សិស្ស​ជាង​១.២០០​នាក់​ ចូលរួម​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ប្រចាំ​ឆ្នាំ​២០១៦

សិស្ស​ជាង​១.២០០​នាក់​ ចូលរួម​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ប្រចាំ​ឆ្នាំ​២០១៦



កំពង់ចាម ​៖​ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ប្រចាំ​ឆ្នាំ​២០១៦ ​ដោយមាន​សិស្សានុសិស្ស​ជាង​១.២០០ មកពី​សាលាបឋមសិក្សា​ចំនួន​៨​ចូលរួម​ប្រលង​សិស្សានុសិស្ស​មកពី​៨​សាលា ​ក្នុង​នោះ​មកពី​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល និង​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​មាន​ដូចជា សាលាបឋមសិក្សា​ជ័យ​មង្គល តា​គាត់​មង្គល រកា ហ៊ុន សែន ​ជ​ន្លឹ​ង ស្លែង ខ្យោ​ង ហ៊ុន សែន​ ជី​បាល និង​ព្រៃ​ត្បេះ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល មាន​ប្រសាសន៍​ថា តាមរយៈ​ការ​ចុះ​ទស្សនកិច្ច​របស់​យើង​ជា​ច្រើនដង​នៅ​តាម​បណ្ដា​ខេត្ត យើង​បាន​កត់​សម្គាល់​ឃើញ​ថា កុមារ​នៅក្នុង​តំបន់​ទាំងនេះ​ត្រូវការ​ការផ្តល់​ឱកាស​រៀន​ភាសា​អង់គ្លេស និង​បង្កើន​ស្តង់ដារ​ភាសា​អង់គ្លេស។ ក្នុង​ការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទាំងនេះ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ក៏បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ​ឡើង​។ ជាក់ស្ដែង​ មាន​សិស្សា​នុ​សិស្ស​ជាង​១.២០០​នាក់​ មកពី​សាលាបឋមសិក្សា​ចំនួន​៨​នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ។

លោក​បាន​បន្ត​ថា​ «យើង​ជឿ​ថា កម្មវិធី​នេះ​នឹង​ជួយ​ពង្រឹង​វាក្យសព្ទ​របស់​ពួកគេ និង​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រៀន​ភាសា​អង់គ្លេស ហើយ​យើង​នឹង​ផ្តល់​ប្រាក់​រង្វាន់ ដល់​ជយលាភី។ យើង​ក៏​មាន​ផែនការ​ដើម្បី​ពង្រីក​កម្មវិធី​របស់​យើង​ទៅ​ខេត្ត​ផ្សេងទៀត​ផង​ដែរ​»។​

លោក ង៉ុ​យ រ៉េ​ន នាយក​សាលាបឋមសិក្សា​រកាបាន​មានប្រសាសន៍ថា «​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​អាច​ពង្រឹង​ភាសា​អង់គ្លេស​របស់​ពួកគេ​។ គ្មាន​ក្រុមហ៊ុន ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ណា​បាន​បង្កើត​កម្មវិធី​នេះ​សម្រាប់​កុមារ​ពី​មុនមក​ទេ​។ ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះ​ដើម្បី​លើកទឹកចិត្ត​សិស្សា​នុ​សិស្ស​ឲ្យ​ខិត​ខំ​រៀន​ជាង​មុន​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​ពួកគេ​។ ដូច្នេះ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​នេះ គឺជា​កម្មវិធី​ដ៏​ល្អ​ប្រសើរ​មួយ ហើយ​វា​នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​យូរអង្វែង​សម្រាប់​កុមារ​កម្ពុជា​នា​ពេល​អនាគត​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ណាហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សហគមន៍​»។

លោក តុ​ប ទុំ នាយក​សាលាបឋមសិក្សា​ជ័យ​មង្គល​បាន​មានប្រសាសន៍ថា «​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ដែល​បាន​រៀបចំ​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស មាន​សារសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​ដើម្បី​ជួយ​ពង្រឹង​ភាសា​អង់គ្លេស​របស់​ពួកគេ​។ លើស​ពីលើ​នេះ​ទៀត​នោះ ភាសា​អង់គ្លេស​មាន​សារសំខាន់​ណាស់​សម្រាប់​ទាំង​ការងារ និង​ការអប់រំ​។ ជាមួយ​កម្មវិធី​នេះ កុមារ​ទទួលបាន​ឱកាស​រៀន​ភាសា​អង់គ្លេស​មុនពេល​យើង​ចាប់ផ្ដើម​បង្រៀន​ភាសា​អង់គ្លេស​ដល់​ពួកគេ​។ ខ្ញុំ​មិនដឹងថា​គួរតែ​ថ្លែងអំណរគុណ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​យ៉ាងណា​នោះទេ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ដើម្បី​សិស្សានុសិស្ស​របស់​យើង​»។

លោក សន្តិភាព ​កុមារ នាយក​សាលាបឋមសិក្សា​ខ្យោ​ង បាន​មានប្រសាសន៍ថា «​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​ឃើញ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​មក​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​សម្រាប់​សិស្សា​-​នុ​សិស្ស​របស់​យើង។ នេះ​គឺជា​កម្មវិធី​ដំបូង​ក្នុង​តំបន់​របស់​យើង ហើយ​ខ្ញុំ​គិត​ថា​វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​កុមារ​។ កម្មវិធី​នេះ នឹង​លើកទឹកចិត្ត​កុមារ​ឲ្យ​ខិតខំ​រៀន​ជាង​មុន​នា​ពេល​អនាគត។ ចំណេះដឹង​ភាសា​អង់គ្លេស មាន​សារសំខាន់​ណាស់​ទាំង​ក្នុង​ជីវិត​ការងារ និង​ការរស់នៅ។ ខ្ញុំ​សង្ឃឹម​ថា កុមារ​ទាំងអស់​ នឹង​ចាប់​យក​ឱកាស​នេះ​ដើម្បី​រៀន​ភាសា​អង់​គ្លេស​ទាន់​ខ្លួន​នៅ​ក្មេង។ តាងនាម​ឲ្យ​កុមារ​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការរៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស និង​ការ​ចែករំលែក​ជាមួយ​សហគមន៍​នូវ​ចំណេះដឹង​ថ្មីៗ​បែបនេះ​»។

រឺ​ម យូ​រ៉េត ជា​អ្នកចូលរួម​ម្នាក់​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស និង​ជា​សិស្ស​ថ្នាក់​ទី​៦ នៃ​សាលាបឋមសិក្សា​រកា បាន​និយាយ​ថា «​ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ដែល​បាន​រៀបចំ​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​។ កម្មវិធី​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ពួក​យើង​ ដើម្បី​ពង្រឹង​ភាសា​អង់គ្លេស​របស់​យើង ជា​ពិសេស​វា​ជួយ​ពង្រឹង​ពាក្យ​របស់​យើង​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួតប្រជែង​នេះ​។ ខ្ញុំ​នឹង​ខិតខំ​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស ហើយ​ខ្ញុំ​សង្ឃឹមថា​ណាហ្គា​វើ​ល​បេះដូង​សប្បុរស នឹង​បន្ត​កម្មវិធី​នេះ​សម្រាប់​ពួកយើង​ទៀត​នាពេល​អនាគត​។ ខ្ញុំ​សូម​អរគុណ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការផ្តល់​ឱកាស​នេះ​ដល់​ពួក​យើង និង​ការ​លើកទឹកចិត្ត​ពួកយើង​ឲ្យ​ខិតខំ​រៀន​ភាសា​អង់គ្លេស​ជាង​មុន​សម្រាប់​អនាគត​ល្អ​ប្រសើរ និង​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​»៕​

សិស្ស​ជាង​១.២០០​នាក់​ ចូលរួម​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ប្រចាំ​ឆ្នាំ​២០១៦