ថ្ងៃ​ស្អែក Booysen Shane ​ចេញ​ទៅ​មើល​របួស​នៅ​ស្រុក​ អាច​ប្រើ​ពេល​ដល់​មួយ​ខែ

ខ្សែ​ប្រយុទ្ធ Booysen Shane ​របស់​ក្លឹប​ភ្នំពេញ​ក្រោន នឹង​ចាកចេញ​ពី​កម្ពុជា​ស្អែក​នេះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​របួស​ជង្គង់​នៅ​អាហ្វ្រិក​ខាង​ត្បូង​រយៈ​ពេល​មួយ​ខែ។

 

ថ្ងៃ​ស្អែក Booysen Shane ​ចេញ​ទៅ​មើល​របួស​នៅ​ស្រុក​ អាច​ប្រើ​ពេល​ដល់​មួយ​ខែ

 

Booysen ​បាន​និយាយ​កាល​ពី​ល្ងាច​មិញ​នេះ​ថា​៖ “ខ្ញុំ​នឹង​ឡើង​យន្តហោះ​នៅ​ថ្ងៃ​ស្អែក ដើម្បី​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​ស្រុក​កំណើត រយៈ​ពេល​ប្រហែល​ជា​១​ខែ។ ទៅ​ព្យាបាល​លើក​នេះ ខ្ញុំ​ប្រហែល​ជា​នឹក​អ្នក​គាំទ្រ​នៅ​កម្ពុជា​ណាស់ ព្រោះ​ពួកគេ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​ច្រើន។ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ត្រលប់​មក​វិញ​ឱ្យ​បាន​លឿន ដោយ​នាំ​មក​ជាមួយ​នូវ​ភាព​ខ្លាំង​ជាង​មុន”។

 

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ​លោក Andy Brouwer ​មន្ត្រី​ព័ត៌មាន​របស់​ក្លឹប​ភ្នំពេញ​ក្រោន​បាន​ឱ្យ​ដឹង​ទៀត​ថា​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នឹង​ទៅ​ធ្វើ​ការ​ពិនិត្យ​ម្ដង​ទៀត​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​នៅ​ទីក្រុង Cape Town ​តែ​ម្ដង ដែល​ជា​គ្រូ​ពេទ្យ​ជំនាញ​ធ្លាប់​ព្យាបាល​រូបគេ​កន្លង​មក។ ចំពោះ​រយៈ​ពេល​វិញ លោក Andy ​មិន​ទាន់​អាច​បញ្ជាក់​បាន​ដូច​សាមី​ខ្លួន​ដែល​ថា​ប្រើ​ពេល​មួយ​ខែ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ដឹង​ថា​ទាល់​តែ​ទៅ​ដល់​ហើយ​ពិនិត្យ​សិន​ទើប​អាច​ដឹង​ច្បាស់។

 

Booysen Shane រង​របួស​ជង្គង់​នេះ អំឡុង​ពេល​លេង​ទល់​នឹង​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរ​បាលជាតិ ដោយ​​រូបគេ​ចូល​លេង​បាន​តែ​១​នាទី​ក៏​ត្រូវ​ដូរ​ចេញ​ភ្លាម​តែ​ម្ដង។ ខណៈ​ដែល​របួស​ជង្គង់​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឱ្យ​ទៅ​ព្យាបាល​នៅ​ស្រុក​ក្រៅ៕

 

អត្ថបទ៖ មុន្នី រម្យ