របាយការណ៍និយាយថា រដ្ឋាភិបាល​​​មិន​​​ដឹងថា​​​មាន​​​មណ្ឌល​​​កុមារកំព្រា​​​១២៨ទេ

របាយការណ៍​​​ដែល​​​ចេញ​​​នៅថ្ងៃព្រហស្បតិ៍​​​និយាយថា រដ្ឋាភិបាល​​​មិន​​​ដឹងថា មាន​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ប្រហែល​​​ពាក់កណ្តាល​​​នៃ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ទាំង​​​អស់​​​ដែល​​​មាន​​​ដំណើរ​​​ការ​​​នៅក្នុង​​​ខេត្ត​​​បួន​​​ និង​​​ក្រុងភ្នំពេញ​​​ មុននឹង​​​មានការ​​​សិក្សា​​​កាលពី​​​ឆ្នាំមុន​​​​​​ទេ​​​។

របាយការណ៍ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​ក្រសួង​​​សង្គម​​​កិច្ច​​​សហការជាមួយ​​​អង្គការ​​​យូនីសេហ្វ​​​ បង្ហាញ​​​​​​ផែនទី​​​ទីតាំង​​​ថែរក្សា​​​កុមារ​​​នៅក្នុងក្រុងភ្នំពេញ ខេត្ត​​​សៀមរាប​​​ បាត់ដំបង​​​ កណ្តាល និង​​​ព្រះសីហនុ​​​។ ទីតាំង​​​ទាំង​​​នោះ​​​រួមមាន​​​មណ្ឌល​​​ថែទាំ​​​២៦៧​​​កន្លែង ក៏ដូចជាអគារ​​​ក្រៅផ្លូវការ​​​១៣៤កន្លែង​​​ ដែលរួមមាន​​​ផ្ទះ​​​ជាក្រុមៗ​​​ សាលា​​​អាហារូបករណ៍​​​ វត្តអារាម ផ្ទះស្នាក់នៅ​​​បណ្តោះអាសន្ន​​​ និង​​​ប្រភេទនៃ​​​កន្លែងស្នាក់​​​អាស្រ័យ​​​ពេល​​​មាន​​​អាសន្ន​​​។

មាន​​​ក្មេងៗចំនួន​​​សរុប​​​២៦.១៥៩នាក់​​​ត្រូវគេរក​​​ឃើញ​​​ថា កំពុង​​​រស់នៅក្នុង​​​អ​​​គារ​​​៤០១​​​កន្លែង​​​ ដោយមាន​​​ក្មេង​​​ចំនួន​​​១៨.៤៥១នាក់​​​មាន​​​អាយុ​​​ក្រោម​​​១៨​​​ឆ្នាំ។ របាយការណ៍​​​និយាយថា ដោយសារ​​​តែ​​​មាន​​​មណ្ឌល​​​ថែទាំ​​​យ៉ាងច្រើន​​​បាន​​​ដំណើរការ​​​ដោយ​​​រដ្ឋាភិបាល​​​មិន​​​បាន​​​ដឹង​​​ នោះ​​​មិនមាន​​​ការ​​​ត្រួតពិនិត្យ​​​ដើម្បី​​​ធានា​​​នូវ​​​គុណភាព​​​នៃការ​​​ថែទាំ​​​ទេ។

04/04/2013 - AOEO orphanage, a few km outside Siem Reap, whose director, Morn Savuth, has been involved last March in a case of sexual abuse towards two minors. @ Thomas Cristofoletti 2013

04/04/2013 – AOEO orphanage, a few km outside Siem Reap, whose director, Morn Savuth, has been involved last March in a case of sexual abuse towards two minors. @ Thomas Cristofoletti 2013

របាយការណ៍និយាយថា “មាន​​​ស្ថាប័ន​​​ថែទាំ​​​ស្នាក់អាស្រ័យ​​​១៣៩កន្លែង​​​នៅក្នុង​​​ខេត្ត​​​ចំនួន​​​ប្រាំ​​​ដែល​​​ក្រសួង​​​បាន​​​ដឹង​​​ ហើយ​​​ត្រូវបាន​​​ត្រួត​​​ពិនិត្យ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ ចំណែក​​​ឯ​​​ការ​​​គូស​​​ផែនទី​​​បង្ហាញ​​​ថា មាន​​​ស្ថាប័នថែទាំ​​​សម្រាប់​​​ស្នាក់​​​អាស្រ័យ​​​ចំនួន​​​២៦៧​​​កន្លែង​​​ ពោលគឺ​​​កើនឡើង​​​៩២​​​ភាគរយ”។

របាយការណ៍​​​និយាយបន្ត​​​ថា “រឿងនេះ​​​គឺ​​​ដោយសារ​​​តែ​​​ហេតុការណ៍​​​ថា មាន​​​ស្ថានប័ន​​​ថែទាំ​​​សម្រាប់ស្នាក់​​​នៅ​​​ដោយមាន​​​អនុស្ស​​​រណៈ​​​នៃ​​​ការយោគយល់​​​ជាមួយក្រសួង​​​ត្រូវ​​​បាន​​​ត្រួត​​​ពិនិត្យ”។

លោក វង់ សូត​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​សង្គមកិច្ច​​​ត្រូវ​​​បាន​​​ដកស្រង់​​​សម្តី​​​នៅក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​ដែល​​​អមរបាយការណ៍​​​​​​ដោយ​​​មាន​​​ប្រសាសន៍ថា “ការរក​​​ឃើញ​​​បញ្ជាក់​​​នូវ​​​កង្វល់​​​យូរ​​​មក​​​ហើយ​​​​​​​​​របស់​​​​​​យើង​​​ទៅលើ​​​កំណើន​​​មិនអាច​​​គ្រប់គ្រង​​​បាន​​​នៃ​​​ស្ថានប័ន​​​ថែទាំ​​​សម្រាប់​​​ស្នាក់នៅ​​​នៅ​​​ទូទាំង​​​ប្រទេស ដោយ​​​បណ្តាល​​​ឲ្យ​​​គ្រោះថ្នាក់ដល់​​​សុខុមាលភាព​​​និង​​​សុវត្ថិភាព​​​របស់កុមារ​​​ដែល​​​រស់នៅ​​​ក្នុង​​​ស្ថាប័ន​​​ដែល​​​មិនមាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​ទាំង​​​នេះ​​​”។

ក្រសួង​​​សង្គមកិច្ច​​​កាលពី​​​ឆ្នាំមុន​​​បាន​​​តម្រូវ​​​ឲ្យ​​​ស្ថានប័ន​​​ថែទាំ​​​កុមារ​​​ទាំងអស់​​​ចុះ​​​បញ្ជី​​​ជាមួយ​​​រដ្ឋាភិបាល​​​ ហើយ​​​ត្រូវ​​​ប្រកាន់​​​ខ្ជាប់នូវ​​​ស្តង់ដា​​​​​​ បើ​​​ពុំនោះ​​​ទេ​​​ប្រឈមមុន​​​នឹង​​​ការ​​​បិទទ្វារ។

វិធានការ​​​នេះ​​​បាន​​​ធ្វើឡើង​​​ក្រោយពី​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ជាច្រើន​​​ឆ្នាំ​​​ដោយអង្គការ​​​យូនីសេហ្វ​​​ ដើម្បី​​​យក​​​កុមារ​​​ចេញ​​​ពី​​​មណ្ឌល ហើយ​​​បញ្ចូល​​​ទៅ​​​ក្នុង​​​គ្រួសារ​​​​​​របស់គេ​​​ ឬ​​​ទៅក្នុង​​​ការ​​​ថែទាំ​​​តាម​​​សហគមន៍។

យោងតាម​​​អនុក្រឹត​​​ដែល​​​ផ្តល់​​​សច្ចានុម័ត​​​កាលពី​​​ខែកញ្ញា​​​ឲ្យដឹងថា មណ្ឌល​​​ដែល​​​មិន​​​ចុះ​​​ឈ្មោះ​​​ជាមួយ​​​ក្រសួង​​​មុន​​​ថ្ងៃ​​​ទី​​​២៨ ខែកុម្ភៈ​​​ទេ នឹងត្រូវ​​​បិទទ្វារ ហើយ​​​មណ្ឌល​​​ដែល​​​ចុះ​​​បញ្ជី​​​រួច​​​ហើយ ប៉ុន្តែ មិន​​​បាន​​​បំពេញ​​​ស្តង់ដា នឹង​​​ទទួល​​​ការ​​​ព្រមាន​​​ជាលាយលក្ខ​​​អក្សរ​​​មុននឹង​​​ផ្អាក​​​ជា​​​បណ្តោះ​​​អាសន្ន​​​។

របាយការណ៍​​​និយាយថា ក្រសួង​​​មាន​​​ការ​​​ប្តេជ្ញាចិត្ត​​​ក្នុង​​​ការ​​​បញ្ចូល​​​កុមារ​​​៣០​​​ភាគរយ​​​ក្នុង​​​បណ្តា​​​កុមារ​​​ទាំង​​​អស់​​​ទៅក្នុង​​​គ្រួសារ​​​ពួកគេ​​​វិញ​​​ដែល​​​មាន​​​នៅក្នុងការ​​​សិក្សា​​​ត្រឹម​​​ឆ្នាំ​​​២០១៨​​​។

លោក ប្រូស ហ្គ្រេន នាយក​​​ផ្នែក​​​ការពារ​​​កុមារ​​​នៃអង្គការ​​​យូនីសេហ្វ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ចាត់វិធានការ​​​វិជ្ជមាន​​​ដើម្បីកាត់​​​បន្ថយ​​​ចំនួន​​​កុមារ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ការ​​​គាំពារ​​​ដោយ​​​គ្មាន​​​ហេតុផល​​​​ដែលគួរ​​​ឲ្យ​​​ជឿ​​​​​​ ប៉ុន្តែ​​​ត្រូវបង្កើន​​​​​​ការ​​​ខំ​​​ប្រឹង​​​ប្រែង ដើម្បី​​​ឈាន​​​ទៅ​​​ដល់​​​គោល​​​ដៅ​​​ដ៏​​​មហិច្ឆតា។

លោកបាននិយាយថា “រដ្ឋាភិបាល​​​គួរ​​​លៃលក​​​ធនធាន​​​បន្ថែម​​​ទៀត​​​សម្រាប់​​​សេវា​​​ជាមូលដ្ឋាន​​​ ហើយ​​​ត្រូវ​​​ជ្រើសរើស​​​បុគ្គលិក​​​សង្គម​​​កិច្ច​​​ឲ្យ​​​បាន​​​គ្រប់គ្រាន់​​​ ដើម្បី​​​សម្រេច​​​គោលដៅ​​​”។

លោក ទូច ចន្នី អ្នកនាំពាក្យ​​​ក្រសួង​​​សង្គមកិច្ច​​​ បាន​​​បង្វែរ​​​​​​សំណួរ​​​ទៅ​​​ប្រធាន​​​របស់លោក​​​គឺ​​​លោក សួង ម៉េងឡុង ដែល​​​បាន​​​ចុចបិទ​​​ទូរស័ព្ទ​​​៕

 

The post របាយការណ៍និយាយថា រដ្ឋាភិបាល​​​មិន​​​ដឹងថា​​​មាន​​​មណ្ឌល​​​កុមារកំព្រា​​​១២៨ទេ appeared first on ខេមបូឌា ដេលី.