៣​ខែ​ឆ្នាំ​នេះ ​រដ្ឋ​ទទួល​ចំណូល​ជាង​៤​ពាន់​លាន​រៀល​ពី​ការ​ផាក​យានយន្ត

៣​ខែ​ឆ្នាំ​នេះ ​រដ្ឋ​ទទួល​ចំណូល​ជាង​៤​ពាន់​លាន​រៀល​ពី​ការ​ផាក​យានយន្ត



ភ្នំពេញ​ ៖ ​យោង​តាម​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំ​ត្រី​មាស​ទី​១ ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​មួយ​ត្រីមាស ឆ្នាំនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ផាក​ពិន័យ​យានយន្ត​ចំនួន ៣១៨៩៩៨​គ្រឿង​ ដោយ​ទទួលបាន​ទឹកប្រាក់​ពី​ការ​ផាក​យានយន្ត​ប្រមាណ​ជាង ៤​ពាន់​លាន​រៀល។

តួលេខ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​មួយ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី​២៤ ខែ​​មីនា។

បើ​យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ដែល​បាន​បង្ហាញ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក​ ហ៊ឹម យ៉ាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៤ ខែ​​មីនា ​បាន​ឲ្យ​ថា ​ក្នុងចំណោម​យានយន្ត ដែល​បាន​ផាក​ពិន័យ​ចំនួន ៣១៨​ពាន់​ ៩៩៨​មាន​រថយន្ត ៩៥​​ ​៧៣៩​គ្រឿង និង​ម៉ូតូ​ចំនួន ២២៣២៥៩​គ្រឿង។ ក្រៅពី​ការ​ផាកពិន័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏បាន​ធ្វើការ​អប់រំ​ម្ចាស់​យានយន្ត​ជាង ៣៧​ម៉ឺន​នាក់ បាន​រក​ឃើញ​យានយន្ត​ល្មើស​ប្រមាណ​ជាង ៦៩​ម៉ឺន​គ្រឿង និង​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ជាង ២​លាន​៨​សែន​គ្រឿង។ ក្នុង​នោះ​ ក៏​មាន​ការ​ឃាត់​ទុក​យានយន្ត ​គ្មាន​ស្លាក​លេខ​ចំនួន​៨០០​គ្រឿង នៅ​តាម​ខេត្ត​ចំនួន​១៤​ជាប់​ព្រំដែន​វៀតណាម និង​ថៃ។

ជាមួយ​នេះ​ដែរ ​នគរបាល​ បាន​ឃាត់ខ្លួន និង​បញ្ជូន​សំណុំរឿង​ជនល្មើស​ជាតិ​ស្រវឹង និង​ល្មើស​ល្បឿន ទៅកាន់​តុលាការ បាន​ចំនួន ៣០៨​នាក់​ ហើយ​អ្នក​ដែល​ល្មើស​ទាំងនោះ ៨០​ភាគរយ គឺ​នៅ​ទីក្រុង​ភ្នំពេញ​។

ដោយឡែក ក្នុង​រយៈពេល ១​ត្រីមាស​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មាន ៤៥១​នាក់ ដោយ​ថយ​ចុះ​តែ ១​នាក់​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៥ ដែល​មាន ៤៥២​នាក់។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទទួល​ស្គាល់​ថា​ គ្រោះថ្នាក់​ដុំ និង​កំណើន​យានយន្ត គឺជា​កត្តា​លំបាក ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​កាត់បន្ថយ​អត្រា​ស្លាប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន។

លោក​ឧត្ដមសេនីយ៍ឯក​ហ៊ឹម យ៉ាន បាន​ពន្យល់​ថា កត្តា​នេះ ដោយសារ​កាលពី​ថ្ងៃ​ទី​៨ ​ខែ​កុម្ភៈ មាន​គ្រោះថ្នាក់​ដុំ ជា​គ្រោះថ្នាក់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាងគេ។

លោក​បាន​បន្តថា​ នៅ​កម្ពុជា មាន​គ្រោះថ្នាក់​ចរាចរណ៍ ២​ប្រភេទ គឺ​គ្រោះថ្នាក់​ដុំ និង​គ្រោះថ្នាក់​រាយ​។ គ្រោះថ្នាក់​ដុំ គឺ​កើត​ឡើងលើ​រថយន្ត​ដឹក​កម្មករ រថយន្តក្រុង ឬ​រថយន្ត​ដឹកទំនិញ​ជាដើម​។ ចំណែក​គ្រោះថ្នាក់​រាយ គឺ​គ្រោះថ្នាក់​ម៉ូតូ។

ក្នុង​អំឡុង​ពេល​១១​សប្ដាហ៍​នេះ ​ថ្ងៃ​ទី​១០ ខែ​​មីនា ជា​ថ្ងៃ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ​ ហើយ​ក្រសួងមហាផ្ទៃ គ្រោង​ស្នើ​យក​ថ្ងៃទី ១០​មីនា ជា​ទិវា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​ជាតិ នាពេលខាងមុខ​ទៀតផង៕