ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ខែត្រ​ក្រចេះ​ចោទ​​មេ​​ភូមិ​ថា​រំលោភ​យក​​ដី

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខែត្រ​ក្រចេះ ចោទ​មេភូមិ​ក្បាលស្នួល ថា​រំលោភ​យក​ដីធ្លី​អាស្រ័យ​ផល​អ្នក​ភូមិ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់ពី​អ្នក​ភូមិ​រក​ឃើញ​ថា មេ​ភូមិ​រូប​នោះ​បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​គាត់។ ចំណែក​មេ​ភូមិ​ក្បាលស្នួល បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

​ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​គ្រោង ឃុំ​ស្នួល ខែត្រ​ក្រចេះ រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន មាន​ចេតនា​រំលោភ​ដី​គាត់។ អ្នក​ភូមិ​ថា អាជ្ញាធរ​ឃុំ​ស្នួល មិន​ត្រឹមតែ​មិន​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នោះ​ទេ ថែម​ទាំង​ជួយ​ជ្រោមជ្រែង​ឲ្យ​មេ​ភូមិ​ក្បាលស្នួល កាន់កាប់​ដី​នៅ​តំបន់​នោះ​ដោយ​ស្របច្បាប់​ទៀត​ផង។

​ពលរដ្ឋ​រស់​នៅ​ភូមិ​គ្រង លោកស្រី រស់ សាខុម រៀបរាប់​ថា លោកស្រី​មាន​ដី ៧,៨៥​ហិកតារ បាន​កាប់​រាន​ឆ្នាំ​២០០៥ និង​ដាំ​ដំឡូង​មី រហូត​ដល់​ដើម​ឆ្នាំ​២០១៦ មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន រំលោភ​យក​ដោយ​បាន​ជួល​កម្មករ​សំអាត​ដី និង​ព្រមាន​គ្រួសារ​លោកស្រី​មិន​ឲ្យ​តវ៉ា​ទាមទារ​ដី ព្រោះ​ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់។

លោកស្រី​ថា កូនប្រសា​មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន ជា​នគរបាល​ធ្លាប់​គំរាម​ចាប់​គ្រួសារ​លោកស្រី​ដាក់​គុក​បើ​នៅ​រឹង​ទទឹង​ទាមទារ​ដី​នោះ​ទៀត៖ «កូនប្រសា​លោក ឡុង នឿន មក​គំរាម​ខ្ញុំ គេ​បាន​ប្លង់​ជា​កម្មសិទ្ធិ​របស់​គេ។ គេ​មក គេ​មាន​កាំភ្លើង​អាការ​មួយ​ដើម ខ្នោះដៃ​មួយ​គូ។ ការ​បំពាន​វា​ទាំង​មូល អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ»

​ឆ្លើយ​តប​រៀង​នេះ មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន ចាត់​ទុក​ការ​ចោទ​របស់​អ្នក​ភូមិ​ថា ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។ លោក​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​របស់​លោក​បាន​កាប់​រាន​តាំង​ពី​ឆ្នាំ​២០០២ មុន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មក​វិនិយោគ។ ចំណែក​ពលរដ្ឋ​ចោទ​ប្រកាន់​លោក គឺ​ជា​ពលរដ្ឋ​ចំណាក​ស្រុក និង​ជា​កម្មករ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហឺរ៉ាយស៊ិន របស់​កូរ៉េ បាន​កាប់​រាន​ដី​របស់​លោក​អំឡុង​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​តំបន់​នោះ៖ «គាត់​នៅ​ក្រុមហ៊ុន​ហ្នឹង ថែរក្សា​កៅស៊ូ​ឲ្យ​គេ។ ដល់​ពេល​ចុង​ក្រោយ​គាត់​អះអាង​ថា ដី​គាត់»

ទាក់ទង​​ករណី​ខាង​លើ​នេះ​ដែរ មេ​ភូមិ​គ្រង ទើប​ឡើង​កាន់​តំណែង​ថ្មី លោក យឹង គឹមស្រីន និយាយ​ថា ដី​លោក​មេភូមិ​ក្បាលស្នួល លោក ឡុង នឿន មាន​ប្លង់​កម្មសិទ្ធិ​ដែល​ក្រុម​និស្សិត​ធ្លាប់​ចុះ​វាស់វែង និង​ធ្លាប់​បាន​បិទ​ប្រកាស​ឲ្យ​តវ៉ា​រយៈពេល ៣០​ថ្ងៃ​នៅ​សាលាឃុំ​ស្នួល ប៉ុន្តែ​ពុំ​មាន​ពលរដ្ឋ​មាន​វិវាទ​ណា​មក​តវ៉ា​នោះ​ទេ៖ «អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ពិបាក​ដោះស្រាយ។ បើ​និយាយ​ឲ្យ​ចំ ការ​ដោះស្រាយ​ទាល់តែ​តុលាការ»។

​មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ឌិន ខន្នី ដែល​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​ដឹង​ថា អំឡុង​និស្សិត​វាស់វែង​កាល​ពី​ឆ្នាំ​២០១២ រក​ឃើញ​ថា ដី​នោះ​មាន​ជម្លោះ​ហើយ​បាន​ដក​ទិន្នន័យ​ចេញ​មិន​ឲ្យ​វាស់វែង​ស្រាប់តែ​មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន មាន​ប្លង់​កម្មសិទ្ធិ​ទៅ​វិញ។ លោក​សង្ស័យ​ថា ការ​ចេញ​ប្លង់​កម្មសិទ្ធិ​អាច​មាន​ភាព​មិន​ប្រក្រតី៖ «ដី​កំពុង​មាន​វិវាទ​មិន​អាច​បុគ្គល​ណា​មួយ​ធ្វើ​ប្លង់​បាន ឬ​ក៏​មិន​អាច​ឲ្យ​មន្ត្រី​សុរិយោដី​ចេញ​ប្លង់​ឲ្យ​ដី​កំពុង​មាន​វិវាទ​បាន​ទេ។ ហ្នឹង​គឺ​ភាព​មិន​ប្រក្រតី»

​អតីត​មេ​ភូមិ​គ្រង នៃ​ឃុំ​ស្នួល ស្រុក​ស្នួល លោក ស្រវិន ឈី ធ្លាប់​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​របស់​លោកស្រី រស់ សុខុម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។