ប្រជាពលរដ្ឋ ប្រតិកម្ម​នឹង​ការ​ធ្វើ​ផ្លូវ​ពន្យារ​ពេល​ទុក​នៅ​មេម៉ាយ​រាប់​ខែ​ ពុំ​ដឹង​ម្ចាស់​គម្រោង​យល់​យ៉ាង​ម៉េច​

ប្រជាពលរដ្ឋ ប្រតិកម្ម​នឹង​ការ​ធ្វើ​ផ្លូវ​ពន្យារ​ពេល​ទុក​នៅ​មេម៉ាយ​រាប់​ខែ​ ពុំ​ដឹង​ម្ចាស់​គម្រោង​យល់​យ៉ាង​ម៉េច​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៦៩ ឬ​ផ្លូវ​១១០ ​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ​បាន​នាំគ្នា​ប្រតិកម្ម​ទៅ​នឹង​ម្ចាស់​គម្រោង​ជួសជុល​ផ្លូវ​នេះ​ថា ​បាន​ឈូស​ឆាយ​ចោល​រាប់​ខែ​ ធ្វើ​ឲ្យ​ហុយ​ដី​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ធ្វើ​ដំណើរ​ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សង្ខាង​ផ្លូវ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​ផ្លូវ​នេះ​ម្ចាស់​គម្រោង​បាន​មក​ឈូស​ឆាយ​ផ្លូវ​កៅស៊ូ​ចាស់​ចោល​ដោយមាន​បំណង​ស្ថាបនា​ថ្មី​ ប៉ុន្តែ​ពេល​ឈូស​ឆាយ​រួច​ បែរជា​ទុកចោល​ឲ្យ​នៅ​មេម៉ាយ ​និង​ហុយ​ដី​ខ្មៅ​ងងឹត​ ពេល​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ម្តងៗ។​

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ​ដែរ​ លោក រស់ សុភ​គ្គ័ អភិបាលរងខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ​ ត​.ភ្ជាប់​ពី​គល់​ស្ពានថ្ម​សង្កាត់​ព្រែកប្រា​ ឆ្លងកាត់​សង្កាត់​ព្រែក​ថ្មី ដល់​ព្រំប្រទល់​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​។​

លោក​អភិបាលរងខណ្ឌ​បាន​បន្ត​ថា ​ផ្លូវ​នេះ​ម្ចាស់​គម្រោង ​គឺ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដែល​បាន​ឈូស​ឆាយ​ទុកចោល​តាំងពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ ហើយ​បន្ទាប់មក​ លោក​បាន​ធ្វើការ​ទំនាក់ទំនង​ជា​ច្រើនលើកច្រើនសា​ដែរ ​ប៉ុន្តែ​ខាង​ក្រសួង​ឆ្លើយ​ថា​ អត់​ថវិកា។

លោក រស់ សុភ​គ្គ័ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៦​នេះ ​លោក​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រសួង​ម្តង​ទៀត​ គេ​បាន​ឆ្លើយ ​និង​ធ្វើ​បន្ត​នៅ​ដើមខែ​មេសា ​ឆ្នាំ​នេះ​។

ហើយ​លោក​បាន​សំណូមពរ​ដល់​ក្រសួង​ជា​ម្ចាស់​គម្រោង​សុំ​ឲ្យ​មក​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ​ដោយ​ជំងឺ​ផ្លូវ​ដង្ហើម។
ដោយឡែក​ លោក លីវ វណ្ណ​ថេ​ង​ ចៅសង្កាត់​ព្រែក​ថ្មី​ក៏បាន​លើកឡើង​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅ​អម​សង្ខាង​ផ្លូវ ​និង​អ្នកដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ​ ព្រោះតែ​ហុយ​ដី​ខ្លាំង​ពេក​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​លោក​ក៏បាន​ជួល​ឡាន​ដឹក​ទឹក​ឲ្យ​មក​ស្រោច​លើ​ផ្លូវ​៣៦៩ ​ឬ​ផ្លូវ​១១០​ ដែល​មាន​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ ដើម្បី​កុំ​ឲ្យ​ហុយ​ដី​លើ​ប្រជាពលរដ្ឋ​ ហើយ​ថ្លៃ​ជួល​ឡាន ​គឺ​លោក​ចៅសង្កាត់​ជា​អ្នក​ចេញ​ទាំងអស់៕