ្នកកាសែត​ថែ ទោះជា​កន្លងមក​ប្រទេស​យើង​ទាំងពីរ​នៅពេលដែល​យើង​មានទំនាស់​គ្នា​នៅតាម​ព្រំដែន មាន​សង្គ្រាម​នៅតាម​ព្រំដែន សមាគម​អ្នកកាសែត​ថៃ ក៏ដូចជា​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​សហការគ្នា​ល្អ​ណាស់​ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន ហើយ​ម្យ៉ាងទៀត​ពិត​មែនតែ​មាន​សង្គ្រាម​នៅ​តាម​ព្រំដែន​ក្តី ប៉ុន្តែ​ប្រជាជន​ថៃ​ដែល​រកស៊ី​នៅ​ខ្មែរ និង​ប្រជាជន​ខ្មែរ​ដែល​រកស៊ី​នៅ​ថៃ​ទៅមក​ដោយ​សេរី​មិន​មាន​ការ​ប៉ះពាល់​គ្នា​ទេ ធ្វើឱយ​នៅតាម​ព្រំដែន​មិន​មាន​អសន្តិសុខ ដែល​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​របស់​អ្នកសារព័ត៌មាន ​ក្នុង​ការ​បន្ធូរ​បន្ថយ​បរិយាកាស។

លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​ក៏បាន​មានប្រសាសន៍​ឱយដឹង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ក្រុម​អ្នកកាសែត​ថៃ​មាន​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦​។ ក្នុង​ដំណើរ​នេះ​បន្ទាប់ពី​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា គេ​នឹង​ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​បន្តទៀត ដើម្បី​ស្វែងយល់​អ​ពី​ស្ថានភាព​របស់​អ្នកសារព័ត៌មាន​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នកកាសែត​ខ្មែរ និង​អ្នកកាសែត​ថៃ លោក ប៉ែន បូ​ណា បានឱ្យដឹង​ដែរ​ថា ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​(MOU)​ជាមួយនឹង​សមាគម​អ្នកកាសែត​ថៃ​កាលពី​ឆ្នាំ​២០១១ ក្នុង​គោលបំណង​ដូចគ្នា ដើម្បី​ស្វែងយល់​ឱយបាន​ទូលំទូលាយ​ពី​សមាគម​អាស៊ាន តាមរយៈ​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា ផ្លាស់ប្តូរ​ភាសារ​គ្នា ហើយ​ឥឡូវនេះ​ខាង​ភាគី​ថៃ​គេ​បានធ្វើ​ហើយ គេ​បាន​បង្រៀន​ភាសារ​ខ្មែរ​ឱយ​ពួក​អ្នកកាសែត​ថៃ ដើម្បី​ងាយស្រួល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ ចំណែក​ក្លឹប​អ្នកកាសែត​កម្ពុជា ក៏ត្រូវ​បង្រៀន​ភាសារ​ថៃ​ដល់​អ្នកកាសែត​ខ្មែរ​យើង​ដើម្បីឱយ​គាត់​ទស្សនកិច្ច​នៅ​ថៃ ដើម្បី​ងាយស្រួល​ស្វែងយល់​គ្នា​ទៅវិញទៅមក​ឱយបាន​ល្អ ព្រោះថា​ក្នុង​សមាគម​អាស៊ាន​អ្នកកាសែត​យើង​ទាមទារ​សមត្ថភាព​យល់​ដឹង​ពី​ថ្នាក់​តំបន់​ឱយបាន​ខ្លាំង​។ លោក​ថា អ្នកកាសែត​ខ្មែរ​យើង​កន្លងមក​ផ្តោត​តែ​លើ​ព័ត៌មាន​ក្នុងស្រុក មិនទាន់បាន​បើកទូលាយ​នៅក្នុង​តំបន់​នៅឡើយ អញ្ចឹង​ហើយ​បានជា​លោក​គិតថា ពី​ពេលនេះ​តទៅ​យើង​គួរតែ​បើកទូលាយ​ស្វែងយល់​អំពី​ថ្នាក់​តំបន់​ឱយបាន​ច្រើន ដើម្បី​យើង​អាចយ​ល់ពី​គេ យើង​អាច​ធ្វើការ​ជាមួយ​គេ​នៅពេលណា​ក៏បាន​៕

ក្រុម​អ្នក​កាសែត​ថៃ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ ពី​ស្ថានភាព​អ្នកកាសែត​នៅ​ក្នុង​តំបន់​

ក្រុម​អ្នក​កាសែត​ថៃ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ ពី​ស្ថានភាព​អ្នកកាសែត​នៅ​ក្នុង​តំបន់​