ស៊ូ ដា​ណេ​ ចេញទៅ​ច្រៀង​រាំ​រកប្រាក់​នៅ​ប្រទេស​អូស្ត្រាលី

ស៊ូ ដា​ណេ​ ចេញទៅ​ច្រៀង​រាំ​រកប្រាក់​នៅ​ប្រទេស​អូស្ត្រាលី



ភ្នំពេញ ៖ តារា​ចម្រៀង​កញ្ញា​ស៊ូ ដា​ណេ​និយាយថា នាង​និង​តារាចម្រៀង​៣​រូប​ទៀត​មាន​កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា ផន ស្រី​ខួច និង​លោក កុល សុ​ភោ​បាន​ចេញទៅ​ច្រៀង​រាំ​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ប្រមាណ​៥​សប្តាហ៍​ដើម្បី​តប​តាម​ការចង់បាន​របស់​សមាគម​មួយ​ដែលជា​អ្នករៀបចំ​កម្មវិធី ហើយ​មាន​ទីក្រុង​សំខាន់ៗ​មួយចំនួន​ដែល​សម្បូរ​ដោយ​ប្រជាជន​ខ្មែរ​រស់នៅ នឹង​ត្រូវបាន​ពួកនាង​ចូលរួម​ច្រៀង​រាំ​មានដូចជា​ទីក្រុង​ស៊ីដនី​អាល​ដឺ​ឡេ​ត​មេ​ល​ប៊​ន​ជាដើម​។

ស៊ូ ដា​ណេ​បញ្ជាក់ថា នាង​និង​សិល្បករ​ទាំងអស់ សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ជាពិសេស​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​ដើម្បី​បង្ក​បរិយាកាស​បងប្អូន​ខ្មែរ​យើ​យ​រាំលេង​កម្សាន្ត​សប្បាយ​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ​នៅលើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី​។ នាង​បញ្ជាក់ទៀតថា ក្រៅពីនេះ​នាង​ក៏​នឹង​បង្ហាញ​ទស្សនីយភាព​របាំ​ក្បាច់បុរាណ របាំ​ព្រះរាជ​ទ្រព្យ និង​របាំ​ប្រជាប្រិយ​ខ្មែរ​មួយចំនួន​តប​តាម​ការ​ចង់បាន​របស់​អ្នក​រៀបចំ​កម្មវិធី​ខាងលើ​ផងដែរ​។

តារា​ចម្រៀង​និង​របាំ​ប្រជាប្រិយ​រូបនេះ​បញ្ជាក់​ដោយ​ក្តី​រំពឹងថា ការចេញដំណើរ​ទៅ​សម្តែង​របស់​នាង​លើក​នេះ​នឹង​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​ខ្មែរ​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​អូស្ត្រាលី​ជាក់​ជាមិនខាន​។ ដោយឡែក​ទាក់ទង​នឹង​រឿង​ផ្ទាល់ខ្លួន​វិញ ជាពិសេស​រឿងរ៉ាវ​មនោសញ្ចេតនា​ស្នេហា​នោះ​គឺ​នាង​សុំ​មិន​ធ្វើការ​បកស្រាយ​ប្រាប់​«​កម្ពុ​ជាថ្មី​»​ឲ្យ​ដឹង​នោះឡើយ​៕