រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ប្រាក់​រង្វាន់​បន្ថែម​ដល់​ជ័យ​លាភី ជើងឯក​អាស៊ី ប៊ូល​និង​ប៉េតង់​លើក​ទី​១៩

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ប្រាក់​រង្វាន់​បន្ថែម​ដល់​ជ័យ​លាភី ជើងឯក​អាស៊ី ប៊ូល​និង​ប៉េតង់​លើក​ទី​១៩



ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ប្រាក់​រង្វាន់​បន្ថែ​ម​ចំនួន​២២៦ ៦០០ ០០០​រៀល (​ពីរ​រយ​ម្ភៃ​ប្រាំមួយ​លាន ប្រាំមួយ​សែន​រៀល​)​ដល់​ជ័យលាភី កីឡាករ កីឡាការិនី និង​គ្រូបង្វឹក ជើងឯក​អាស៊ី ប៊ូល​និង​ប៉េតង់​លើក​ទី​១៩​ចំនួន​៣០​នាក់ បន្ថែម​លើទឹក​ប្រាក់​ចំនួន ៣៣៦ ៤០០ ០០០​រៀល (​បី​រយ​សាមសិប​ប្រាំមួយ​លាន បួន​សែន​រៀល​) ដែល​បាន​ប្រគល់​ជូន​ម្ដង​រួចហើយ​កាលពី​ខែមករា ឆ្នាំ​២០១៦។

ពិធី​ប្រគល់​និង​ទទួល​ថវិកា​ខាងលើនេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃទី​២៥ ​ខែមីនា ​ឆ្នាំ​២០១៦​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​សុខ អាន បាន​មានប្រសាសន៍​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា កោតសរសើរ​ដោយស្មោះ និង​អំណរ​សាទរ​យ៉ាង​កក់ក្តៅ ដល់​ជ័យលាភី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ប្តេជ្ញាចិត្ត​ខ្ពស់ រហូត​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ជូន​ជាតិ​មាតុភូមិ និង​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​គ្រូបង្វឹក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ធ្វើឱ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ បាន​បន្តថា​ការជួប​ជុំគ្នា​ថ្ងៃនេះ គឺជា​សក្ខីភាព​ថ្មី​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​នូវ​ការលើកទឹកចិត្ត និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​វិស័យ​កីឡា ជាពិសេស​ក្មួយៗ​កីឡាករ កីឡាការិនី ព្រមទាំង​គ្រូបង្វឹក​ទាំងអស់​។ ការផ្តល់ប្រាក់​បន្ថែម​នេះ គឺជា​ការលើកទឹកចិត្ត​បន្ថែមទៀត​ដល់​កីឡាករ កីឡាការិនី ដែល​បាន​ខិតខំ​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ និង​ដើម្បី​ជំរុញ​ឱ្យ​កីឡាករ​កីឡាការិនី​នីមួយៗ​បន្ត​ខិតខំ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ លើសពី​ការផ្ដល់ប្រាក់​រង្វាន់​របស់​រាជ​រដ្ឋាភិបាល​ដល់​ជ័យលាភី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ផ្តល់​ថវិកា​ផ្ទាល់​របស់​សម្ដេច ជូន​ដល់​គ្រប់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក មុនពេល​អញ្ជើញ​ចេញទៅ​ប្រកួត និង​ផ្តល់​ប្រាក់រង្វាន់​ដល់​ជ័យលាភី​។

ទន្ទឹម​នឹងនេះ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ក៏បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​កីឡា​នាំមក​នូវ​សុខភាព​ល្អ ភាពសប្បាយ​រីករាយ សាមគ្គីភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការ​រវាង​គ្នា​និង​គ្នា ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ ប៉ុន្តែ​លើសពីនេះ កីឡា​ក៏មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​លើកកម្ពស់​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ ហើយ​កីឡាករ កីឡាការិនី ប្រៀប​បាន​ដូចជា​អ្នកការទូត ដែល​បំពេញការងារ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។ វិស័យ​អប់រំ​កាយ​និង​កីឡា ក្លាយ​ជា​សមាសភាគ​ដ៏​សំខាន់​មួយ​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​អប់រំ សំដៅ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ប្រកបដោយ​គុណភាព​ខ្ពស់ ទាំង​ផ្នែក​បញ្ញា​ស្មារតី និង​កាយសម្បទា​ដែល​ប្រការនេះ​ក៏​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ផលិតភាព ដែលជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព។

ផ្តើមចេញពី​កិច្ចខិតខំ​រួមគ្នា បច្ចុប្បន្ននេះ វិស័យ​កីឡា​ជាតិ​គ្រប់​ប្រភេទ​មាន​ការវិវត្ត​រីកចម្រើន​គួរ​ជាទី​មោទនៈ និង​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ពី​មហាជន ជាពិសេស​ក្មួយៗ​យុវជន​។

ដោយឡែក កីឡា​ប៉េតង់​កម្ពុជា​ក៏បាន​អភិវឌ្ឍ​ឈាន​ឡើងជា​លំដាប់ ដោយ​តែងតែ​បានទទួល​មេដាយ​ពី​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ប៉េតង់​ក្លាយជា​ប្រភេទ​កីឡា​មួយ ដែលមាន​សក្តានុពល​ខ្ពស់​និង​ផ្តល់​ក្តី​ស​ង្ឃឹ សម្រាប់​កម្ពុជា​យើង​។ ជាក់ស្តែង នាពេល​កន្លងមក ទាំង​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ទ្វីបអាស៊ី ឬ​កម្រិត​ពិភពលោក កម្ពុជា​យើង​តែងតែ​ឈរ​ក្នុង​លំដាប់​នាំមុខគេ​ជានិច្ច ហើយ​បើ​និយាយ​ពី​កីឡា​ប៉េតង់ ទាំងអស់គ្នា​ពិតជា​មិនអាច​ភ្លេចឈ្មោះ​កីឡាការិនី​ប៉េតង់​ដ៏​ឆ្នើម​របស់​កម្ពុជា គឺ វីរ​កីឡាការិនី លោកស្រី កែ ឡេង ដែល​ដណ្តើមបាន​មេដាយមាស​ចំនួន​ពីរលើក​ផ្ទួនៗ​គ្នា ធ្វើឱ្យ​ពិភពលោក​កោតសរសើរ​កម្ពុជា​យើង​កាន់តែខ្លាំង​ឡើងៗ រហូតដល់​ប្រទេស​ខ្លះ​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​មហាអំណាច​ផ្នែក​កីឡា​ប៉េតង់ ថែម​ទៀតផង​៕
រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ប្រាក់​រង្វាន់​បន្ថែម​ដល់​ជ័យ​លាភី ជើងឯក​អាស៊ី ប៊ូល​និង​ប៉េតង់​លើក​ទី​១៩

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ប្រាក់​រង្វាន់​បន្ថែម​ដល់​ជ័យ​លាភី ជើងឯក​អាស៊ី ប៊ូល​និង​ប៉េតង់​លើក​ទី​១៩

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ប្រាក់​រង្វាន់​បន្ថែម​ដល់​ជ័យ​លាភី ជើងឯក​អាស៊ី ប៊ូល​និង​ប៉េតង់​លើក​ទី​១៩