អ្នករាយការណ៍ អ​.​ស​.​ប ចង់​ឃើញ​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា​ប្រកបដោយ​អព្យាក្រឹត្យ

អ្នករាយការណ៍ អ​.​ស​.​ប ចង់​ឃើញ​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា​ប្រកបដោយ​អព្យាក្រឹត្យ



ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នក​រាយ​ការ​ណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ដឹកនាំ​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ហើយ​ជំនួប​នោះ​បាន​ធ្វើឡើង​នៅ​ទីស្តីការ គ​.​ជ​.​ប ក្រសួងមហាផ្ទៃ។

បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា​លោក ហង្ស ពុទ្ធា សមាសជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ដែរ​លោក Rhona Smith អ្នក​រាយ​ការ​ណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​លើក​ឡើង​បញ្ហា​មួយ​ចំនួន​រួមមាន ស្នើ​ឲ្យ​គ​.​ជ​.​ប ជួយ​ជំរុញ​ដល់​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​សម្រាប់ ប្រើប្រាស់​ចុះឈ្មោះ​បោះឆ្នោត​, ជំរុញ​ឲ្យ​គ​.​ជ​.​ប ជួយ​ចុះឈ្មោះ​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ និង​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​សម្រាប់​ការចូលរួម​បោះឆ្នោត , សុំ​ឲ្យ​គ​.​ជ​.​ប ផ្តល់​ឱកាស​ដល់​ជនជាតិ​ដើម​ភាគតិច​ដែល​មិន​ចេះ​អក្សរ និង​មិន​ចេះ​ភាសា​ខ្មែរ​មានលទ្ធភាព​បាន​ចុះឈ្មោះ​បោះឆ្នោត ហើយ​លោកស្រី​ នឹង​បន្ត​ជួបពិភាក្សា​ជាមួយ​ គ.ជ.ប ​នៅ​ពេល​ដែល​លោកស្រី​មក​កម្ពុជា ដើម្បី​ស្វែងយល់​ពី​នីតិវិធី​បោះឆ្នោត​នៅ​កម្ពុជា​។

ជាមួយគ្នា​នោះ លោកស្រី​រ៉ូ ណា​ស្មី​ត មានប្រសាសន៍ថា លោកស្រី​ចង់​ឃើញ​ស្ថាប័ន គ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត​ដោយ​ឯករាជ្យ​អ​ព្យា​ក្រឹ​ត្យ សេរី​យុត្តិធម៌ នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា លោកស្រី​រ៉ូ​ ណា​ស្មី​ត ​អ្នក​រាយ​ការ​ណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អង្គការសហប្រជាជាតិ បាន​មក​ពិនិត្យ​របាយ​ការ​ណ៍​ប្រចាំ​ឆ្នាំ​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ដើម្បី​សរុប​របាយ​ការ​ណ៍​ស្តី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់ លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សម្តែង​មតិ ​និង​ដំណើរ​បោះឆ្នោត​នៅ​កម្ពុជា ដើម្បី​ក្នុង​របាយ​ការ​ណ៍ បញ្ជូន​ទៅ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ស្តី​ពី​សិទ្ធិ មនុស្ស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ដើម្បី​ពិនិត្យ​វាយតម្លៃ​ការ​គោរព​សិទ្ធិមនុស្ស​លើ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ។

នៅ​ក្នុង​ការ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​នេះ លោកស្រី​ រ៉ូ ​ណា​ស្មី​ត ​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្ថាប័ន​រដ្ឋសភា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ គណបក្សប្រឆាំង និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា និង​បាន​ចុះ​ទៅ​ពិនិត្យ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ​៕

អ្នករាយការណ៍ អ​.​ស​.​ប ចង់​ឃើញ​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា​ប្រកបដោយ​អព្យាក្រឹត្យ អ្នករាយការណ៍ អ​.​ស​.​ប ចង់​ឃើញ​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា​ប្រកបដោយ​អព្យាក្រឹត្យ