គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៤​មីនា​ កើតឡើង​៨​លើក​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៤​មីនា​ កើតឡើង​៨​លើក​



ភ្នំពេញ​ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន៨​លើក ក្នុងនោះ​យប់៦​លើក បណ្តាលឲ្យមនុស្ស​ស្លាប់៣​នាក់ (ប្រុស) រង​របួស​ធ្ងន់៤​នាក់ (ស្រី១​នាក់) និង​របួសស្រាល៦​នាក់ (ស្រី២​នាក់)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​២​លើក ,​ស្រវឹង​១​លើក ,មិន​គោរព​សិទ្ធិ​២​លើក​, បត់​គ្រោះថ្នាក់​២​លើក និង​កត្តា​យានយន្ត​១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់ (ថ្ងៃ)។
គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៦​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​២​លើក។ យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​៦​លើក រថយន្ត​ធុន​តូច​១​លើក និង​រថយន្ត​ធុន​ធំ​១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត/រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​ព្រះ​សីហនុ​២​លើក ស្លាប់​១​នាក់ ស្លាប់​១​នាក់ របួស​២​នាក់ ខេត្ត​កំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​កំពត​២​លើក របួស​៤​នាក់ (​ស្រី​១​នាក់​)។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មានចំនួន​៦.៧៩៩​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​៣.០០២​គ្រឿង និង​ពិន័យ​សរុប​៣.៧៩៧​គ្រឿង៕