កម្ពុជា​ទទួល​ផល​ស្រូវ​ប្រាំង​ឆ្នាំ​នេះ​ ​​បាន​ប្រមាណ​២​លាន​តោន

កម្ពុជា​ទទួល​ផល​ស្រូវ​ប្រាំង​ឆ្នាំ​នេះ​ ​​បាន​ប្រមាណ​២​លាន​តោន



ភ្នំពេញ ​៖​ បរិមាណ​ផល​ស្រូវប្រាំង​ឆ្នាំ​នេះ ទទួល​បាន​ប្រមាណ​២​លាន​តោន គិត​មក​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ ខណៈ​ខេត្ត​មួយ​ចំនួន​មិនទាន់​បាន​បញ្ចប់​ការ​ប្រមូល​ផល​នៅឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

យោង​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទៃដី​ស្រូវប្រាំង​ឆ្នាំ​នេះ អនុវត្តន៍​បាន​ចំនួន​ជិត​៤​សែន ៩​ម៉ឺន​ហិកតា តិច​ជាង​ឆ្នាំមុន​ ជិត​១៥០០​ហិកតា ហើយ​ការប្រមូល​ផល រហូតដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ បាន​ចំនួន​ជាង​៤​សែន ៥​ម៉ឺន​ហិកតា ដោយ​ទទួលបាន​បរិមាណ​ជាង​២​លាន​តោន កើន​លើស​ឆ្នាំមុន ជាង​៣​ម៉ឺន​តោន​។ ចំណែក​ទិន្នផល​ស្រូវ​ឆ្នាំនេះ ទទួល​បាន​៤,៤១០​តោន ក្នុង​មួយ​ហិកតា តិចជាង​ឆ្នាំមុន ដែល​​ទិន្នផល​ទទួលបាន​ចំនួន​៤,៤៥៦​តោន ក្នុង​មួយ​ហិកតា​។​

តាម​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ថា មកដល់ពេលនេះ ខេត្ត​ចំនួន​១៤ បាន​បញ្ចប់​ការ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ហើយ ក្នុង​នោះ​មាន​ខេត្ត​បន្ទាយមានជ័យ ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កំពត ព្រះវិហារ សៀមរាប ស្ទឹងត្រែង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ កែប និង​ប៉ៃលិន៕